ពលរដ្ឋ​នៅ​បឹង​តាមោក​ស្នើ​ទម្លាក់​បទ​ចោទ​និង​បន្ត​ការពារ​ដីធ្លី​របស់​ពួកគេ

រូបឯកសារ៖ ប្រជាសហគមន៍សំរោងត្បូងរស់នៅជាប់បឹងតាមោក អង្គុយលើកបដា នៅទីធ្លាសួនវត្តបុទុមវត្តី ដើម្បីសុំអន្តរគមន៍ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​បឹងតាមោកដែល​កំពុង​ប្រឈម​នឹង​ការ​បណេ្តញ​ចេញ​បាន​ស្នើឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​ពួកគេ ខណៈ​ពួកគេ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​បំភ្លឺ​ពី​បទ​ «ហិង្សា​ដោយ​ចេតនា​ និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ»។

តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​កោះ​ហៅ​ប្រជាពលរដ្ឋ​បឹង​តាមោក​ ៩ ​នាក់​ ចូល​ខ្លួន​ចំពោះ​មុខ​តុលាការ ដើម្បី​ស៊ើបសួរ​ចម្លើយ​ពី​ដំណើរ​រឿង​ហិង្សា​ដោយ​ចេតនា (ចាក់​សាំង​ដុត​ស្បៃ​មុង​បណ្តាល​ឱ្យឆាប​ឆេះ​រងរបួស) និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​បឹង​តាមោក ភូមិ​សំរោង​ត្បូង​ សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។

តុលាការ​លើក​ឡើង​ថា​ ក្នុង​ករណី​ពលរដ្ឋ​ទាំង​នោះ​ មិន​ចូល​ខ្លួន​តាម​កាល​កំណត់​ទេ ចៅ​ក្រម​ស៊ើប​សួរ​អាច​ចេញ​ដីកា​បង្គាប់​ឱ្យនាំ​ខ្លួន។

ពលរដ្ឋ​ទាំង ​៩ ​នាក់នោះ ​រួមមាន​អ្នកស្រី ស៊ា ដាវី លោក អ៊ុត អាត អ្នក​ស្រី យន សម្បត្តិ អ្នកស្រី អំ ភឿន ​លោក ស៊ា សំបាត់ អ្នក​ស្រី គង់តឿ អ្នកស្រី ទឹម អ៊ុក អ្នកស្រី យ៉ុង ស្រីណុច និង​អ្នកស្រី អំ យុក។ ក្នុង​ចំណោម​ពួក​គេ​ទាំង​៩​នាក់​ មានពលរដ្ឋ​២​នាក់​នៅ​តែ​រង​ពាក្យ​បណ្តឹង​ដដែល បើ​ទោះ​បី​ពួកគេ​បាន​សម្រេច​ដោះ​ដូរ​ដី​ជា​មួយ​អាជ្ញាធរ​រួច​ក៏​ដោយ។ នេះ​បើ​តាម​ប្រជាពលរដ្ឋ។

បើ​តាម​ដីកា​កោះ​ហៅ​ចំនួន​៩​ផ្សេង​គ្នា​ដែល​វីអូអេ​ទទួល​បាន ពួកគេទាំង ​៩ ​នាក់​នោះ ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឱ្យ​ចូល​ខ្លួន​មកបំភ្លឺ​នៅ​ថ្ងៃខុ​សៗគ្នា ចាប់​ពី​ចុង​ខែ​កក្កដា​នេះ រហូត​ដល់​ដើមខែ​សីហា ឆ្នាំ​ ២០២៤។

អ្នក​ស្រី ស៊ា ដាវី អាយុ​ ៤២ ឆ្នាំ ពលរដ្ឋ​រង​ពាក្យ​បណ្តឹង​ នៅ​តំបន់​បឹង​តាមោក ប្រាប់​វីអូអេ​ថា ​មូល​ហេតុ​ដែល​ពួកគេ​រង​បទ​ចោទ​ប្រកាន់ ដោយ​សារ​តែ​ពួកគេការពារ​ផល​ដំណាំ​របស់​ខ្លួន ខ្លាច​មាន​ការ​បំផ្លិច​បំផ្លាញ​តែ​ប៉ុណ្ណោះ​។ អ្នកស្រី​បន្ថែម​ថា​ កាល​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ​២០២៤ កម្លាំង​អាជ្ញាធរ​ខណ្ឌព្រែកព្នៅ​បាន​ដាក់​គ្រឿង​ចក្រ ហើយ​បាន​កាយ​ដី​អាស្រ័យ​ផល​របស់​ប្រជា​ពលរដ្ឋ។

