លោក Joe Biden ដែលគេសន្មត់ថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក បានជំរុញពលរដ្ឋអាមេរិកាំងកាលពីថ្ងៃពុធម្សិលមិញ ឲ្យមានភាពរឹងមាំនៅក្នុងការទប់ទល់នឹងការកើនឡើងនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ហើយលោកបានធានាចំពោះពួកគេថា៖ «សហរដ្ឋអាមេរិកនឹងមិនចាញ់សង្គ្រាមនេះទេ»។
នៅមួយថ្ងៃមុនថ្ងៃបុណ្យរំឭកគុណ Thanksgiving ចូលមកដល់ លោក Biden បានសន្យាថា៖ «មានក្តីសង្ឃឹមពិតប្រាកដ ដូច្នេះមិនត្រូវចុះចាញ់ទេ។ ជំងឺនេះ នឹងមិនស្ថិតនៅជារៀងរហូតនោះឡើយ»។
លោកបានមានប្រសាសន៍ថា វ៉ាក់សាំងដំបូងប្រឆាំងនឹងជំងឺកូវីដ១៩ អាចមាននៅចុងខែធ្នូខាងមុខនេះ និងបានសន្យាថា នឹងធ្វើយ៉ាងណាឲ្យ «ពលរដ្ឋទាំងអស់នៅក្នុងប្រទេសទទួលបានការចាក់វ៉ាក់សាំងនេះឲ្យបានឆាប់តាមដែលអាចធ្វើបាន»។
លោក Biden បានបញ្ជាក់នៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ថា នៅក្នុងពេលដ៏សំខាន់នេះ ប្រជាពលរដ្ឋចាំបាច់ត្រូវអនុវត្តនូវការប្រុងប្រយ័ត្នជាមុនដូចជាការរក្សាគម្លាតពីគ្នា ការពាក់ម៉ាស់ និងការមិនប្រមូលផ្តុំគ្នាជាក្រុមធំៗជាដើម។
លោក Biden បានបន្ថែមថា ក្នុងមួយជីវិតរបស់លោក លោកមានទម្លាប់ជួបជុំគ្រួសារក្នុងទ្រង់ទ្រាយធំនៅថ្ងៃបុណ្យ Thanksgiving ក៏ប៉ុន្តែឆ្នាំនេះ លោកនឹងប្រារព្ធពិធីបុណ្យនេះជាមួយតែភរិយារបស់លោក គឺអ្នកស្រី Jill Biden រួមទាំងកូនស្រីរបស់លោក គឺអ្នកស្រី Ashley ហើយនឹងលោក Howard Krein ដែលជាស្វាមីរបស់អ្នកស្រី Ashley តែប៉ុណ្ណោះ។
លោក Biden ដែលត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខ បាននិយាយថា ប្រទេសជាតិកំពុង «ប្រឈមនឹងរដូវរងាដ៏យូរ និងលំបាកមួយ»។
សហរដ្ឋអាមេរិក មានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ប្រហែល ១ លានករណីក្នុងមួយសប្ដាហ៍ នៅក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ហើយមានអ្នកស្លាប់ដោយសារជំងឺនេះជាង ២៦១.០០០ នាក់ ច្រើនជាងប្រទេសណាៗទាំងអស់។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins៕