នៅថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយប្រធានាធិបតីថ្មីនៃប្រទេសហ្វីលីពីន គឺលោក Ferdinand Marcos Jr. ដើម្បីបញ្ជាក់ជាថ្មីអំពីចំណងទាក់ទងជាមួយសម្ពន្ធមិត្តយូរយារបំផុតរបស់អាមេរិកនៅទ្វីបអាស៊ី នៅពេលមានភាពតានតឹងខ្លាំងជាងមុនក្នុងតំបន់«ដែលងាយអាចផ្ទុះជម្លោះយោធាភ្លាមៗ»។
លោក Blinken បានមានប្រសាសន៍ថា ទំនាក់ទំនងរបស់អាមេរិកជាមួយប្រទេសហ្វីលីពីន«អស្ចារ្យ» ហើយលោកបានធានារ៉ាប់រងដល់ហ្វីលីពីន អំពីការប្រុងប្រៀបរបស់ខ្លួនធ្វើការជាមួយប្រទេសនេះក្នុងអាស៊ីអាគ្នេយ៍ ក្នុងវិស័យការពារជាតិ ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩។
លោក Blinken ដែលជាមន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់បំផុតដែលបានទៅបំពេញទស្សនកិច្ចនៅហ្វីលីពីនចាប់តាំងពីលោក Marcos ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែឧសភា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់អាមេរិកចំពោះសន្ធិសញ្ញាការពាររបស់ផងខ្លួនកាលពីឆ្នាំ១៩៥១ ជាមួយហ្វីលីពីន។
លោកបាននិយាយប្រាប់លោក Marcos ថា៖ «យើងប្តេជ្ញាចំពោះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក (Mutual Defense Treaty)។ យើងប្តេជ្ញាធ្វើការជាមួយលោកទៅលើបញ្ហាប្រឈមនានាដែលយើងមានដូចគ្នា»។
នៅពេលស្វាគមន៍លោក Blinken នៅវិមានប្រធានាធិបតី លោក Marcos បាននិយាយថាទស្សនកិច្ចរបស់ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះត្រូវចំពេលវេលា ដោយលោកសម្តែងកង្វល់អំពីកំណើនភាពតានតឹងរវាងចិននិងតៃវ៉ាន់អំពីទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិកទៅកាន់កោះស្វ័យគ្រប់គ្រងនេះ។
លោក Marcos បាននិយាយប្រាប់លោក Blinken នៅមុនជំនួបឯកជនរបស់អស់លោកថា៖ «ខ្ញុំមិនយល់ថា ទស្សនកិច្ចនោះបានបង្កើនភាពតានតឹងទេ។ វាគ្រាន់តែបង្ហាញអំពីកម្រិតភាពតានតឹងខ្លាំងដែលមានស្រាប់នៃជម្លោះនេះ»។
ប្រទេសចិនបានចាត់វិធានការសងសឹកប្រឆាំងតៃវ៉ាន់អំពីទស្សនកិច្ចរបស់លោកស្រី Pelosi ដោយបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ តៃវ៉ាន់ជាដែនដីនៅជិតហ្វីលីពីនបំផុតហើយមានអ្នកធ្វើការចំណាកស្រុកពីហ្វីលីពីនរាប់ពាន់នាក់ស្ថិតនៅទីនោះ។
ប្រទេសហ្វីលីពីនខ្លួនឯងកំពុងរកវិធីដោះស្រាយចំពោះកំណើនយោធូបនីយកម្មនិងការទន្ទ្រានកាន់កាប់កាន់តែខ្លាំងរបស់រដ្ឋាភិបាលប៉េកាំងចំពោះផ្នែកខ្លះនៃសមុទ្រខាងត្បូងដែលហ្វីលីពីនទាមទារថាជារបស់ផងខ្លួន។ នៅទីនោះ កងឆ្មាំសមុទ្រនិងកងជីវពលចិន បានយាយីក្រុមអ្នកនេសាទនិងនាវាស្រាវជ្រាវហ្វីលីពីន។
