រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃសុក្រថា លោកឃើញមាន «សញ្ញាដ៏គួរឲ្យលើកទឹកចិត្ត» នៃដំណើរវិវឌ្ឍន៍ឆ្ពោះទៅរកបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ដោយលោកបានជំរុញប្រទេសតួកគីឲ្យប្រើឥទ្ធិពលរបស់ខ្លួនដើម្បីលើកទឹកចិត្តក្រុមហាម៉ាស់ឲ្យទទួលយកនូវបទឈប់បាញ់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការលើកឡើងរបស់លោក Blinken នេះបានធ្វើឡើងបន្ទាប់ពីលោកបានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan ក្នុងជើងទីពីរនៃដំណើរទស្សនកិច្ចរបស់លោកអំពីវិបត្តិស៊ីរីនៅក្រោយការដួលរលំរដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad។
លោក Blinken បានប្រាប់អ្នកកាសែតនៅក្នុងទីក្រុងអង់ការ៉ានៃប្រទេសតួកគីថា៖ «យើងបានពិភាក្សាអំពីបញ្ហានៅហ្កាហ្សា ហើយយើងបានពិភាក្សាអំពីឱកាស...នៅក្នុងការធ្វើឲ្យមានបទឈប់បាញ់។ អ្វីដែលយើងបានឃើញនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគឺជាសញ្ញាដ៏គួរឲ្យលើកទឹកចិត្តដែលថារឿងនេះគឺអាចទៅរួច»។
លោកបាននិយាយថា៖ «យើងបានពិភាក្សាអំពីភាពចាំបាច់នៃការ «យល់ព្រម» ដែលអាចទៅរួចរបស់ក្រុមហាម៉ាស់ចំពោះកិច្ចព្រមព្រៀងនេះដើម្បីជួយបញ្ចប់សង្គ្រាមនេះនៅទីបំផុត»។
លោកបានបន្ថែមថា៖ «យើងសម្ដែងការកោតសរសើរចំពោះតួនាទីរបស់តួកគីនៅក្នុងការចរចាជាមួយក្រុមហាម៉ាស់ដើម្បីព្យាយាមបញ្ចប់សង្គ្រាមនេះ»។
លោក Blinken ក៏បានពិភាក្សាផងដែរអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅរកបទឈប់បាញ់នៅហ្កាហ្សានៅពេលលោកធ្វើដំណើរទៅដល់ប្រទេសហ្ស៊កដានីកាលពីថ្ងៃព្រហស្បតិ៍ដែលជាដំណើរទស្សនកិច្ចលើកទី ១២ របស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ាតាំងពីពេលដែលក្រុមហាម៉ាស់វាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបង្កឲ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សានេះមក៕