រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃសុក្របានព្រមានចិនមិនឱ្យបង្កហេតុបែបយោធាជាមួយតៃវ៉ាន់។ លោកថ្លែងដូច្នេះ បន្ទាប់ពីចិនបានមានប្រតិកម្មខ្លាំងៗចំពោះសុន្ទរកថាប្រចាំឆ្នាំរបស់មេដឹកនាំតៃវ៉ាន់។
លោក Blinken បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទកាសែតនៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវថា៖ «ខ្ញុំអាចប្រាប់អ្នកថា ទាក់ទិននឹងសុន្ទរកថា Ten Ten ដែលធ្វើឡើងជាទូទៅធម្មតា ចិនមិនគួរប្រើវាជាលេសដើម្បីបង្កហេតុនោះទេទោះក្នុងទម្រង់ណាក៏ដោយ»។
លោក Blinken ថ្លែងដូច្នេះចង់សំដៅលើព្រឹត្តិការណ៍ថ្ងៃទី ១០ ខែតុលា ដែលគេស្គាល់ថាទិវា «១០ ពីរដង» ដែលជាពេលដែលតៃវ៉ាន់ប្រារព្ធខួបនៃការបង្កើតសាធារណរដ្ឋចិននៅក្នុងឆ្នាំ ១៩១២ គឺក្នុងពេលតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីការបះបោរដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩១១។
ប្រទេសចិនដែលមានឈ្មោះផ្លូវការថាសាធារណរដ្ឋប្រជាមានិតចិនបានប្រារព្ធទិវាជាតិរបស់ខ្លួនកាលពីថ្ងៃទី ១ ខែតុលា ដើម្បីរំឭកដល់ការបង្កើតប្រទេសនេះនៅក្នុងឆ្នាំ ១៩៤៩។
ប្រទេសចិនបានបន្តបង្កើនការគំរាមផ្នែកយោធារបស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បានថ្លែងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ច្រានចោលការអះអាងរបស់ចិនអំពីអធិបតេយ្យលើកោះតៃវ៉ាន់៕