លោក Blinken បានថ្លែងប្រាប់លោក Marcos ថា៖ «ទំនាក់ទំនងរបស់យើងអស្ចារ្យពីព្រោះវាផ្អែកលើមិត្តភាព លើភាពជាដៃគូ ហើយវាត្រូវបានពង្រឹងដោយការពិតជាក់ស្តែងថា វាជាសម្ពន្ធភាពមួយដែរ»។
ការវិវត្តនៃសន្ធិសញ្ញា
លោក Marcos បាននិយាយថា សន្ធិសញ្ញាសម្ពន្ធភាពរបស់ហ្វីលីពីនជាមួយសហរដ្ឋអាមេរិកជា«ការវិវត្តឥតឈប់ឈរ»។
លោកបានថ្លែងថា៖ «ខ្ញុំសង្ឃឹមថាយើងនឹងបន្តធ្វើឱ្យទំនាក់ទំនងនេះវិវត្តតទៅទៀតនៅក្នុងការប្រឈមនឹងការប្រែប្រួលទាំងអស់ដែលយើងបានឃើញ និងការប្រែប្រួលដែលមានក្នុងទំនាក់ទំនងទ្វេភាគីរបស់យើងជាមួយសហរដ្ឋអាមេរិក»។
ប្រទេសហ្វីលីពីនជាសម្ពន្ធមិត្តសំខាន់ខាងយុទ្ធសាស្ត្រមួយរបស់សហរដ្ឋអាមេរិកក្នុងអាស៊ីអាគ្នេយ៍ ខណៈអាមេរិកកំពុងប្រឈមនឹងការប្រកួតប្រជែងតឹងតែងជាមួយអំណាចចិននៅជុំវិញពិភពលោក។
ទស្សនកិច្ចរបស់លោក Blinken ជាកិច្ចប្រឹងប្រែងថ្មីបំផុតរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចុះបញ្ចូលហ្វីលីពីននៅក្រោយទំនាក់ទំនងរវាងប្រទេសទាំងពីររអាក់រអួលក្នុងរដ្ឋបាលប្រធានាធិបតី Rodrigo Duterte ដែលទោរទៅខាងចិននាំឱ្យមានការសន្យាខ្យល់ពីរដ្ឋាភិបាលប៉េកាំងអំពីរចនាសម្ព័ន្ធនិងវិនិយោគ។
កាលពីឆ្នាំ២០២០ លោក Duterte ដំបូងឡើយបានបញ្ជាឱ្យលុបចោលកិច្ចព្រមព្រៀងស្តីពីទស្សនកិច្ចរបស់កងកម្លាំងសហរដ្ឋអាមេរិកនៅហ្វីលីពីន ដែលជាផ្នែកមួយនៃសន្ធិសញ្ញាអនុញ្ញាតឱ្យក្រុមទាហានអាមេរិកាំងទៅបំពេញទស្សនកិច្ចជាទៀងទាត់នៅហ្វីលីពីន។ មួយឆ្នាំបន្ទាប់មក លោក Duterte បានបញ្ជាឱ្យដាក់បញ្ចូលកិច្ចព្រមព្រៀងនោះវិញ។
ការសន្ទនាជាមួយប្រទេសចិន
នៅក្នុងការសន្ទនាជាមួយលោក Blinken លោក Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបាននិយាយជាថ្មីទៀតអំពីការអំពាវនាវរបស់ហ្វីលីពីនឱ្យប្រទេសចិននិងសហរដ្ឋអាមេរិកធ្វើឱ្យធូរស្រាលដល់ភាពតានតឹងក្នុងតំបន់។
លោក Manalo បាននិយាយប្រាប់លោក Blinken នៅក្នុងជំនួបដាច់ដោយឡែកមួយតាមអនឡាញថា៖ «ជាការពិត ប្រទេសហ្វីលីពីនបន្តចង់ឱ្យប្រទេសមហាអំណាចជួយបន្ធូរបន្ថយភាពតានតឹងនិងធ្វើរក្សាសន្តិភាព»។
លោកបានបន្ថែមថា៖ «យើងមិនអាចឱ្យមានកំណើនភាពតានតឹងនៅក្នុងតំបន់ថែមទៀតទេ ពីព្រោះយើងកំពុងប្រឈមនឹងឧបសគ្គមួយចំនួនរូចស្រេចហើយ ដើម្បីស្តារសេដ្ឋកិច្ចយើងឡើងវិញ ជាពិសេសដោយសារការរាតត្បាតនៃជំងឺកូវីដ១៩»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