ការគ្រប់គ្រងមុខរបរនៅហាងធ្វើក្រចកធុនមធ្យមមានលក្ខណៈមមាញឹកជារៀងរាល់ថ្ងៃធ្វើឱ្យ លោក គង់ ច័ន្ទសុគន្ធខកខានមិនដែលបានទៅបោះឆ្នោតប្រធានាធិបតីម្តងនៅឡើយទេ។
លោកបានបញ្ជាក់ថា៖
«ចុះឈ្មោះហើយភ្លេច។ រវល់ធ្វើការទៅអត់បានអ្នកណាណែនាំ»។
ប៉ុន្តែសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខនេះ លោកច័ន្ទសុគន្ធបានសម្រេចថា លោកត្រូវតែទៅដោយខានមិនបាន ព្រោះលោកបានយល់ដឹងពីសិទ្ធិជាពលរដ្ឋមួយរូប និងតម្លៃនៃសន្លឹកឆ្នោតរបស់លោក។
លោកបានបន្ថែមថា៖
«ប៉ុន្តែខ្ញុំសង្ឃឹមថាអណត្តិនេះសមាគមយើង ឬក៏ Cambodia Town យើង ឬក៏ខាងអាជ្ញាធរអាមេរិកាំងដែលយើងរស់នៅទីក្រុង Claytonគេនឹងប្រាប់យើងហើយមុននឹងបោះឆ្នោតចឹងយើងប្រាកដជាបានទៅហើយ»។
មានពលរដ្ឋខ្មែរជាង១ម៉ឺននាក់រស់នៅទូទាំងរដ្ឋចរចាដោយរស់នៅប្រមូលផ្តុំភាគច្រើននៅក្រុងRiverdale ដែលស្ថិតនៅផ្នែកខាងត្បូងទីក្រុងអាត្លង់តា។
ប៉ុន្តែពួកគេមិនទាន់ចុះឈ្មោះបោះឆ្នោតបានច្រើននៅឡើយទេគឺខ្ទង់តែជាង៣ភាគរយប៉ុណ្ណោះ។ លោករ៉ែនឌី មុតនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលធនធានអង្គរ(ARC)បានពន្យល់ពីមូលហេតុ៖
«ភាគច្រើនបងប្អូនខ្មែរយើងគាត់ខ្លាចថាចុះឈ្មោះទៅគេហៅទៅចូលរួមធ្វើគណៈវិនិច្ឆ័យ។ គាត់ខ្លាចចំណុចហ្នឹងមែនទែនពីព្រោះ ទីមួយអង់គ្លេសគាត់មិនខ្លាំង។ទីពីរគាត់អត់មានពេលគាត់ខាតពេលធ្វើការទៅអត់មាន[លុយ]បង់ចំណាយ។ នេះជាបញ្ហាធំមួយដែលគាត់ព្រួយបារម្ភ»។
លោករែនឌី បានជ្រើសរើសបានអ្នកស្ម័គ្រចិត្តមួយចំនួនដែលនឹងជួយចុះឈ្មោះអ្នកបោះឆ្នោតនៅមជ្ឈមណ្ឌលនិងតាមលំនៅដ្ឋានព្រោះពេលវេលាចុងក្រោយនឹងផុតកំណត់នៅថ្ងៃទី ១១ខែតុលាខាងមុខ។
អ្នកស្រីហេង វ៉ាន់ឌី អាចជាគោលដៅមួយដែលក្រុមលោករ៉ែនឌីនឹងត្រូវមកជួបដោយសារគាត់បានមករស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨៦ប៉ុន្តែនៅមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយទេ។ «ខ្ញុំមិនមែនថាមិនចាប់អារម្មណ៍ទេប៉ុន្តែវាអត់មានពេលម្ល៉ោះហើយកូនធ្វើការគ្រប់គ្នាទៅ។ ខ្ញុំអត់ចេះបើកឡានទៅណាឆ្ងាយទេបើមកវត្តបានបើទៅរកកន្លែងហ្នុងរកមិនឃើញ»។
ការមិនចេះបើករថយន្តមិនមែនជាមូលហេតុតែមួយទេដែលពលរដ្ឋខ្មែរនៅទីនេះមិនទៅបោះឆ្នោតទេ។
លោកតូនី អ៊ុំ ម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញក៏មិនដែលបោះឆ្នោតដែរហើយ ហេតុផលរបស់លោកគឺ៖
«ពីព្រោះខ្ញុំគិតថាបោះឱ្យគណបក្សណាមួយហើយដល់បានឡើងទៅអត់ឃើញមានអ្វីខុសគ្នាផងគឺដូចតែដូច»។
