ចក្រភពអង់គ្លេសបានប្រកាសអំពីការបញ្ជូនជំនួយស្បៀងអាហារថ្មីនៅថ្ងៃពុធនេះទៅកាន់តំបន់ហ្កាហ្សា (Gaza) រីឯមន្ត្រីសហរដ្ឋអាមេរិកវិញបានជំរុញឱ្យមានការបង្កើនជំនួយមនុស្សធម៌និងបទឈប់បាញ់នៅមុនការចរចាជាមួយមន្ត្រីអ៊ីស្រាអែលនៅរដ្ឋធានីវ៉ាស៊ីនតោនចូលមកដល់នៅសប្ដាហ៍ក្រោយ។
ក្រសួងការបរទេសចក្រភពអង់គ្លេសបានបញ្ជាក់ថា ស្បៀងអាហារចំនួន ២.០០០ តោនត្រូវបានដឹកជញ្ជូនឆ្លងព្រំដែនចូលតំបន់ហ្កាហ្សាក្រោមការជួយជ្រោមជ្រែងពីប្រទេសហ្ស៊កដានី និងត្រូវបានចែកចាយដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken គ្រោងនឹងរៀបចំការពិភាក្សានៅសប្ដាហ៍នេះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសអេហ្ស៊ីប នៅចំពេលដែលមានការផ្ដោតធ្វើយ៉ាងណាឱ្យសម្រេចបាននូវការផ្អាកការប្រយុទ្ធគ្នាជាថ្មីនៅក្នុងតំបន់ហ្កាហ្សា ការដោះលែងចំណាប់ខ្មាំងដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចាប់ឃុំ និងការបង្កើនកិច្ចប្រឹងប្រែងអន្តរជាតិនៅក្នុងការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សានិងនៅក្នុងការធ្វើការលើការដោះស្រាយបញ្ហាអភិបាលកិច្ច សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ហ្កាហ្សានៅក្រោយសង្គ្រាម។
ស្របពេលដែលសង្គ្រាមនៅបន្ត មន្ត្រីអាមេរិកបានបង្ហាញក្ដីបារម្ភម្ដងហើយម្ដងទៀតអំពីផែនការរបស់អ៊ីស្រាអែលនៅក្នុងការវាយប្រហារលើទីក្រុង Rafah នៅតាមបណ្ដោយព្រំដែនរវាងតំបន់ហ្កាហ្សានិងប្រទេសអេហ្ស៊ីប ដែលនៅទីនោះជនជាតិប៉ាឡេស្ទីនជាងមួយលាននាក់កំពុងជ្រកកោន។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានប្រកាសកាលពីយប់ថ្ងៃអង្គារថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin នឹងទទួលជួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant នៅក្រសួងការពារជាតិអាមេរិកនៅសប្ដាហ៍ក្រោយអំពីផែនការនៅក្នុងការធានាសុវត្ថិភាពរបស់ប្រជាជននៅក្នុងទីក្រុង Rafah។ ប្រធានបទផ្សេងទៀតនៅក្នុងការពិភាក្សានេះរួមមានកិច្ចប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណាឱ្យមានការដោះលែងចំណាប់ខ្មាំងនិងភាពចាំបាច់នៅក្នុងការបញ្ជូនជំនួយមនុស្សធម៌បន្ថែមទៀតទៅកាន់តំបន់ហ្កាហ្សា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់សមាជិកសភាអ៊ីស្រាអែលកាលពីថ្ងៃអង្គារថា លោកបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថា អ៊ីស្រាអែល «តាំងចិត្តនៅក្នុងការបញ្ចប់ឱ្យបានរួចរាល់នូវការកម្ទេចកងវរសេនាតូចទាំងនេះនៅក្នុងទីក្រុង Rafah ហើយគ្មានវិធីណាមួយក្នុងការធ្វើដូច្នេះនោះទេក្រៅតែពីការចូលទៅទីនោះតាមផ្លូវគោកតែប៉ុណ្ណោះ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។