កោះតៃវ៉ាន់និយាយថា ការបើកឱ្យមានបណ្តាញទាក់ទងគ្នា នឹងជួយកាត់បន្ថយគ្រោះថ្នាក់ដោយការយល់ច្រឡំនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping កំពុងត្រៀមជួបគ្នា នៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G-20 នៅសប្តាហ៍ក្រោយនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ចាប់តាំងពីលោកទាំងពីឡើងកាន់តំណែងជាប្រធានាធិបតីមក។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានថ្លែងប្រាប់ អ្នកស្រី Nike Ching នាយកនៃក្រុមអ្នកយកព័ត៌មានវីអូអេ ប្រចាំក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយថា «ប្រសិនជាថ្នាក់ដឹកនាំជាន់ខ្ពស់ ឬប្រធានាធិបតី ឬអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក អាចនិយាយជាមួយភាគីមេដឹកនាំចិន ដើម្បីដោះស្រាយការព្រួយបារម្ភពីសន្តិភាព ស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ឬពីការដែលប្រទេសចិន បានរំលោភបំពានទៅលើស្ថានភាពដែលមានស្រាប់ហើយនោះ ខ្ញុំគិតថា វានឹងអាចជួយដល់សន្តិភាពក្នុងតំបន់»។
លោកបន្ថែមថា «ពុំមានការទាក់ទងគ្នាជាផ្លូវការណាមួយ រវាងតៃវ៉ាន់និងប្រទេសចិន អស់រយៈពេលយូរហើយ។ ប្រសិនបើសហរដ្ឋអាមេរិកអាចនិយាយជាមួយភាគីចិនអំពីការបារម្ភរបស់តៃវ៉ាន់នោះ នោះជារឿងល្អដែលមានប្រយោជន៍ខ្លាំងដល់កោះតៃវ៉ាន់ផងដែរ»។
កាលពីថ្ងៃអង្គារ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman បានជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក Qin Gang នៅមុនជំនួបដែលត្រូវបានគ្រោងទុករវាងលោក Biden និងលោក Xi។
ទន្ទឹមនឹងនោះដែរ កោះតៃវ៉ាន់ក៏បានអំពាវនាវដល់ប្រទេសចិនឱ្យមានការជួបពិភាក្សាគ្នាជាមួយខ្លួន ដោយមិនដាក់លក្ខខណ្ឌជាមុន ខណៈពេលដែលមានភាពតានតឹងកំពុងកើនឡើង នៅមុនជំនួបកំពូលសេដ្ឋកិច្ចក្នុងតំបន់ ដែលប្រធានាធិបតីចិនលោក Xi Jinping និងបេសកជនរបស់ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen ក៏នឹងចូលរួមផងដែរនោះ។
ស្ថាបនិកក្រុមហ៊ុនផលិតបន្ទះលោហធាតុ Semiconductor របស់តៃវ៉ាន់ លោក Morris Chang នឹងតំណាងឱ្យកោះតៃវ៉ាន់នៅក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ នៅក្នុងរាជធានីបាងកក ប្រទេសថៃ៕
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ថា ជំនួបរវាងលោក Biden និងលោក Xi អាចជួយដល់ស្ថិរភាពច្រកសមុទ្រតៃវ៉ាន់
ក្រសួងការបរទេសអាមេរិក —