ការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃអង្គារលើទីតាំងរបស់ក្រុមហាម៉ាស់នៅជាយក្រុងបៃរុតនៃប្រទេសលីបង់បានសម្លាប់មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ឈ្មោះ Saleh al-Arouri។ នេះបើតាមការបញ្ជាក់របស់ក្រុមហាម៉ាស់និងមន្ត្រីសន្តិសុខនៅក្នុងតំបន់នោះ។
លោក Arouri គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់នៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់និងជាស្ថាបនិកមួយរូបនៃកងពលតូច Qassam របស់យោធាក្រុមហាម៉ាស់ ដែលជាក្រុមធ្វើការវាយប្រហារដ៏ភ្ញាក់ផ្អើលលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានផ្ដល់រង្វាន់ ៥ លានដុល្លារ ដែលជាផ្នែកមួយនៃកម្មវិធីរង្វាន់សម្រាប់យុត្តិធម៌ (Rewards for Justice Program) សម្រាប់ការផ្ដល់ព័ត៌មានណាមួយអំពីលោក Arouri។
យោធាអ៊ីស្រាអែលបានបដិសេធមិនបញ្ចេញមតិណាមួយលើដំណឹងអំពីការស្លាប់របស់លោក Arouri នេះ ប៉ុន្តែការវាយប្រហារដូចនេះណាមួយគឺស្របទៅនឹងគោលបំណងដែលបានសច្ចាទុករបស់អ៊ីស្រាអែលនៅក្នុងការសម្លាប់ថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហាម៉ាស់ ស្របពេលដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមនេះនៅក្នុងតំបន់ហ្កាហ្សា (Gaza) មានរយៈពេលជិត ៣ ខែមកហើយ។
លោក Arouri បានដឹកនាំវត្តមានរបស់ក្រុមហាម៉ាស់នៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានគំរាមសម្លាប់លោក Arouri មុនពេលដែលក្រុមហាម៉ាស់បានវាយឆ្មក់វាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនទៅទៀត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់បានរាយការណ៍ថា មនុស្ស ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើទីតាំងរបស់ក្រុមហាម៉ាស់នៅក្នុងតំបន់រស់នៅដ៏អ៊ូអរមួយកន្លែងនៅជាយក្រុងខាងត្បូងនៃរដ្ឋធានីបៃរុត។
ក្រុមហេសបូឡា (Hezbollah) បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ឧក្រិដ្ឋកម្មនេះនឹងមិនអាចរួចខ្លួនដោយគ្មានចម្លើយឬការដាក់ទោសទណ្ឌនោះទេ»។ ក្រុមនេះបានហៅការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងរបស់ក្រុមហាម៉ាស់នេះថាជា «ការវិវត្តដ៏គ្រោះថ្នាក់នៅក្នុងសង្គ្រាម»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