លោក Biden ព្រមាន​ពី​ចំណាត់ការ​ដ៏«ធ្ងន់ធ្ងរ» ប្រសិនបើ​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែងអំពី​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​បន្ទាប​តម្លៃ​ទំនិញ​សម្រាប់​ពលរដ្ឋ​អាមេរិក​ដែល​មាន​ចំណូល​មធ្យម ​នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២។ (AP Photo/Andrew Harnik)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ពី​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin រួមទាំង​ការដាក់​ទណ្ឌកម្ម​បុគ្គល​ប្រ ឆាំង​នឹង​លោក Putin ខ្លួន​ឯងផង​ដែរ ប្រសិនបើ​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ប្រើប្រាស់​កងទ័ព​ប្រមាណ១២៧.០០០​ដែល​ប្រុងប្រៀប​រួចហើយ​ធ្វើ​ការវាយ​ប្រហារ​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រ ទេស​អ៊ុយក្រែននោះ​។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ធ្វើ​ការបញ្ជាក់​យ៉ាង​ច្បាស់​កាលពី​ដំបូង​អំពី​លោក​ប្រធានាធិបតី Putin ប្រសិនបើ​លោក​ត្រូវ​ធ្វើ​អន្តរាគមន៍ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន ការណ៍​នេះនឹង​មាន​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ រួមទាំង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ហើយ​ខ្ញុំ​គិត​ថា ត្រូវ​បង្កើន​វត្តមាន​របស់​យើង វត្តមាន​របស់​អង្គការ​អូតង់​នៅ​រណសិរ្ស​ខាង​កើត​គឺប្រទេស​ប៉ូឡូញ​និង​ប្រទេស​រ៉ូម៉ានីជា​ដើម។ ប្រសិន​បើ​លោក Putinត្រូវ​ធ្វើ​អន្តរាគមន៍​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​ប្រើ​កម្លាំង​ទាំង​អស់​នោះ វា​នឹង​ក្លាយជា​ការទន្ទ្រាន​ដ៏​ធំ​មួយ​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី២មក។ ការណ៍​នេះ​នឹង​ផ្លាស់ប្តូរ​ពិភពលោក»។

លោក​ប្រធានាធិបតី​ក៏​បាន​បញ្ជាក់​ដែរ​ថា កងទ័ព​សហរដ្ឋ​អាមេរិក៨ពាន់៥រយ​នាក់​ដែល​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​ការប្រុងប្រៀប​នៅ​សប្តាហ៍​នេះ នឹង​មិន​ត្រូវ​បញ្ជូន​ចូល​ក្នុង​ទឹកដី​អ៊ុយក្រែន​នោះ​ទេ ហើយ​កងទ័ព​អាមេរិក​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រតិបត្តិការ​របស់​អង្គការ​អូតង់ មិន​មែន​ជា​កិច្ចប្រតិបត្តិការ​របស់​សហរដ្ឋ​អាមេរិក​តែ​មួយ​នោះ​ទេ។ លោក​ប្រធានាធិបតី​មិន​បាន​និយាយ​ថា តើ​នៅពេល​ណា​ដែល​លោក​អាច​សម្រេចចិត្តនឹង​បញ្ជា​កងទ័ព​ទាំង​នោះ​ចូល​ក្នុង​សមរភូមិ​នោះ​ទេ។

លោក Biden មាន​ប្រសាសន៍​ទៀត​ថា សហរដ្ឋ​អាមេរិក​មាន​កាតព្វកិច្ច​ពិសេស​ជួយ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ដែល​ប្រឈម​ការគំរាម​កំហែង។ អ៊ុយក្រែន​មិន​មែន​ជា​សមាជិក​របស់​អង្គការ​អូតង់​ទេ ថ្វី​បើ​អ៊ុយក្រែន​ចង់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​នេះ​ក៏​ដោយ។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ ក៏​រុស្ស៊ី​មើលឃើញ​លទ្ធភាព​នៃ​សមាជិកភាព​អង្គការ​អូតង់​អ៊ុយក្រែន​ជា​ការគំរាម​កំហែង ហើយ​បាន​ទាមទារ​ឲ្យ​សម្ព័ន្ធមិត្ត​ខាង​សន្តិសុខ​នេះ​រារាំង​សមាជិកភាព​របស់​អ៊ុយក្រែន។ លោក Putin បាន​និយាយ​ថា លោក​មិន​មាន​បំណង​ឈ្លានពាន​អ៊ុយក្រែន​ទេ ក៏ប៉ុន្តែ មើលឃើញ​ការពង្រីក​ទៅ​ផ្នែក​ខាង​កើត​របស់​អង្គការ​អូតង់​ថា ជា​ការគំរាម​កំហែង​មួយ។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​បាន​និយាយ​ជាមួយ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ទាំង​អស់​របស់​យើង​តាម​ជំនួប​អនឡាញ ហើយ​យើង​ទាំងអស់​គ្នា​បាន​យល់ ស្រប​គ្នា។ យើង​បាន​ធ្វើ​ការបញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​មាន​ហេតុផល​សម្រាប់​ជន​ណា​ម្នាក់​ឬ​សមាជិក​អង្គការ​អូតង់​ណា​មួយ​ត្រូវ​ព្រួយបារម្ភ​ថា​តើ​យើង​ជា​អង្គការ​អូតង់​នឹង​ការពារ​ពួកគេ​ឬ​ក៏​អត់​នោះ​ទេ»។ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy បាន​ប្រើ​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​អង្គារ​ជំរុញ​ឲ្យ​រក្សា​ការស្ងៀមស្ងាត់​នៅ​ក្នុង​ប្រទេស៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។