សាកសព​ជន​ជាតិចិន ​ដែល​បាត់​ខ្លួន​ដោយ​សារ​លិច​ទូក​នៅ​កម្ពុជា​ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ប្រទេស​វៀតណាម

រូបឯកសារ៖ ជនជាតិ​ចិន​ចុះ​ពី​កាណូតមួយ បន្ទាប់​ពី​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ហេតុការណ៍​លិចទូក នៅ​កោះ​តាងក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍ ទី ២២ ខែកញ្ញា ឆ្នាំ២០២២។ (Preah Sihanouk province Authority Police via AP)

អាជ្ញាធរ​វៀតណាម ​កាល​ពី​សប្តាហ៍​មុន ​បាន​រក​ឃើញ​សាក​សព​ជន​ជាតិ​ចិន​ដែល​បាត់​ខ្លួន​ ដោយ​សារ​លិច​ទូក​ឈើ​មួយ​គ្រឿង​ក្នុង​ដែន​សមុទ្រ​កម្ពុជា។​

សាក​សព​ជនជាតិ​ចិន​៧​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុងដែន​ឆ្នេរ​សមុទ្រ​កោះត្រល់ ​ដែល​វៀតណាម​ហៅថា​ ​ភូកុក ​(Phu ​Quoc) ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ ​នេះ​បើ​តាម​សារព័​ត៌មាន VNExpress ​ដែល​បាន​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​កញ្ញា ​ឆ្នាំ​២០២២។​

សារ​ព័ត៌​មាន​នេះ​ឱ្យដឹង​ទៀត​ថា ​ប្រជា​ពល​រដ្ឋ​វៀតណាម​បាន​ប្រទះ​ឃើញ​សាក​សព​អណ្តែតលើ​ឆ្នេរ​ Bai Truong ​នៃ​កោះ ​Phu ​Quoc ​ក្នុង​ដែន​ទឹក​វៀតណាម។​

សារ​ព័ត៌​មាន ​VN​Express ​បា​ន​ចុះ​ផ្សាយ​ថា៖​ «សាក​សព​ចំនួន​៧​នាក់​ត្រូវ​បាន​រក​ឃើញ​អណ្តែត​ចេញ​ពី​កោះ ​Phu Quoc ​ក្នុង​ខេត្ត ​Kien​ Giang ​ភាគ​ខាង​ត្បូង​ប្រទេស​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ម៉ោង​១១​ព្រឹក។ ​អ្នក​ស្រុក​បាន​ឃើញ​សាក​សព​២​នាក់​ដំបូង​គេ ​ដែល​បាន​រសាត់​ចូល​ទៅ​ក្នុង​តំបន់​ឆ្នេរ ​Bai Truong ​នៃ​កោះ​ Phu ​Quoc ។​ ចំណែក​សាក​សព​៥​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​បន្ទាប់​មក ​នៅ​ក្បែរ​នោះ។​ សាក​សព​ទាំង​អស់​មាន​សភាព​ហើម​ស្អុយ​រលួយ ​និង​ខោ​អាវ​រហែក»។​

ដោយ​ឡែក ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌​មាន​កម្ពុជា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​សាក​សព​ជន​ជាតិ​ចិន​ចំនួន​៨​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នេរ​សមុទ្រ​កោះ​ត្រល់។

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា ​ឆ្នាំ​២០២២ ​ទូក​ឈើ​ដែល​ដឹក​ជន​ជាតិ​ចិន​ចំនួន​៤១​នាក់​បាន​លិច​ក្នុង​ដែន​ទឹក​កម្ពុជា​ ហើយ​ភ្លាមៗ​នោះ ​អាជ្ញាធរកម្ពុជា ​និង​វៀត​ណាម​បាន​រក​ឃើញ​មនុស្ស​៣​នាក់​ស្លាប់​ ជួយ​សង្រ្គោះ​មួយ​ចំនួន ​និង​បាត់​ខ្លួន​៨​នាក់។​

លោក ​ឡុង ឌីម៉ង់ ​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ លោក​ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​ច្បាស់​ការណ៍​ណា​មួយ​នៅ​ឡើយ​ទេ ​គ្រាន់តែ​ឃើញ​តាម​សារ​ព័ត៌​មាន​វៀតណាម។ ​ដោយ​ឡែក​ទាក់​ទង​ជន​ជាតិ​ចិន​ប្រើ​ប្រាស់​ទូក​ឈើ ​ឬ​ជា​ទូក​នេសាទ​ចូល​មក​កម្ពុជា ​លោក​បញ្ជាក់​ថា​ ករណី​នេះ​ជា​ការ​ឆ្លង​ដែន​ខុស​ច្បាប់។​

លោក​បញ្ជាក់​ថា៖ ​«ហើយ​ការ​ចូល​មក​កម្ពុជា​[ដោយ​ជន​ជាតិ​ចិន​ចំនួន​៤១​នាក់]​ តាម​រយៈ​ទូក​ឈើ​ហ្នឹង​ [បើ]​តាម​យើង​ដឹង​គឺ​ជា​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ហ្នឹង​ហើយ»។​

ចំណែក​លោក​ ទូច ពលៈ​ ប្រធាន​នាយក​ដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក ​ដែល​ទទួល​បន្ទុក​កិច្ច​ការ​នេះ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ៕