អ្នកស្រី​បញ្ជាក់​ថា៖ «ពួកខ្ញុំ​ជា​ពលរដ្ឋ​នេះ​អត់​បាន​ប្រព្រឹត្ត​អី​ខុស​ដូច​បទ​ល្មើស​ដល់​ថ្នាក់​ប្តឹង​ដល់​ចូល​ក្រម​ព្រហ្មទណ្ឌ។ ពួកខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​នេះ ​គ្រាន់​តែ​ចុះទៅ​សួរ​នាំ​អាជ្ញាធរ​គាត់​យក​គ្រឿង​ចក្រ​មក​កាយ​ដី​អាស្រ័យ​ផល​ពួក​ខ្ញុំ​ដែល​ធ្វើ​ឱ្យ​ខូច​ខាត​ដំណាំ​ឈូក ហើយ​កន្លែង​ចិញ្ចឹម​ត្រី​អី​ជា​ដើម»។

អ្នក​ស្រី​បន្ត​ថា ​អ្នកស្រី​នឹង​ទៅ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​ ៣០ ខែ​កក្កដា ឆ្នាំ​ ២០២៤ តាម​ដីកា​កោះ​ហៅ​ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​អ្នកស្រី។

អ្នកស្រី​បញ្ជាក់​ថា៖ «ទោះ​បី​មិន​មាន​កំហុស​ក៏​ដោយ​ ពួកខ្ញុំ​នឹង​ចូល​បំភ្លឺ​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​របស់​ពួកខ្ញុំ​ទាំង​អស់​គ្នា​ តាម​ដីកា​កោះ​ហៅ​តាម​កំណត់។ ខ្ញុំ​អត់​គេច​វេសទៅ​ណា​ទេ ទោះ​បី​គាត់​ដាក់​កំណត់​ក្នុង​ដីកា​នោះ​ថា បើ​ពួក​ខ្ញុំ​មិន​ចូល​ទៅ​បំភ្លឺ​ទេ នឹង​មាន​ដីកា​នាំ​ខ្លួន​អី​ផ្សេងៗ​។ ពួក​ខ្ញុំ​នៅ​តែ​ចូល​ខ្លួន​ទៅ​បំភ្លឺ​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​ ដោយ​ពួក​ខ្ញុំ​អត់​បាន​ប្រើប្រាស់​ហិង្សា​លើ​អាជ្ញាធរ ឬក៏​រារាំង​អាជ្ញាធរ​សាធារណៈ​ណា​ទេ»។

លោក ស៊ា សំបាត់ អាយុ​ ៣៩ ​ឆ្នាំ ពលរដ្ឋ​ម្នាក់​ទៀត​ដែល​រង​ពាក្យ​បណ្តឹង​នេះ​ដែរ ប្រាប់​វីអូអេ​ថា​ ការ​ចោទ​ប្រកាន់​រូប​លោក​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​ មិន​យុត្តិធម៌​ឡើយ​សម្រាប់​រូប​លោក​និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត។

លោក ស៊ា សំបាត់ ដែល​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី ​២ ខែ​សីហា ឆ្នាំ ២០២៤ បញ្ជាក់​ថា៖ «នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​។ តុលាការ​គាត់​ស្តាប់​តែ​ម្ខាង​ ហើយ​គាត់​ចេះ​តែ​កោះ​ហៅ​ប្រជាជន​! អត់​ឱ្យ​ប្រជាជន​មាន​ពេល​រក​ស៊ី។ ពួកខ្ញុំ​នៅ​ឯណេះ ខ្ញុំ​ឈរ​លើ​ទំនប់​នេះ! ខ្ញុំ​អត់​មាន​បាន​ទៅ​ តែ​អាវ​ក៏​មិន​បាន​ពាក់​ផង​ ឈរ​មើល​គេ​ហ្នឹង»។

លោក​ស្នើ​ឱ្យ​តុលាការ​បញ្ឈប់​ការ​ប្តឹង​ផ្តល់​មក​លើ​ពលរដ្ឋ​ ខណៈ​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​បន្ត​រង​ការ​បណ្តេញ​ចេញ។

