ការ​ប្រណាំង​ទូក​នៅ​រដ្ឋ​ចរចា​រក្សា​វប្បធម៌​ខ្មែរ​និង​ចង​ក្រង​សហគមន៍​

សមាគមខ្មែរអាមេរិកាំងនៅរដ្ឋចរចា​ចូលរួមក្នុងការប្រណាំងទូកក្នុងពេលកន្លងមក។ (រូប​ផ្តល់​ឲ្យ)

​​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ ទូក​ដែល​មាន​អ្នក​អុំ​ខ្មែរ-អាមេរិកាំង​តែងតែ​មាន​វត្តមាន​​​ចូលរួម​ក្នុង​ពិធី​ដ៏​ស្រស់​បំព្រង​នេះ។​​

ជា​រៀងរាល់​ឆ្នាំ​នា​ចុង​រដូវ​ក្តៅ​ សហគមន៍​ខ្មែរនៅ​ក្នុង​រដ្ឋ​ចរចា​មាន​ឱកាស​បង្ហាញ​នូវវប្បធម៌​ដ៏​សម្បូរ​បែប​របស់​ខ្លួនតាម​រយៈ​ការ​ចូលរួម​ប្រកួត​ក្នុង​ពិធី​អុំទូក​របស់​សហគមន៍​អាស៊ី «Atlanta Dragon Boat Race Festival‍»។

Your browser doesn’t support HTML5

ការ​ប្រណាំង​ទូក​នៅ​រដ្ឋ​ចរចា​រក្សា​វប្បធម៌​ខ្មែរ​និង​ចង​ក្រង​សហគមន៍​

កញ្ញា​ រ៉ា ផែល​ ប្រធាន​សមាគម​ខ្មែរ-អាមេរិកាំង​នៅ​រដ្ឋ​ចរចា​បាន​បញ្ជាក់​ថា៖​

«ទូក​នេះ​ពួក​ខ្ញុំ​រាល់​ឆ្នាំ​សមាគម​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​ចរចា​ចូល​ទៅ​ប្រកួត​ជាមួយ​គ្រប់​សាសន៍​គ្រប់​គ្នា។ ទូក​ហ្នឹង​មាន​ប្រហែល​៦០​ក្រុម‍»។

កញ្ញា រ៉ា ផែល ប្រធាន​សមាគម​ខ្មែរអាមេរិកាំងនៅរដ្ឋ​ចរចា។ (រូប​ផ្តល់​ឲ្យ)

ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ ទូក​ដែល​មាន​អ្នក​អុំ​ខ្មែរ-អាមេរិកាំង​តែងតែ​មាន​វត្តមាន​ចូលរួម​ក្នុង​ពិធី​ដ៏​ស្រស់​បំព្រង​នេះ។

លោកស្រី​ សុភាព ឡាម ​ស្ថាបនិក​សមាគម​ខ្មែរ-អាមេរិកាំងនៅ​រដ្ឋ​ចរចា​បាន​ពន្យល់​ពី​ការ​បង្កើត​ទូក​ង​នេះ​ថា៖

«គ្រួសារ​របស់​ខ្ញុំ​ បូរ៉ា ឡាម​ គាត់​ Sponsor ​ខាង​ UPS ទូក​មួយ​ហើយ​គាត់​ចែវទូក​ជាមួយ​នឹង​ក្រុមហ៊ុន​គាត់​ប៉ុន្តែ​អត់​ឃើញ​មាន​ទូក​ខ្មែរ​ទេ​ហើយ​បង្កើត​ទូក​ខ្មែរ​ហ្នឹង​ទៅ‍»។​

លោកស្រី សុភាព ឡាម ស្ថានិកសមាគមខ្មែរអាមេរិកាំងនៅរដ្ឋចរចា​។ (រូប​ផ្តល់​ឲ្យ)

ខុស​ពី​ទ្រង់ទ្រាយ​ទូកង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទូកប្រណាំង​នៅ​ទីនេះ​មាន​លម្អ​ដោយ​រូប​ក្បាល​នាគដែល​មាន​រចនាបទ​របៀប​ចិន។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង ​Gainesville ​នា​ទន្លេ​ Lanier ​ហើយ​ទាក់​ទាញ​អ្នក​ទស្សនា​ជាច្រើន​ពាន់​នាក់​ឱ្យ​មក​គាំទ្រ​ក្រុម​របស់​គេ​រៀងៗ​ខ្លួន។

លោក​ មាស សុឃឿត​ អតីត​ប្រធាន​ក្រុម​អុំទូក​ថា​ ក្រុម​ទូក​ខ្មែរ​តែងតែ​នាំ​មោទនភាព​សម្រាប់​សហគមន៍​ផង​ដែរ។​

