ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្តាយនិងឪពុកមារបស់ទាហានអាមេរិកាំងម្នាក់ត្រូវបានជួយសង្គ្រោះពីតំបន់ហ្កាហ្សានៅក្នុងកិច្ចប្រតិបត្តិការសម្ងាត់


រូបថតដែលមិនដឹងកាលបរិច្ឆេទបង្ហាញ​រូបលោក Abedalla Sckak និងអ្នកស្រី Zahra Sckak និងកូនៗ ថតរូបជុំគ្នា។ (Fadi Sckak via AP)
រូបថតដែលមិនដឹងកាលបរិច្ឆេទបង្ហាញ​រូបលោក Abedalla Sckak និងអ្នកស្រី Zahra Sckak និងកូនៗ ថតរូបជុំគ្នា។ (Fadi Sckak via AP)

ម្តាយ​និង​ឪពុកមា​របស់​ទាហាន​សហរដ្ឋ​អាមេរិក​ម្នាក់​មាន​សុវត្ថិភាព​នៅ​ខាង​ក្រៅ​តំបន់​ហ្កាហ្សា​បន្ទាប់ពី​បាន​ត្រូវ​ជួយសង្គ្រោះ​ពី​ការប្រយុទ្ធ​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​សម្ងាត់​មួយ​ដែល​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​សហរដ្ឋ​អាមេរិក អ៊ីស្រាអែល អេហ្ស៊ីប​និង​ប្រទេស​ផ្សេង​ទៀត។ នេះ​បើ​តាម​មន្ត្រី​សហរដ្ឋ​អាមេរិក​ម្នាក់​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។

វា​ជា​កិច្ចប្រតិបត្តិការ​មួយ​ដែល​គេ​ដឹងឮ​ដែល​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​អាមេរិកាំង​និង​សមាជិក​ក្រុម​គ្រួសា​ជិតស្និទ្ធ​ក្នុង​អំឡុងពេល​នៃ​ការប្រយុទ្ធ​ថ្មើជើង​ដ៏​ប្រល័យ​អស់​ជា​ច្រើន​ខែ ​និង​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ហ្កាហ្សា។ មនុស្ស​ភាគច្រើន​ដែល​បាន​ចេញពី​តំបន់​ភាគ​ខាងជើង​និង​កណ្តាល​តំបន់​ហ្កាហ្សា​កាត់តាម​ចំណុច​ឆ្លងកាត់ Rafah ចូល​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​រត់គេចចេញ​ទៅតំបន់​ភាគ​ខាង​ត្បូង​ក្នុង​ប៉ុន្មាន​សប្តាហ៍​មុន​នៃ​សង្គ្រាម។ ការរត់គេចចេញ​ពី​ទឹកដី​ប៉ាឡេស្ទីន​កាត់តាម​កន្លែង​ដែល​មាន​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​កាន់តែ​គ្រោះថ្នាក់​និង​កាន់តែ​លំបាក​ឡើង​ចាប់តាំង​ពី​ពេល​នោះ​មក។

អ្នកស្រី Zahra Sckak អាយុ៤៤ឆ្នាំ ​បានចាកចេញ​ពី​តំបន់​ហ្កាហ្សា​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី រួម​ជាមួយ​បងប្អូន​ប្រុស​ថ្លៃ​របស់​អ្នក​ស្រី​ឈ្មោះ Farid Sukaik ជា​ពលរដ្ឋ​អាមេរិកាំង។ នេះ​បើ​តាម​មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP។ មន្ត្រី​រូបនោះ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​បញ្ជាក់​ពី​ការជួយ​សង្គ្រោះ​នេះ​ដែល​បាន​រក្សា​ការសម្ងាត់​ដោយ​មូលហេតុ​សន្តិសុខ។

លោក Abedalla Sckak ដែល​ជា​ស្វាមី​របស់​អ្នកស្រី Sckak ​ត្រូវ​បានគេ​បាញ់​កាលពី​ដំបូង​នៅ​ក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ នៅពេលដែល​ក្រុម​គ្រួសារ​បាន​រត់គេចចេញ​ពី​អគារ​មួយ​កន្លែង​ដែល​រងការវាយ​ប្រហារ​ពី​ការវាយ​ប្រហារ​តាម​អាកាស។ លោក​បាន​ស្លាប់​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក។ កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូនប្រុស ​៣ នាក់​របស់​អ្នក​ស្រីមាន​ឈ្មោះ Ragi A. Sckak អាយុ២៤ឆ្នាំ​ បាន​ធ្វើ​ជា​ទាហាន​ថ្មើជើង​នៅ​ក្នុង​កងទ័ព​សហរដ្ឋ​អាមេរិក។

កិច្ចប្រតិបត្តិការ​សម្ងាត់​នេះ​មាន​ការទាក់ទិន​នឹង​ទាហាន​អ៊ីស្រាអែល​និង​មន្ត្រី​អ៊ីស្រាអែល​ក្នុង​មូលដ្ឋាន ​ដែល​ត្រួតពិនិត្យ​តំបន់​ហ្កាហ្សា​និង​តំបន់ West Bank ដែល​ត្រួតត្រា​ដោយ​អ៊ីស្រាអែល។ នេះ​បើ​តាម​មន្ត្រី​ម្នាក់​របស់​សហរដ្ឋ​អាមេរិក។ មិន​មាន​ការចង្អុល​បង្ហាញ​ថា មន្ត្រី​អាមេរិកាំង​ពាក់ព័ន្ធ​កិច្ចប្រតិបត្តិការ​ក្នុង​តំបន់​ហ្កាហ្សា​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG