រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជាក់នៅថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិក នៅមិនទាន់ជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយរវាងប្រទេសអ៊ីស្រាអែលនិងក្រុមសកម្មជន Hamas ដែលគ្រប់គ្រងតំបន់ Gaza នោះទេ ស្របពេលដែលការប្រយុទ្ធគ្នារវាងភាគីទាំងពីរ បានចូលដល់សប្តាហ៍ទី២ហើយ ដោយបានធ្វើឲ្យមនុស្សប្រមាណជាង២០០នាក់បានស្លាប់ ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីនក្នុងតំបន់ Gaza នោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
ជំហររបស់រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ កើតមានឡើង ទោះបីមានសម្ពាធកើនឡើងពីដៃគូរបស់សហរដ្ឋអាមេរិកក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពីមន្ត្រីគណបក្សប្រជាធិបតេយ្យនិងមន្ត្រីរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden មួយចំនួន ក៏ដូចជាពីមេដឹកនាំពិភពលោកផ្សេងៗទៀតផងដែរ ដែលស្នើឲ្យបង្កើនសកម្មភាពការទូតថែមទៀត ដើម្បីបញ្ចប់នូវអំពើហិង្សារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ មិនធ្លាប់មានអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ និងស្តារឡើងវិញនូវដំណើរការសម្របសម្រួលមួយដែលបានដួលរលំទៅហើយនោះ ដើម្បីធ្វើឲ្យមានសន្តិភាពដ៏យូរអង្វែងមួយនៅក្នុងតំបន់នោះ។
ថ្លែងក្នុងរាជធានីកូប៉ិនហាក ប្រទេសដាណឺម៉ាកក្នុងអំឡុងទស្សនកិច្ចនៅអឺរ៉ុប លោក Blinken ថា លោកបានហៅទូរស័ព្ទទៅមេដឹកនាំបន្ថែមទៀតនៅថ្ងៃចន្ទម្សិលមិញ ជុំវិញបញ្ហាអរិយភាពរវាងតំបន់ Gaza Strip និងអ៊ីស្រាអែលនោះ។
លោកបញ្ជាក់ថា៖ «នៅក្នុងការចូលរួមពាក់ព័ន្ធទាំងនេះ យើងបានបញ្ជាក់ច្បាស់ហើយថា យើងនឹងត្រៀមខ្លួន ដើម្បីផ្តល់នូវការគាំទ្រនិងការជ្រោមជ្រែងរបស់យើងដល់ភាគីពាក់ព័ន្ធ ប្រសិនភាគីស្វែងរកនូវបទឈប់បាញ់មួយនោះ។
បើយោងទៅលើក្រសួងសុខាភិបាលក្នុងតំបន់ Gaza បានឲ្យដឹងថា មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់២០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល រហូតមកដល់ថ្ងៃចន្ទម្សិលមិញនេះ ដែលក្នុងនោះ ៥៩នាក់ជាកុមារ និង ៣៥នាក់ជាស្ត្រី និងមានមនុស្សប្រមាណ ១.៣០០នាក់ បានរងរបួសក្នុងការវាយប្រហារនេះ។ ដោយឡែក មានមនុស្សប្រមាណ៨នាក់ បានស្លាប់នៅអ៊ីស្រាអែល ដោយសារគ្រាប់រ៉ុក្កែត ដែលបានបាញ់ចេញពីតំបន់ Gaza នោះ ដែលក្នុងនោះមានកុមារម្នាក់អាយុ៥ឆ្នាំ និងទាហានអ៊ីស្រាអែលម្នាក់ផងដែរ។
លោក Blinken ក៏បានថ្លែងថា លោកបានសុំភ័ស្តុតាងពីខាងអ៊ីស្រាអែល ដែលបានចោទថា ក្រុម Hamas បានធ្វើសកម្មភាពចេញពីអគារដែលជាការិយាល័យធ្វើការរបស់ទីភ្នាក់ងារព័ត៌មាន AP និង ទូរទស្សន៍ Al Jazeera ដែលត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល កាលពីចុងសប្តាហ៍កន្លងទៅ។ លោកបន្តថា លោកនៅមិនទាន់បានទទួលព័ត៌មានពីអ៊ីស្រាអែលនៅឡើយទេ៕