របាយការណ៍​គណបក្ស​ទាំង​ពីរអំពាវ​នាវ​ឲ្យមានផែន​ការ​បញ្ចៀស​កុំឱ្យមានការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​​ឆ្នាំ២០២០

រូបឯកសារ៖ សមាជិកព្រឹទ្ធសភាពីគណបក្សសាធារណរដ្ឋលោក Richard Burr (ខាងស្តាំ) ប្រធានគណៈកម្មការស៊ើបអង្កេតព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាពីគណបក្សប្រជាធិបតេយ្យលោក Mark Warner អនុប្រធានគណៈកម្មាការ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

ក្រោយការ​ស៊ើបអង្កេត​ជាង​ពីរ​ឆ្នាំ​រក​ឃើញ​ថា ​ទី​ភ្នាក់ងារស្រាវជ្រាវខាង​អ៊ីនធឺណិតគាំទ្រ​ដោយ​វិមានក្រឹមឡាំង​ «ស្វះស្វែងឱ្យមានឥទ្ធិពល​លើ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១៦ ដោយធ្វើឱ្យ​ខូចប្រយោជន៍ដល់ឱកាស​ជោគជ័យ​របស់លោក​ស្រី Hillary Clinton ហើយ​គាំទ្រ​លោក Donald Trump តាមអាជ្ញាធរ​វិមានក្រឹមឡាំង​»។

គណៈកម្មាធិការ​ខាង​ស៊ើបការ​សម្ងាត់​របស់​ព្រឹទ្ធសភា​អាមេរិកបានចេញ​ផ្សាយ​របាយការណ៍របស់គណបក្ស​ទាំង​ពីរ​ដែលអំពាវ​នាវ​ដល់រដ្ឋាភិបាល​អាមេរិកនិង​ឧស្សាហកម្ម​ឯកជន​ឱ្យ​បញ្ចៀស​កុំឱ្យគេហទំព័រ​បណ្តាញ​សង្គមត្រូវ​ប្រើប្រាស់ដើម្បី​ជ្រៀត​ជ្រែក​ចូលក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកនៅ​ឆ្នាំ២០២០ ដូច​ដែល​ត្រូវ​ធ្វើ​កាលពី​ឆ្នាំ២០១៦។

សេចក្តី​រាយការណ៍​នេះ​ដែល​បានត្រូវ​ចេញ​ផ្សាយ​កាល​ថ្ងៃ​អង្គារនៅ​ក្រោយ​ការ​ស៊ើបអង្កេត​ជាង​ពីរ​ឆ្នាំ​អំពី​ការស៊ើបអង្កេត​ស្តី​ពី​ការ​ជ្រៀតជ្រែក​របស់​បរទេស​ក្នុងការបោះឆ្នោត​ក្នុងប្រទេស​អាមេរិកបានរក​ឃើញ​ថា ​ទី​ភ្នាក់ងារស្រាវជ្រាវខាង​អ៊ីនធឺណិតដែលគាំទ្រ​ដោយ​វិមានក្រឹមឡាំង​ «ស្វះស្វែងឱ្យមានឥទ្ធិពល​លើ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកកាលពី​ឆ្នាំ២០១៦ ដោយធ្វើឱ្យ​ខូចប្រយោជន៍ដល់ឱកាស​ជោគជ័យ​របស់លោក​ស្រី Hillary Clinton ហើយ​គាំទ្រ​លោក Donald Trump តាមបញ្ជា​របស់​អាជ្ញាធរ​វិមានក្រឹមឡាំង​»។

ការរក​ឃើញ​នេះ​មានដូច​នឹង​ភស្តុតាង​ដែល​សហគមន៍​ស៊ើបការ​សម្ងាត់​អាមេរិកបានរក​ឃើញ​នៅក្រោយការបោះឆ្នោតកាល​ពី​ឆ្នាំ២០១៦ ដែលនៅ​ពេលនោះ​លោក Trump បានឈ្នះលោក​ស្រី​ Hillary Clinton ដែល​ជា​គូ​ប្រជែង​របស់​លោកខាង​គណបក្សប្រជាធិបតេយ្យ។​ របាយ​ការណ៍​នេះ​បាននិយាយ​ថា​ ការ​ជ្រៀតជ្រែក​ទំនង​ជា​នឹង​មាននៅ​មុនការ​បោះឆ្នោតនៅ​ខែវិច្ឆិកា ឆ្នាំ២០២០៕