លោក ​Biden ​ទៅ​បំពេញ​ទស្សន​កិច្ច​តំបន់​ West Bank ​បន្ទាប់មក​នឹង​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត

ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ឈរនៅមុខវិមានរដ្ឋាភិបាលនៅទីក្រុង Bethlehem ក្នុងតំបន់ West Bank នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ​ទៅ​បំពេញ​ទស្សន​កិច្ច​តំបន់ ​West Bank នៅ​ថ្ងៃ​សុក្រ​នេះ​ ជាទីកន្លែង​ដែល​លោក​មាន​គម្រោង​ជួប​ជាមួយ​មេដឹកនាំ​ប៉ាឡេស្ទីន​លោក​ Mahmoud Abbas។ ​

លោក ​Biden​ ត្រូវ​គេ​រំពឹង​នឹង​ប្រកាស​កញ្ចប់​ថវិកា​ដ៏​សំខាន់​មួយ​សម្រាប់​មន្ទីរពេទ្យ​នៅ​ក្នុង​ទីក្រុង​ Jerusalem ​ភាគ​ខាង​កើត។ ​នេះ​បើ​តាម​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ម្នាក់។​

សេចក្តី​ប្រកាស​ផ្សេង​ទៀត​ដែល​គ្រោង​ធ្វើ រួមមានការផ្តោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន ​ដូច​ជា​ការ​អភិវឌ្ឍ​បណ្តាញ​អ៊ីនធើណិត​ 4G​ នៅ​ក្នុង​តំបន់ ​Gaza​ និង ​West Bank។​

ទោះជាយ៉ាងណា​ក៏​ដោយ ​លោក​ Biden ​មិន​បាន​នាំ​ផែនការថ្មីសម្រាប់​ការ​ចរចា​សន្តិភាព​រវាង​ប៉ាឡេស្ទីន​ និង​អ៊ីស្រាអែល​ទេ។​

នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ​លោក ​Biden ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត។​ ប៉ុន្មាន​ម៉ោង​មុន​លោក​ទៅដល់ ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​បាន​ប្រកាស​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​បាន​បើក​ដែន​អាកាសសម្រាប់​យន្តហោះ​ទាំង​អស់​ ដែល​បញ្ចប់​ការ​ហាមឃាត់​ជើង​យន្ត​ហោះទៅកាន់​ និង​មកពី​អ៊ីស្រាអែល។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ​Biden​ បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Yair Lapid។ ​បន្ទាប់ពី​ជំនួប​នោះ​ មេដឹកនាំ​ទាំង​ពីរ​បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​ដើម្បី​ប្រាប់​អំពី​កិច្ចព្រមព្រៀងនឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​អ៊ីរ៉ង់​ ក្លាយជា​មហា​អំណាច​នុយក្លេអ៊ែរ​ទេ។​

ទោះ​ជាយ៉ាងណា​ក៏​ដោយ ​មេ​ដឹកនាំ​ទាំង​ពីរ​មិន​អាច​ព្រមព្រៀង​គ្នា​អំពី​មធ្យោបាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដើម្បី​រារាំង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែ​របស់​អ៊ីរ៉ង់​ទេ។​

លោក ​Biden​ បាន​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​បន្ត​ជឿជាក់​ថា​ ការទូត​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​សម្រេច​សមិទ្ធផល​នេះ»។​

លោក ​Lapid ​បាន​និយាយ​ថា​៖ «មធ្យោបាយ​តែ​មួយ​គត់​ដែល​នឹង​បញ្ឈប់​អ៊ីរ៉ង់ដឹង​ថា​ គេ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ ​ពិភពលោក​សេរី​នឹង​ប្រើ​កម្លាំង»។​ ​

អ៊ីស្រាអែល​ជា​អ្នក​រិះគន់​ដ៏​សំខាន់​មួយ​ដល់​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​ ២០១៥ ​រវាង​អ៊ីរ៉ង់​និង​ក្រុម​មហាអំណាច​ពិភពលោក ​ដែល​បាន​រឹតត្បិត​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការ​បន្ធូបន្ថយទណ្ឌកម្ម។​ លោក​ Biden ​បាន​ធ្វើ​ជា​អនុ​ប្រធានាធិបតី នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ចុះ​ហត្ថលេខា។​

មាន​ការ​ខំប្រឹងប្រែង​នៅ​ពេល​ថ្មីៗ​នេះ​ដើម្បី​ឱ្យសហរដ្ឋ​អាមេរិក ​និង​អ៊ីរ៉ង់​ត្រឡប់ទៅកាន់​កិច្ចព្រមព្រៀង​នោះ​វិញ​ រួមទាំង​ការ​ចរចា​នៅ​ក្នុង​ទីក្រុង​វីយ៉ែន ​ប្រទេស​អូទ្រីស​ផង​ដែរ៕