លោក​ថ្លែង​ថា៖ «គេ​ឱ្យ​យើង​ដោះដូរ​ទៅ​នៅ​ឯលិច! នៅ​ឯហ្នឹង​គេ​មាន​ គេ​សង​សំណង​ឱ្យ​យើង​ផ្ទះ​មួយ​ លុយ​មួយ​ម៉ឺន។ ដោះ​ដូរ​ចង់​អស់​ហើយ សល់​ជាង​ ៤ ០​ខ្នង​ផ្ទះ​ នៅ​តែ​ប៉ុន្មាន​នាក់​ហ្នឹង! ហើយ​អ្នក​ដោះដូរ​ហ្នឹង​ ខាង​សាលា​ខណ្ឌ​សន្យា​ថា​ដោះ​ដូរ​ទៅ​គេ​នឹង​ដក​ពាក្យ​បណ្តឹង​ តែ​ឥឡូវ​មិន​ដក​ណា​ប្តឹង​ដដែល។ គ្មាន​អី​ទេ​មាន​តែ​សុំ​ឱ្យ​លោក​តុលាការ​គាត់​ទម្លាក់​បទ​ចោទ​លើ​ពួកយើង​ខ្ញុំ​ទាំងអស់​គ្នា​ហ្នឹង​! កុំឱ្យ​មាន​ការ​ប្តឹង​ផ្តល់​ត​ទៅ​មុខ​ទៀត»។

បើ​តាម​សហគមន៍ ប្រជា​ពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​បាន​អាជ្ញាធរ​ផ្តល់​ដី​នៅ​ទីតាំង​ថ្មី​ ដែល​មាន​ទទឹង​ ៤ ​ម៉ែត្រ ​និង​បណ្តោយ ​១៨ ​ម៉ែត្រ ​ដែល​ស្ថិត​ក្នុង​ភូមិ​សំរោង​ដែរ។

លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេនៅ​ថ្ងៃ​ពុធ​នេះ​ថា​ ករណី​នេះ​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយ​លោក​ស្នើ​ឱ្យប្រជាពលរដ្ឋ​គោរព​តាម​នីតិ​វិធី​ច្បាប់។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក ធឹម សំអាន អភិបាល​ខណ្ឌ​ព្រែកព្នៅ និង​អ្នក​នាំ​ពាក្យ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​នៅ​ឡើយ​ទេ។

លោក វណ្ណ សុផាត ​អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​តាម​ដាន​ករណី​នេះ យល់​ថា​ បើ​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការទាម​ទារ​ឱ្យ​មាន​ដំណោះ​ស្រាយ ដោយ​មាន​ការ​ចរចា​គ្នា​ដោយ​សន្តិវិធី​ និង​ការ​ព្រម​ព្រៀង។ លោក​ជំរុញ​ឱ្យតុលាការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​ជុំវិញ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​បឹង​តាមោក។

លោក​ថ្លែង​ថា៖ «តុលាការ​លោក​គួរតែ​ពិចារណា​ទៅ​តាម​សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​ ព្រោះ​គាត់​កំពុង​តែ​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ធ្លី​ កំពុង​តែ​ប្រឈម​នឹង​ការ​អស់​ផ្ទះ​សម្បែង ជា​រឿង​មួយ​ដែល​គាត់​រង​ទុក្ខ​វេទនា​ណាស់​ទៅ​ហើយ រង​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ជា​ដើម​ទៀត អាហ្នឹង​គឺ​ថា​គាត់​រឹត​តែ​រង​ទុក្ខ​ទ្វេ​ឡើង»។

កាល​ពី​កន្លង​ទៅ អ្នក​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​បាន​បង្ហាញ​ក្តី​បារម្ភ ក្រោយ​រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​ដី​នៅ​បឹង​តាមោក​ជា​បន្ត​បន្ទាប់ ​ហើយ​រហូត​មក​ដល់​ពេល​នេះ ​ផ្ទៃ​បឹង​ជាង​ ៧០%​ នៃ​ផ្ទៃ​បឹង​ជាង​ ៣.២០០​ ហិកតា ​ត្រូវ​បាន​កាត់​សម្រាប់​ការ​ស្ថាបនា​អគារ​រដ្ឋ ​និង​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​គ្រប់គ្រង៕