លោក Blinken ទៅតំបន់មជ្ឈិមបូព៌ាជាថ្មី ស្របពេលមានការភ័យខ្លាចពីជម្លោះរាលដាលក្នុងតំបន់

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ធ្វើដំណើរចេញ​ពី​មូលដ្ឋាន​ទ័ព​ Joint Base Andrews ក្នុង​រដ្ឋ Maryland ឆ្ពោះ​ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា​ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

ស្រប​ពេល​ដែល​រដ្ឋបាល​របស់​លោក Biden កំពុង​ព្យាយាម​រក​មធ្យោបាយ​ដោះស្រាយ​ ​ភាព​តានតឹង​និង​អស្ថិរភាពដែល​កំពុង​កើន​ឡើង​ខ្លាំងក្នុង​តំបន់​មជ្ឈិម​បូព៌ា​នោះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក Antony Blinken នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នេះ​ជាលើក​ទី ៤ នៅ​ចុង​សប្តាហ៍នេះនៅ​ក្នុង​រយៈពេល​ ៣​ ខែ​កន្លង​ទៅ​នេះ​ ​ដែល​ជា​ដំណើរ​មួយ ដែល​ត្រូវ​បាន​រំពឹង​ទុក​ថានឹង​ផ្តោតការ​ពិភាក្សា​ភាគ​ច្រើនបំផុត​ទៅ​លើ​ការ​បារម្ភ​ដែលថា​ សង្រ្គាម​ដែល​កំពុង​កើត​ឡើង​រវាងប្រទេស​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ អាចក្លាយ​ជា​ជម្លោះ​រីករាល​ដាល​ដ៏​ធំ​មួយ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP ។

រដ្ឋបាលរបស់​លោក​ Biden ធ្លាប់​គិត​ថា​វា​មិន​អាច​ក្លាយ​ជា​រឿង​ធំដុំអ្វី​ទេ ដែលសង្គ្រាមក្នុង​តំបន់​មជ្ឈិម​បូព៌ា​នេះនឹងក្លាយជា​ជម្លោះរីករាល​ដាលនោះ​ ​បន្ទាប់​ពីអ៊ីស្រាអែលបានឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​របស់​ក្រុម​ហាម៉ាស់​លើ​ប្រទេស​អ៊ីស្រាអែល ​កាលពី​ថ្ងៃ​ទី ៧ ​ខែ​តុលា​មក។​ ប៉ុន្តែ​អស់រយៈពេល ២ ខែ​កន្លះ​កន្លង​ទៅ​ ​លទ្ធភាព​នៃការ​រីក​រាល​ដាល​នៃ​សង្រ្គាមមួយ​នេះទៅ​ក្នុង​តំបន់​កំពុង​តែមាន​សញ្ញា​កើន​ខ្លាំង​ឡើងៗ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និយាយថា​ ​លោក Blinken នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី​ ក្រិក​ ហ៊្សកហ្ស៊ី កាតា​ អេមីរ៉ាតអារ៉ាប់រួម​ អារ៉ាប់ប៊ីសាអូឌីត​ ​អ៊ីស្រាអែល​ ​តំបន់​ West Bank និង​ប្រទេស​អេហ្ស៊ីប​ផង​ដែរ។​

រដ្ឋមន្ត្រី​ការពារ​ជាតិអ៊ីស្រាអែលកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​ប្រកាសពី​ផែន​ការ​របស់ប្រទេស​ខ្លួន សម្រាប់​ដំណាក់កាល​ថ្មីនៅ​ក្នុង​សង្គ្រាម​ដែល​កំពុង​កើត​ឡើងក្នុង​តំបន់​ហ្កាហ្សា​ ដែល​រួម​មានយុទ្ធសាស្ត្រ​លើគោលដៅ​បន្ថែមជា​ច្រើន​ទៀត​ នៅ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង។​

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant និយាយ​ថា យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​កំណត់​ ដែល​រួម​មាន​ការ​វាយឆ្មក់​ចូល​ ​ការ​បំផ្លាញ​រូង​ក្រោម​ដី​ ការ​វាយប្រហារ​តាម​អាកាស​និង​ថ្មើរជើង​ ក៏​ដូច​ជា​ប្រតិបត្តិការ​ដោយ​កង​កម្លាំង​ពិសេស​ផង​ដែរ។​

ការប្រកាស​នេះ​កើត​មាន​ឡើង​ ខណៈពេល​ដែល​មាន​សម្ពាធ​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង​ ដែលរួម​មាន​ពី​សហរដ្ឋ​អាមេរិក​ផង​ដែរ​ ឱ្យ​អ៊ីស្រាអែល​លៃលក​បន្ធូរដៃ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​របស់​ខ្លួន៕​