លោក Biden ថា​ប្រទេស​លោក​ខាង​លិច​កំពុង​​រង់ចាំ​មើល ​​ថា​តើ​រុស្ស៊ី​នឹង​បន្ថយ​​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ុយក្រែន​ឬទេ

រូបឯកសារ៖ បណ្ដា​មេដឹកនាំ​បស្ចិម​ប្រទេស​ រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden (ទី៥​រាប់​ពី​ឆ្វេង) ឈរ​ថតរូប​រួម​គ្នា​នៅ​ទីស្នាក់ការ​​អង្គការ​អូតង់ ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ Joe Biden ​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ ប្រទេស​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ កំពុង​រង់ចាំ​មើល ​ថាតើ​រុស្ស៊ី​នឹង​បន្ថយ​ការ​វាយ​ប្រហាររបស់​ខ្លួន​នៅ​ជុំវិញ​រដ្ឋធានី​កៀវ​ និង​ទីក្រុង Chernihiv នៅ​ភាគខាង​ជើងរបស់​អ៊ុយក្រែនដែរ​ឬ​យ៉ាង​ណា​នោះ។​ ​

លោក Biden បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ បន្ទាប់​ពី​បាន​និយាយ​តាម​ទូរស័ព្ទ​ជា​មួយ​មេដឹកនាំ​ចក្រភព​អង់គ្លេស​ បារាំង​ និងអ៊ីតាលី​ថា «យើង​នឹង​រង់​ចាំ​មើលប្រសិន​បើ​រុស្ស៊ីធ្វើ​តាម​ការសន្យា​មែន។ ហាក់​ដូចជា​មាន​ការឯកភាព​គ្នាថា​ ​យើង​ត្រូវរង់ចាំ​មើល​សិន​ ថា​តើ​រុស្ស៊ី​នឹងធ្វើអ្វី​នោះ»។

យោធារុស្ស៊ីបាន​និយាយ​កាលពី​ថ្ងៃអង្គារ​នៅក្នុងការ​ចរចា​សន្តិភាព​នៅ​ប្រទេស​តួកគី​ថា​ ​ខ្លួន​នឹង​កាត់បន្ថយ​ប្រតិបត្តិការ​យោធានៅ​ជុំវិញ​ទីក្រុង​កៀវ​និង​ទីក្រុង​ Chernihiv។

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ លោក Alexander Fomin បាន​និយាយថា ចំណាត់ការ​នេះធ្វើ​ឡើង​ក្នុងគោល​បំណង​បង្កើន​ការជឿទុកចិត្តគ្នា​នៅក្នុងការចចា​ដើម្បី​បញ្ចប់ការ​ប្រយុទ្ធគ្នា។​ ​

ក្រសួងការពារ​ជាតិ​អាមេរិក​ បាន​បញ្ជាក់ថា​ កងកម្លាំងយោធា​រុស្ស៊ីមួយ​ចំនួន​តួច​ បាន​ចាប់​ផ្តើមដក​ចេញ​ពី​ទីក្រុងកៀវ​ ​ប៉ុន្តែ​បាន​សម្តែង​នូវ​ការមន្ទិលសង្ស័យ​របស់​ខ្លួន​ជុំវិញ​រឿង​នេះ​ច្រើនជាង​លោក Biden ទៅទៀត។

​អ្នកនាំ​ពាក្យក្រសួងការពារ​ជាតិ​អាមេរិក​លោក​ John Kirby បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រសួង​ការពារជាតិ​អាមេរិក​ថា​ «​យើង​ជឿថា​ នេះគ្រាន់​តែ​ជា​ការ​ផ្លាស់ប្តូរ​ទីតាំង​ឈរជើង​របស់កងកម្លាំង​រុស្ស៊ី​តែប៉ុណ្ណោះ​ មិន​មែន​ជា​ការ​ដកកម្លាំងទ័ព​ចេញ​នោះ​ឡើយ»។​

