រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken ទំនងជានឹងប្រឈមនឹងការសួរដេញដោលមួយជុំទៀតពីសមាជិកសភា ទាក់ទងនឹងការដកកងទ័ពអាមេរិកពីប្រទេសអាហ្វហ្គានីស្ថានកាលពីខែមុន នៅពេលដែលលោកបង្ហាញខ្លួននៅថ្ងៃអង្គារ នៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភា។
ក្នុងអំឡុងសវនាការរយៈពេល៥ម៉ោងតាមវីដេអូអ៊ីនធឺណិតជាមួយគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា កាលពីថ្ងៃចន្ទ លោក Blinken បានការពារយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ក្នុងការដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីនៅទីនោះអស់រយ:ពេល២០ឆ្នាំ។ លោកអត់ធ្មត់ចំពោះការសួរដេញដោល និងការខឹងសម្បាររបស់សមាជិកសភាមួយចំនួន។
លោកបានប្រាប់សវនាការថា បើលោកប្រធានាធិបតី Joe Biden សម្រេចចិត្តបន្តសង្គ្រាម «វានឹងតម្រូវឲ្យបញ្ជូនកងទ័ពអាមេរិកជាច្រើននាក់បន្ថែមទៀតទៅប្រទេសអាហ្វហ្គានីស្ថានដើម្បីការពារខ្លួនយើង និងកុំឲ្យក្រុមតាលីបង់ចូលកាន់កាប់ និងមានមនុស្សស្លាប់ ហើយលទ្ធផលល្អបំផុត គឺបានត្រឹមតែស្តារស្ថានការណ៍ជាប់គាំង និងជាប់ក្នុងភ្លើងសង្គ្រាមគ្មានទីបញ្ចប់នៅអាហ្វហ្គានីស្ថាន»។
លោកបាននិយាយថា៖ «គ្មានភស្តុតាងដែលថា ការបន្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងធ្វើឲ្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ឬរដ្ឋាភិបាលអាហ្វហ្គានីស្ថានមានភាពរឹងមាំ ឬអាចទ្រទ្រង់ខ្លួនឯងបានទេ។ វត្តមាន២០ឆ្នាំ ដោយមានការគាំទ្រសម្ភារៈ និងការបណ្តុះបណ្តាលរាប់រយពាន់លានដុល្លារមិនគ្រប់គ្រាន់ផងនោះ តើនៅមួយឆ្នាំ ឬ ៥ឆ្នាំ ឬ ១០ឆ្នាំទៀត អាចធ្វើឲ្យមានភាពលទ្ធផលផ្សេងឬ? មិនអាចទេ!»។
ក្រុមតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាននៅពាក់កណ្តាលខែសីហា ខណៈប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បានភៀសខ្លួនទៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។ សហរដ្ឋអាមេរិក បានជម្លៀសប្រជាជនចំនួន ១២៤.០០០នាក់ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន និងជនជាតិអាមេរិកប្រហែល ៥.៥០០នាក់ពីអាកាសយានដ្ឋានក្រុងកាប៊ុលនៅប៉ុន្មានថ្ងៃចុងក្រោយនៃខែសីហា ដោយបន្សល់ទុកជនជាតិអាមេរិកប្រហែល១០០នាក់។
ពលរដ្ឋអាមេរិកមួយចំនួនអាចចាកចេញពីប្រទេសនេះបានជាបន្តបន្ទាប់តាមផ្លូវគោក ឬតាមយន្តហោះមួយចំនួនតូច ដោយមានការយល់ព្រមពីពួកតាលីបង់។ ប៉ុន្តែលោក Blinken បាននិយាយថា គិតត្រឹមចុងសប្តាហ៍មុន ជនជាតិអាមេរិកប្រហែល ១០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយ។
លោក Blinken បាននិយាយទៀតថា មន្រ្តីអាមេរិក មិនអាចដឹងជាមុនថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំយ៉ាងឆាប់រហ័សបែបនេះនោះទេ ទោះបីក្រុមតាលីបង់ បានវាតទីពាសពេញប្រទេសក៏ដោយ។
សមាជិកសភាគណបក្សសាធារណរដ្ឋ និងសមាជិកសភាគណបក្សប្រជាធិបតេយ្យដែលជាសហការីរបស់លោក Biden បានរិះគន់ចំណាត់ការរបស់លោកប្រធានាធិបតីក្នុងការដកកងទ័ព ការជម្លៀសពលរដ្ឋអាមេរិក និងពលរដ្ឋអាហ្វហ្កានីស្ថានរាប់ពាន់នាក់ដែលបានធ្វើការឲ្យកងទ័ពអាមេរិកជាអ្នកបកប្រែ និងជាទីប្រឹក្សាក្នុងអំឡុងពេលសង្គ្រាម។
ប្រធានគណៈកម្មាធិការសភា លោក Gregory Meeks មកពីរដ្ឋញូវយ៉ក បាននិយាយថា៖ «ការចាកចេញពីអាហ្វហ្គានីស្ថានមិនដែលងាយស្រួលនោះទេ»។
សមាជិកសភាលោក Michael McCaul មកពីរដ្ឋ Texas ដែលជាអ្នកដឹកនាំការសួរដេញដោល មកពីគណបក្សសាធារណរដ្ឋ បានកំណត់ការដកទ័ពរបស់អាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានថា ជាគ្រោះមហន្តរាយដែលមិនអាចកំណត់បាន និងជាទង្វើក្បត់» ហើយលោកបានកត់សម្គាល់ថា មន្រ្តីជាច្រើនក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន ដែលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ធ្លាប់ជាភេរវករដែលសហរដ្ឋអាមេរិកបានឃុំឃាំងនៅមន្ទីរឃុំឃាំង Guantanamo នៅក្នុងប្រទេសគុយបា។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Ohio លោក Steve Chabot បាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានបានក្លាយជា«ជម្រករបស់ភេរវករ»ជាថ្មីម្តងទៀត៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press។