របាយការណ៍​សភា​អាមេរិក​ស្តី​បន្ទោស​ក្រុមហ៊ុន Boeing និង​រដ្ឋបាល​អាកាសចរណ៍​ចំពោះ​ការ​ធ្លាក់​យន្តហោះ 737 MAX

  • Reuters

រូបឯកសារ៖ យន្តហោះប្រភេទ Boeing 747 ដឹកអ្នកដំណើរចេញពីប្រលានយន្តហោះ ក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១០។

ការ​ធ្លាក់​យន្តហោះ​ដឹកអ្នក​ដំណើរ​ប្រភេទ Boeing 737 MAX ចំនួន​ពីរ​ដង​ ដែល​បាន​សម្លាប់អ្នក​ធ្វើ​ដំណើរ​និង​ក្រុម​អ្នក​ធ្វើ​ការ​នៅ​លើ​យន្តហោះ​ទាំង​ពីរ​លើក​នោះ​ គឺ​ជាលទ្ធផលដ៏​គួរ​ឲ្យ​រន្ធត់ពី​ការ​បរាជ័យ​រួម​គ្នា​ដោយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ និង​រដ្ឋ​បាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក។ នេះ​បើ​តាម​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​មួយ​របស់ក្រុម​អ្នក​ជំនាញ​នៃ​រដ្ឋសភា​អាមេរិក ដែល​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​អស់​រយៈពេល​១៨​ខែ​កន្លង​មក។​

គណៈកម្មាធិការ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ដឹក​ជញ្ជូន​របស់​រដ្ឋសភា​អាមេរិក​ ដែល​មាន​សមាជិក​ភាគ​ច្រើន​មក​ពី​ខាង​គណបក្យ​ប្រជា​ធិបតេយ្យ​នោះ បាន​និយាយ​ក្នុង​របាយការណ៍​រិះគន់​ខ្លាំងមួយ​ដែល​ចេញ​កាល​ពី​ពុធ​ថា ការ​ធ្លាក់​យន្តហោះ​ដែ​ល​សម្លាប់​ម​នុស្ស​អស់​ជា​ច្រើននាក់នោះ​ មិន​មែន​កើត​ឡើង​ដោយ​សារ​ការ​បរាជ័យពី​ប្រភព​តែ​មួយ​ ឬ​ដោយ​សារ​កំហុស​បច្ចេក​ទេស​ ឬ​ការ​គ្រប់គ្រង​មិន​ត្រឹម​ត្រូវ​នោះ​ទេ គឺ​ដោយសារ​កត្តា​និង​ភាគី​ច្រើន​រួម​ផ្សំ​គ្នា។​

យន្តហោះ​ដឹក​អ្នក​ដំណើរប្រភេទ Boeing 737 MAX ​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ហោះហើរ​កាល​ពី​ខែ​មិនា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ប្រទេស​អេត្យូពី ជើង​ហោះ​ហើរ​លេខ​៣០២ បាន​ធ្លាក់ជិត​រដ្ឋធានី Addis Ababa ដែល​បាន​សម្លាប់​មនុស្សទាំង​អស់​ចំនួន​១៥៧​នាក់​នៅ​លើ​យន្ត​ហោះនោះ។

នៅ​មុន​នោះ ក្នុង​ខែ​តុលា​ឆ្នាំ​២០១៨ យន្តហោះ​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​ Lion Air ដែល​ប្រើ​យន្តហោះ​737 MAX នេះ​ដែរ​ បាន​ធ្លាក់​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ដោយ​សម្លាប់​អ្នក​ជិះ១៨៩​នាក់។
ក្រុម​ហ៊ុនBoeingថា​ខ្លួនបានរៀន​មេរៀន​ពី​ការ​ធ្លាក់នេះ និង​ពី​កំហុស​ដែល​ខ្លួន​បាន​ធ្វើ។ ក្រុមហ៊ុនលើក​ឡើង​ថា​ ខ្លួន​នឹង​សហការ​យ៉ា​ង​ពេញ​លេញ​ជា​មួយ​គណៈកម្មាធិការ​របស់​សភា​អាមេរិក​ ហើយ​ធ្វើ​ការ​ផ្លាស់ប្តូរគំរូរចនា​ចំពោះយន្តហោះ​ប្រភេទ​នេះ។

ដោយ​ឡែក​រដ្ឋបាល​អាកាស​ចរណ៍​សហព័ន្ធ​ បាន​លើក​ឡើង​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌មាន​ថា​ ខ្លួន​នឹង​ធ្វើ​ការ​នេះ​ជាមួយសមាជិក​សភា​អាមេរិក​ ក្នុង​ការ​អនុវត្តឲ្យ​បាន​ប្រសើរ​ឡើង​ ដូច​ចំណុចដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នោះ៕