សិទ្ធិ​ពលរដ្ឋ​ពី​កំណើត​លេច​ឡើង​ជា​បញ្ហា​របស់​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណ​រដ្ឋ

លោក Donald Trump ​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណ​រដ្ឋ​និយាយ​ទៅ​កាន់​សារព័ត៌មាន​ បន្ទាប់​ពី​បាន​ទៅ​ដល់​ស្តាត​មួយ​ មុន​នឹង​លោក​ចូល​រួម​ការ​តាំង​ពិព័រណ៍​រដ្ឋ Iowa កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៥ នៅ​ក្នុង​ក្រុង Des Moines។

លោក Donald Trump គូ​ប្រកួត​ប្រជែង​នាំមុខ​បេក្ខជន​ប្រធានា​ធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​ឆ្នាំ​២០១៦ ​បាន​ធ្វើ​ឲ្យ​មាន​ការ​គិត​គូរ​ពិចារណា​ថ្មី​ដោយ​បញ្ចប់​ការផ្តល់​សញ្ជាតិ​ថ្មី​ដែល​មាន​រយៈ​ពេល​ជិត​១៥០​ឆ្នាំ​ដល់​ជន​ណា​ដែល​កើត​នៅ​សហរដ្ឋ​អាមេរិក។

មហាសេដ្ឋី​អចលនទ្រព្យ​ដែល​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំងនៅ​ក្នុង​ការ​ស្ទង់​មតិ​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​អំពាវនាវ​ឲ្យ​និរទេសជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន​១១លាន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និយាយថា ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​ចូល​សញ្ជាតិ​ពី​កំណើត ​នៅតែ​ជា​ការ​ទាក់ទាញ​ដ៏​ខ្លាំង​មួយសម្រាប់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។

លោក​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិកដើម្បី​ដក​ចេញ​វិសោធនកម្ម​ទី​១៤​ដែល​ប្រកាស​ថា ​មនុស្ស​ទាំងអស់​ដែល​កើត ​ឬ​ចូល​សញ្ជាតិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ពលរដ្ឋ​អាមេរិកាំង​នោះ។

៥​ខែ​មុន​ពេល​ការ​ប្រកួត​ប្រជែង​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​លើក​ដំបូង​ដើម្បី​ជ្រើសរើស​អ្នក​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ខាង​គណបក្ស​សាធារណ​រដ្ឋ ​លោក Trump ហើយ​និង​គូ​ប្រកួត​ប្រជែង​១៦​នាក់​ផ្សេង​ទៀត​ដើម្បី​ទទួល​បាន​ការ​តែ​ង​តាំង​នៅ​ក្នុង​គណបក្ស​ ​កំពុង​អំពាវនាវ​ឲ្យ​មានវិធានការ​ដើម្បី​ទប់​ស្កាត់​លំហូរ​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្លាម​ដែល​បាន​ឆ្លង​កាត់​តាម​ព្រំ​ដែន​ភាគ​ខាង​ត្បូង​រវាង​សហរដ្ឋ​អាមេរិក​និងប្រទេស​ម៉ិកស៊ិក។

ក៏ប៉ុន្តែ ​មិន​មែន​គូ​ប្រកួត​ប្រជែង​ទាំងអស់​គាំទ្រ​ការ​អំពាវនាវ​របស់​លោក Trump ​ឲ្យ​បញ្ចប់​ពលរដ្ឋ​សិទ្ធិ​ពី​កំណើត​នោះ​ទេ ​ដែល​រួម​មាន​គូ​ប្រកួត​ប្រ​ជែង​សំខាន់ៗ​២​នាក់​របស់​លោក​គឺ លោក Jeb Bush អតីត​អភិបាល​រដ្ឋ Florida ​និង​ជា​កូន​ប្រុស​ និង​ប្អូន​ប្រុស​របស់ប្រធានាធិបតី​សហរដ្ឋអាមេរិក​២រូប ​ហើយ​និង​លោក Marco Rubioសមា​ជិក​ព្រឹទ្ធ​សភា​រដ្ឋ Florida៕