លោក Bloomberg ជា​គោលដៅ​វាយប្រហារ​ក្នុង​ការ​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ

រូបថតរបស់បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Michael Bloomberg នៅលើកញ្ចក់អេក្រង់អំឡុងពេលការជជែកដេញដោល នៅក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

​បេក្ខជន​ប្រធានាធិបតី​៦​រូប​ បាន​តទល់​គ្នា​នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​ដ៏​តឹងតែងមួយ​កាល​ពី​យប់​ថ្ងៃ​ពុធ ដើម្បី​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ មហាសេដ្ឋី​លោក Michael Bloomberg ដែល​ជា​អតីត​អភិបាល​ក្រុង​ញូវយ៉ក ដែល​ទើប​ចូល​រួម​ការ​ជជែក​ដេញដោល​នេះ​ជា​លើក​ដំបូង បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ខ្លាំងៗ​ពី​គូប្រជែង នៅ​ក្នុង​ការ​ជជែក​ទល់​មុខ​គ្នា​ជា​លើក​ដំបូង។

សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont លោក Bernie Sanders និង សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota អ្នកស្រី Amy Klobuchar ភ្លាមៗ​បាន​ចោទ​ប្រកាន់​លោក​ Bloomberg ថា​បាន​ព្យាយាម​ទិញបេក្ខភាព​ប្រធានាធិបតី​តែងតាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដោយការចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ជិត​៤០០​លាន​ដុល្លារ​ទៅ​លើយុទ្ធនាការ​ផ្សាយ​ពាណិជ្ជកម្មនយោបាយ​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស ថ្វី​បើ​លោក​ខកខាន​មិន​បាន​ចូលរួម​ការ​ប្រកួត​ដើម្បី​បាន​ការ​តែងតាំង​ពី​បក្ស នៅ​ក្នុង​រដ្ឋ​ចំនួន​៤​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឬ​នឹងបោះឆ្នោតបឋម​ដើម្បី​រើស​បេក្ខជន​តែង​តាំង​ត្រឹម​ខែ​កក្កដា​ខាង​មុខ។

អ្នក​ស្រី Klobuchar ថ្លែង​ថា អ្នកស្រី​មិន​គិត​ថា អ្នក​បោះឆ្នោត​អាមេរិកាំងមើល​ទៅ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) ហើយ​គិត​ថា​ «យើង​ត្រូវ​ការ​បេក្ខជន​‍» ដែល​មាន​ទ្រព្យ​ស្តុក​ស្តប​ជាង​លោក​ត្រាំ តួយ៉ាង​លោក Bloomberg ទេ ដែល​លោក​ជា​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ជាង​គេ​ទី​១២​ក្នុង​ពិភពលោក។

​យប់​ថ្ងៃ​ពុធ​ជា​លើក​ទី​មួយ​ហើយដែល​លោក Bloomberg បាន​ចូល​រួម​ការ​ជជែក​ដេញដោល​បែប​នេះ តាំង​ពី​ឆ្នាំ​២០០៩ ដែល​កាល​នោះ​លោក​បាន​ចូលរួម​ប្រកួត​យក​តំណែង​ជា​អភិបាល​ក្រុង​ញូវយ៉ក ដែល​ជា​ទី​ក្រុង​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក។ លោក Bloomberg បាន​ឆ្លើយ​តប​វិញ​ថា លោក​មិន​បាន​ទទួល​ទ្រព្យសម្បត្តិ​របស់​លោក​ពី​មរតក​ដូច​លោ​ត្រាំ​ទេ ហើយ​អះអាង​ថា លោក​ចំណាយ​ទ្រព្យ​ធន​ដើម្បី​ផ្តួល​លោក​ត្រាំ​ ដែល​លោក​ហៅ​ថា​ជា​ប្រធានាធិបតី​អាក្រក់​ជាង​គេ​របស់​អាមេរិក។

លោក Bernie Sanders ដែល​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ជាតិនិង​បាន​ឈ្នះ​សំឡេង​ឆ្នោត​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ​ Iowa និង New Hampshire រួច​ហើយ​នោះ​អះអាង​ថា​លោក​ជា​បេក្ខជន​ដែល​មាន​សមត្ថភាព​ជាង​គេ​ក្នុង​ការ​តទល់​ជាមួយ​លោក​ត្រាំ​នៅ​ខែ​វិច្ឆិកា។

ប៉ុន្តែ​លោក Bloomberg បាន​វាយប្រហារ​ភ្លាមៗ ចំពោះលោក Sanders ដែល​បាន​ហៅ​ខ្លួន​ថា​ជា​ជន​សង្គមនិយម​ប្រជាធិបតេយ្យ​នោះ ថាមិន​អាច​តទល់​នឹង​លោក​ត្រាំ​បាន​ទេ មួយ​ផ្នែក​ដោយ​សារ​កម្មវិធី​ថែទាំ​សុខភាព​ដែល​លោក Sanders បាន​ស្នើហៅ​ថា Medicare for All អាច​លុប​បំបាត់​ការ​ធានា​រ៉ាប់​រង​សុខភាព​ឯកជន​របស់​ពលរដ្ឋ​អាមេរិកាំង​ចំនួន​១៦០​លាន​នាក់។

ការ​ជជែក​តទល់​កាល​ពី​យប់​ថ្ងៃ​ពុធត្រូវ​បាន​ធើ្វ​ឡើងនៅ​ទី​ក្រុង Las Vegas នៃ​រដ្ឋ Nevada ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​ ដែល​នៅ​ទី​នោះ​នឹង​មាន​ការ​បោះឆ្នោត​បឋម caucus របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​សប្តាហ៍​នេះ។ លោក​ Bloomberg មិន​មាន​ឈ្មោះ​ក្នុង​សន្លឹក​ឆ្នោត​រដ្ឋ Nevada ឬ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​រដ្ឋ South Carolina នៅ​សប្តាហ៍​ក្រោយ​ទេ។ លោក Bloomberg នឹង​ចាប់​មាន​ឈ្មោះ​ក្នុង​សន្លឹក​ឆ្នោត​នៅ​ក្នុង​បណ្តា​រដ្ឋ​ដែល​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣​ខែ​មីនា​ខាង​មុខ៕