«ខ្ញុំ​ធ្លាប់​បាន​ទទួល​ពី​ដំបូង​ជាប់​ចំណាត់​ថ្នាក់​លេខ​បី​ ក្រោយ​មក​លេខ​ពីរ​ចុង​បញ្ចប់​ខ្ញុំ​បាន​លេខ​មួយ‍»។ ពិធី​នេះ​ក៏​មាន​បង្ហាញ​ម្ហូបអាហារ​ខ្មែរ​ផង​ដែរ។​

លោក មាស សុឃឿត អតីតប្រធានក្រុមអុំទូកនិងគ្រូបង្វឹក។ (រូប​ផ្តល់​ឲ្យ)

លោក មាស សុឃឿត ​យល់​ថា​ការហាត់​អុំ​ទូក​និង​ការ​ចូលរួម​ប្រកួត​ក៏​ផ្តល់​ជា​ឱកាស​ឱ្យ​សមាជិក​នៃ​សហគមន៍​ខ្មែរបាន​មក​ជួបជុំ​គ្នា​ដើម្បី​ពង្រឹង​មិត្តភាព​ផង​ដែរ​ដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​ចរចា​មាន​ជាង​មួយ​ម៉ឺន​នាក់ ប៉ុន្តែ​កម្រ​មាន​ឱកាស​ជួបជុំ​គ្នា​ក្រៅ​ពី​ពិធី​បុណ្យ​ដូច​នេះ​ណាស់។

«អី​ចឹង​ដែរ​កម្មវិធី​នេះ​គឺ​យើង​បង្កើត​ឡើង​ដើម្បី​ជួបជុំ​គ្នា​មាន​អាំងសាច់​ញ៉ាំ​តាម​កន្លែង​សួន​ដែល​គេ​ហាត់​ទូក។ យើង​ហាត់​បី​ដង​យើង​នាំ​គ្នា​ទៅ​អាំង​សាច់​ញ៉ាំ​ជួប​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដេញ​ដោល​គ្នា​ពី​នេះ​ពី​នោះ​ដើម្បី​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​នឹង​យល់​ពី​បរិយាកាស​សង្គម​របស់​យើង​ផង​ហើយ​វា​ចំណេញ​ផង​ហើយបង្រៀន​ក្មេងៗ​ជំនាន់​ក្រោយ​ហ្នឹង​ឱ្យ​វា​ស្គាល់​ថា ​ខ្មែរ​យើង​មាន​វប្បធម៌​នេះ​មួយ​ដែរ​គឺ​អុំទូក​លេងកម្សាន្ត​ហើយ​វា​ជា​កីឡា​មួយ​ឱ្យ​យើង​ហាត់​លំហាត់​កាយ​សម្បទា​ផង​ដែរ‍»។

សមាគមខ្មែរអាមេរិកាំងនៅរដ្ឋចរចាដាក់បង្ហាញ​ស្នាដៃការងារក្នុងការប្រណាំងទូកក្នុងពេលកន្លងមក។ (រូប​ផ្តល់​ឲ្យ)

នេះ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់​សមាគម​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​ចរចា​ក្នុង​ការ​ខិតខំ​លើក​កម្ពស់​វប្បធម៌​ខ្មែរ​និង​ជួយ​ពង្រឹង​សហគមន៍​ខ្មែរ​ឱ្យ​ជួយ​បន្ត​ជ្រោង​មរតក​ខ្មែរ។​

កញ្ញា ​រ៉ា ផែល បាន​បន្ថែម​ថា៖

«ខ្ញុំ​ជឿ​ថា​ឥឡូវ​នេះ​ពី​លោក​ពូ​លោក​អ៊ំ​ចាស់​និង​ក្មេង​ជំនាន់​ក្រោយ​ដូចជា​ខ្ញុំ​បាន​ជួយ​ពង្រឹង​ហើយ​ផ្សារភ្ជាប់​ស្ពាន​មេត្រី​ពួក​ខ្ញុំ​ដើម្បី​ផ្សារ​ភ្ជាប់​សម្ព័ន្ធ​ភាពឱ្យ​យើង​បន្ត​ទៅ​មុខ​ទៀត​សម្រាប់​កូនក្មេង​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ដែល​ទៅ​មុខ​ទៀត‍»។

កម្មវិធី​អុំទូក​ឆ្នាំ​នេះ​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៩​ខែ​កញ្ញា​ខាងមុខ​នេះ​ហើយ​សហគមន៍​ខ្មែរ​កំពុងតែ​ស្វែង​រក​អ្នកស្ម័គ្រចិត្ត​អុំទូក​ដោយ​មិន​ចង់​ឱ្យ​ឱកាស​ដ៏​ល្អ​ប្រចាំ​ឆ្នាំ​កន្លង​ផុត​ទេ៕​