លោកKirby បន្ថែម​ទៀត​ថា​ «​យើង​មិន​ទាន់​ជឿ​ជាក់​នៅ​ឡើយទេ​ថា​ ការ​គំរាម​កំហែងទៅ​លើ​រដ្ឋធានីកៀវ​ ត្រូវ​បាន​កាត់​បន្ថយ​យ៉ាងច្រើន ដូច​ដែល​បាន​ប្រកាស​ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី​នោះ​ឡើយ»។​

ការ​រុល​ទៅ​មុខ​របស់​កងកម្លាំង​រុស្ស៊ី​ ត្រូវ​ជាប់​គាំង​ ដោយ​មាន​ការ​ប្រឈម​ទប់​ទល់​យ៉ាងខ្លាំង​ពី​សំណាក់ក្រុមប្រយុទ្ធ​របស់​អ៊ុយក្រែន។​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ លោក Sergei Shoigu បាន​និយាយថា​ កងទ័ព​រុស្ស៊ី​ នឹង​ផ្តោត​ទៅលើ​តំបន់ Donbas វិញ​ ដែល​រួម​មានតំបន់​បំបែក​ខ្លួន Luhansk និង Donetsk នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។​ លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​ក្រុង​មូស្គូ​ បាន​សម្រេច​នូវ​គោលដៅ​របស់ខ្លួន​មួយ​ផ្នែក​ធំ​ ក្នុង​ដំណាក់កាលទី​១​នៃ«ប្រតិបត្តិការ​យោធាពិសេស‍»​នេះ​ ដែល​ក្នុងនោះ​រួម​មាន​ការបំផ្លាញនូវសមត្ថភាព​កងទ័ព​របស់​អ៊ុយក្រែន​ផង​ដែរ។​ ​

​អ្នកនាំពាក្យក្រសួងការពារ​ជាតិ​អាមេរិក បាន​គូសបញ្ជាក់​ថា កងកម្លាំងយោធា​រុស្ស៊ី​ ​បាន​បង្កើនសកម្មភាព​និងផ្តោតទៅលើតំបន់​ភាគ​ខាង​កើត​វិញ​ បន្ទាប់​ពី​ត្រូវបាន​ជាប់គាំង នៅ​ក្នុង​យុទ្ធនាការ​យោធា​នៅ​ក្នុងតំបន់​ខាង​ជើង​និង​ខាង​ត្បូង​អ៊ុយក្រែន​នោះ។​

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ កងកម្លាំង​អ៊ុយក្រែន​ បាន​ដណ្តើម​កាន់កាប់​ឡើងវិញនូវ​ទីប្រជុំជន​ Trostyanets ​នៅ​ជិត​ទីក្រុង Sumy ភាគឦសាន​ខណៈពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy បាន​ថ្លែង​នៅ​ ក្នុង​សុន្ទរកថា​របស់​លោក​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា​ កងកម្លាំង​អ៊ុយក្រែន​ បាន​រំដោះ​យកទី​ក្រុង Irpin ដែល​នៅ​ជាយ​រដ្ឋធានី​កៀវ​នោះ​មកវិញ​ហើយ។ ​

​ចំណែក​ប្រធានាធិបតី​តួកគីលោក​ Recep Tayyip Erdogan បានប្រាប់ក្រុម​អ្នកចរចាររុស្ស៊ី​និង​អ៊ុយក្រែន​ នៅ​មុនពេល​ចរចា​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​ថា​ វា​អាស្រ័យ​ទៅ​លើ​ភាគី​ទាំង​ពីរ​ក្នុង​ការ​សម្រេច​បាន​នូវកិច្ចព្រមព្រៀង​ដ៏​រឹង​មាំ​មួយ និង«ក្នុង​ការ​បញ្ចប់​សោកនាដកម្មនេះ»។ កិច្ចចរចានេះត្រូវ​គេ​រំពឹង​ថា​ នឹង​បន្ត​ធ្វើនៅ​ថ្ងៃ​ពុធ​នេះ៕

អ្នកស្រី Margaret Besheer បានរួមចំណែក​ក្នុង​សេចក្ដីរាយការណ៍នេះ​ពី​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ។

ព័ត៌មាន​មួយចំនួន​នៅក្នុង​សេចក្ដីរាយការណ៍នេះ ត្រូវបាន​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន The Associated Press Agence France-Presse និង Reuters