បើទោះបីជាចំនួនអ្នកចុះឈ្មោះបោះឆ្នោតនិងអ្នកចេញទៅបោះឆ្នោតនៅមានចំនួនតិចតួចប៉ុន្តែសកម្មជនសហគមន៍សង្កេតឃើញថាមានការប្រសើរឡើងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកណែម ឈើង ប្រធានសមាគម Cambodia Town នៅក្នុងរដ្ឋចរចាមើលឃើញពីការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ «ប្រជាជននៅទីនេះចាប់ផ្តើមយល់ថាសន្លឹកឆ្នោតមានសារៈសំខាន់។ ម្ល៉ោះហើយARC កំពុងតែធ្វើការសំខាន់មួយកំពុងតែព្យាយាមបញ្ចុះបញ្ចូលពលរដ្ឋដែលមានសញ្ជាតិហើយទៅចុះឈ្មោះបោះឆ្នោតហើយពន្យល់ពីសារៈសំខាន់នៃការទាញផលប្រយោជន៍ជាពិសេសថែរក្សាMedicare និង Medicaid ឱ្យចាស់ៗ។ ការថែរក្សាសុខភាពសហគមន៍ទាល់តែយើងមានសមត្ថភាពទៅបោះឆ្នោតរើសមនុស្សហ្នឹងបានមនុស្សដែលជាតំណាងយើងគិតគូអំពីផលប្រយោជន៍សហគមន៍យើង»។
សេដ្ឋីអចលនទ្រព្យ លោកដូណល់ ត្រាំគឺជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋកំពុងតែប្រកួតប្រជែងជាមួយនឹងលោកស្រីហ៊ីលឡារី គ្លីនតុនមកពីគណបក្សប្រជាធិបតេយ្យនិងជាអតីតរដ្ឋមន្ត្រីការបរទេសសម្រាប់តំណែងប្រធានាធិបតី។
លោកវ៉ាន់នី ឆាយម្ចាស់ហាងជួសជុលរថយន្តបានសម្រេចចិត្តថានឹងបោះឆ្នោតជូនលោកដូណល់ ត្រាំ៖
«ខ្ញុំថាគាត់ជាអ្នកខាងរកស៊ី។ បើយើងយកអ្នករកស៊ីហើយនឹងអ្នកនយោបាយមកចូលជាមួយគ្នាខ្ញុំថាអ្វីៗក៏ដើរទៅបានដែរម៉្លោះហើយអ្នកមានខួរក្បាលរកស៊ីវាចូលជាមួយគ្នាសមគ្នាបាន។ ប៉ុន្តែហ៊ីលឡារីមានតែខាងនយោបាយយកមកបង្កើតគំនិតជំនួញអត់បានទេ»។
រីឯលោកគង់ ច័ន្ទសុគន្ធវិញផ្តោតលើអ្នកនយោបាយណាដែលអាចជួយដល់ប្រទេសកម្ពុជា៖
«អ្នកដែលខ្ញុំនឹងបោះឆ្នោតឱ្យគឺអ្នកហ្នឹងគឺស្គាល់សុខទុក្ខខ្មែរច្រើន។ ធ្លាប់ទៅលេងស្រុកខ្មែរធ្លាប់ទទួលមេដាយធ្លាប់ឱ្យដឹងខ្មែរសិទ្ធិមនុស្សនិងលទ្ធិប្រជាធិតេយ្យ»។
ហើយសម្រាប់ថ្ងៃបោះឆ្នោតវិញអ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលធនធានអង្គរនឹងជួយដឹកពលរដ្ឋខ្មែរណាដែលខ្វះមធ្យោបាយដើម្បីបានទៅបោះឆ្នោតផងដែរ។ នេះបើតាមការបញ្ជាក់របស់លោករែនឌី មុត។
លោកបានបន្ថែមថា៖
«ក្រុមយើង យើងបានហាត់ហើយយើងនឹងដឹកគាត់ទៅផ្ទាល់បោះរួចហើយនឹងធ្វើពិធីជប់លៀងមួយ អបអរសាទរថានេះជាការរីកចម្រើនជំហានទៅមុខទៀត»។
អ្នកបោះឆ្នោតខុសបក្សគ្នាក៏អាចចូលរួមក្នុងពិធីជប់លៀងនេះបានដូចគ្នាព្រោះសកម្មជនចង់បានសហគមន៍ខ្មែរមួយដែលយកចិត្តទុកដាក់នឹងបញ្ហានយោបាយនៅសហរដ្ឋអាមេរិកខ្លាំងជាងមុន៕