លោក Blinken ស្ថិត​នៅ​អ៊ុយក្រែន​ដើម្បី​ពិភាក្សា​ការផ្តល់​ជំនួយ​ថ្មី​និង​យុទ្ធសាស្ត្រ​វាយបក

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជជែកគ្នា​នៅពេល​ផ្តល់​សេចក្តីថ្លែងការណ៍​ទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយ មុនពេល​កិច្ចប្រជុំរបស់ពួកគេនៅក្រសួងការបរទេស​ក្នុង​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ធ្វើ​ទស្សនកិច្ច​ដែល​មិន​ប្រកាស​ឱ្យ​ដឹង​ជាមុន ទៅ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែនកាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន​អំពី​ស្ថានភាព​នៃ​ការ​វាយបក​របស់​យោធា​អ៊ុយក្រែន ព្រម​ទាំង​កិច្ចប្រឹងប្រែង​ស្តារ​និង​កសាង​ប្រទេសឡើង​វិញ។

ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា​ លោក Blinken នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Denys Shmyhal និង​រដ្ឋមន្ត្រី​ការបរទេស​លោក Dmytro Kuleba។

លោក Blinken ក៏​ត្រូវ​គេ​រំពឹង​ថា​ នឹង​ប្រកាស​ផ្តល់​ជំនួយ​ថ្មី​របស់​អាមេរិក​ជាង​១ពាន់លាន​ដុល្លារ​ដល់​អ៊ុយក្រែន​ផងដែរ។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រសួង​ការបរទេស​អាមេរិក បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​នឹង​បន្ត ដើម្បី​ធានា​ថា ​យោធា​អ៊ុយក្រែន​មាន​អ្វីៗ​ដែល​ខ្លួន​ត្រូវការ​ក្នុង​ដំណាក់កាល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ មន្ត្រី​រូប​នេះ និយាយ​ថា​ នេះ​រួម​បញ្ចូល​ទាំង​សម្ភារៈ​សម្រាប់​ការ​វាយប្រហារ​តាម​អាកាស​និង​ទម្លុះ​ខ្សែ​ការពារ​របស់​រុស្ស៊ី​ផង​ដែរ ខណៈ​ការ​ការពារ​ផ្លូវ​អាកាស «បន្ត​នៅ​ជា​អាទិភាព​ខ្ពស់​មួយ»។

មន្ត្រី​ដដែល​និយាយ​ថា ខណៈ​សហរដ្ឋ​អាមេរិក មាន​ការ​យល់ឃើញ​ផ្ទាល់​អំពី​ជម្លោះ​នេះ វា​មាន​សារៈសំខាន់​ក្នុង​ការ​ទទួល​បាន​«ការ​វាយតម្លៃ​ពិតប្រាកដ​ពី​ប្រជាជន​អ៊ុយក្រែន​ខ្លួនឯង»។
មន្ត្រី​រូប​នេះ ក៏​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពិគ្រោះ​យោបល់​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន​មុន​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ខែ​នេះ។

មន្ត្រី​ដដែល​នេះ​និយាយ​ថា៖ «ប្រជាជន​អ៊ុយក្រែន​មាន​បេសកកម្ម​ដ៏​សំខាន់​មួយ​នៅ​បុរី​ New York ដើម្បី​បន្ត​ពន្យល់​ដល់​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ពួកគេ​នៅ​ជុំវិញ​ពិភពលោក​ពី​អ្វី​ដែល​កំពុង​កើតឡើង​និង​តម្រូវការ​ការ​គាំទ្រ​ជា​បន្ត​ទៀត​របស់​ពួកគេ។ វា​មាន​សារៈសំខាន់​សម្រាប់​យើង​ក្នុង​ការ​បន្ត​ដឹកនាំ​កិច្ចប្រឹងប្រែង​សកល​នោះ ដើម្បី​គាំទ្រ​ពួកគេ»៕

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តីរាយការណ៍​នេះ​ត្រូវ​បានដកស្រង់មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters។