Biden ថា​ស.រ.អា.​នឹង​ជួយ​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រសិន​បើ​មាន​ការ​ចាំបាច់

អនុប្រធានាធិបតី​ស.រ.អា.​ លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​ទីក្រុង​ Munich លើក​ទី​៥១​ នៅ​សណ្ឋាគារ​ Bayerischer Hof ក្នុង​ទីក្រុង​ Munich កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥។

លោក​អនុប្រធានាធិបតី​ស.រ.អា. Joe Biden បាន​មាន​ប្រសាសន៍​ថា​ស.រ.អា.​ចង់​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ដោយ​សន្តិវិធី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ក៏ប៉ុន្តែ​លោក​បាន​និយាយ​ថា​ស.រ.អា.​នឹងជួយ​រដ្ឋាភិបាល​ក្រុង​កៀវ​ (Kiev) ការពារ​ខ្លួន​ប្រឆាំង​នឹង​ប្រទេសរុស្ស៊ី​បើ​វា​ជា​ការ​ចាំបាច់។​

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោកបាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​អន្តរជាតិ​ក្នុង​ក្រុង Munich ប្រទេស​អាល្លឺម៉ង់​ លោក​ Biden បាន​មាន​ប្រសាសន៍​ថា​លោក​ប្រធានាធិបតី​ Vladimir Putin នៃ​ប្រទេសរុស្ស៊ី​បាន​សន្យា​ច្រើន​ដង​ថា​ធ្វើការ​ដើម្បី​ឱ្យ​មាន​សន្តិភាព​ក៏​ប៉ុន្តែ​លោក​បាន​បញ្ជូន​ «កង​រថក្រោះ ក្រុម​ទាហាន​និង​គ្រឿង​អាវុធ​» ទៅ​កាន់​តំបន់​ជម្លោះ​នេះទៅ​វិញ។​ លោក​បាន​និយាយ​ថា​ប្រទេស​រុស្ស៊ី​គួរ​តែ​វិនិច្ឆ័យ​តាមរយៈ​សកម្មភាព​របស់​ខ្លួន​មិនមែន​ដោយពាក្យ​សម្តី​របស់​ខ្លួន​ទេ។

លោក​ Biden បាន​មាន​ប្រសាសន៍​ថា​ស.រ.អា.​នឹង​បន្តផ្តល់ «ជំនួយ​ផ្នែក​សន្តិសុខ» ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​មិនមែន​ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​មាន​សង្គ្រាម​ទេ ក៏ប៉ុន្តែ​ដើម្បី​អនុញ្ញាត​ឱ្យ​ប្រទេស​អ៊ុយក្រែន​ការពារ​ខ្លូន។ ​លោក​អនុប្រធានាធិបតី​ Biden បាន​មាន​ប្រសាសន៍ថា «យើង​មាន​ជំនឿ​ថា​យើង​គួរ​ប៉ុនប៉ង​ធ្វើឱ្យ​មាន​សន្តិភាពមួយ​ប្រកប​ដោយ​កិត្តិយស។​ ក៏ប៉ុន្តែ​យើង​ក៏មាន​ជំនឿ​ដែរ​ថា​ប្រជារាស្ត្រ​អ៊ុយក្រែន​មាន​សិទ្ធិ​ក្នុង​ការពារខ្លួនឯង»។

មួយ​ភ្លែត​ក្រោយ​មក លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Petro Poreshenko បាន​និយាយមក​ទៅ​កាន់​សន្និសីទ​នេះ​ដោយ​លោក​បាន​កាន់​លិខិត​ឆ្លងដែន​រុស្ស៊ី​មួយ​ចំនួន​លើកទ្បើងហើយ​លោកបាន​និយាយ​ថា​លិខិត​ឆ្លងដែន​ទាំង​នេះ​បាន​ត្រូវ​ប្រមូល​ពី​ក្រុម​ទាហាន​រុស្ស៊ី​នៅច្រើន​គ.ម.​ខាងក្នុង​ព្រំដែន​នៃ​ប្រទេស​អ៊ុយក្រែន។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​ថា​មាន​ជនស៊ីវិល​៥ពាន់​៦រយនាក់​ហើយ​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ជម្លោះ​នេះ​ចាប់តាំង​ពី​ខែ​មេសា​មុន​ហើយ​លោក​បាន​ហៅ​ជម្លោះ​នេះ​ថា​ជា​ «សោកនាដកម្ម​វិលវល់​មួយ​សម្រាប់​ប្រទេស​ជាតិខ្ញុំ»៕​