លោក Biden ទៅ​រដ្ឋ Georgia ដែល​ជា​ចំណុច​ក្តៅ​សម្រាប់​ការបោះឆ្នោត​ដើម្បី​ផ្សព្វផ្សាយ​ផែនការ​ស្តារ​សេដ្ឋកិច្ច

  • ​Reuters

លោកប្រធានាធិបតី Joe Biden ថ្លែងសុន្ទរកថាសម័យប្រជុំសភារួមគ្នាកាលពីថ្ងៃពុធ ទី២៨ ខែមេសា នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី Joe Biden អបអរ​ថ្ងៃ​ទី​១០០ ​នៃការ​កាន់​តំណែង​របស់​លោក​ដោយ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ Georgia នៅថ្ងៃ​ព្រហស្បតិ៍​ ដើម្បីសួរ​សុខទុក្ខ​លោក​អតីត​ប្រធានាធិបតី Jimmy Carter និង​បង្ហើប​ផែនការ​របស់​លោក​ដែល​ចំណាយ​ប្រាក់​រាប់​លាន​ លានដុល្លារ​ដើម្បី​កសាង​សេដ្ឋកិច្ច​សហ​រដ្ឋ​អាមេរិក​ឡើង​វិញ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​តិចតួច​ដោយសារ​ជំងឺ​រាតត្បាត​នៃ​កូវីដ១៩ លោក Biden កំពុង​បង្កើន​ការ​ធ្វើដំណើរ​របស់​លោក​ បន្ទាប់ពី​សុន្ទរកថា​ដំបូង​របស់​លោក​ទៅ​សម័យ​ប្រជុំ​រួម​នៃ​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ពុធ។ លោក​មាន​ការជួបប្រជុំ​នៅ​ជិត​ក្រុង Atlanta កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​នឹង​ការឈប់​សំចត​ធ្វើ​យុទ្ធនាការ​បន្ថែម​ ​គ្រោង​ធ្វើ​នៅថ្ងៃ​ព្រហស្បតិ៍​នៅ​រដ្ឋ​ Pennsylvania និង​រដ្ឋ Virginia នៅ​ប៉ុន្មាន​ថ្ងៃខាង​មុខ​ទៀត។

ក្នុង​សុន្ទរកថា​របស់​លោក​ទៅកាន់​សភា លោក ​Biden ​បាន​អំពាវនាវ​ឲ្យ​ជនជាតិ​អាមេរិកាំង​គាំទ្រ​ផែនការ (blue-collar blueprin) ​គឺ​ផែនការ​ជ័យជម្នះ​របស់​លោក​សម្រាប់​ការ​ផ្លាស់ប្តូរ​ដោយ​និយាយ​ថា រដ្ឋបាល​របស់​លោកនឹង​វិនិយោគ​ទឹកប្រាក់​រួមគ្នា​ចំនួន​៤ ​លាន លាន​ដុល្លារ​សម្រាប់​ឧបត្ថម្ភ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដើម្បី​ជួយ​ពលរដ្ឋ​វណ្ណៈកណ្តាល​ឡើង​វិញ។​

លោក Biden បាន​បញ្ជាក់​ថា ផែនការ​របស់​លោក​នឹង​បន្ថែម​ការងារ​រាប់លាន​ដែល​មាន​ប្រាក់ខែ​ច្រើន​ និង​បង្កើន​ថវិកា​រាប់​លានលាន​ដុល្លារ​សម្រាប់​ផលិតផល​សេដ្ឋកិច្ច​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ ​ខណៈជួយ​ផ្លាស់ប្តូរ​ការរើសអើង​ជាតិ​សាសន៍​ជាច្រើន​ទសវត្សរ៍។ លោក​អតីត​ប្រធានាធិបតី​ Donald Trump បាន​សម្តែង​ការព្រួយ​បារម្ភ​អំពី​ការ​ដំឡើង​ពន្ធ​លើ​សាជីវកម្ម​ដែលលោក ​Biden ចង់​យកមក​ចំណាយ​សម្រាប់​ផែនការ​របស់​លោក។ លោក​បាន​ព្យាករណ៍​ថា​ វានឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ចេញ​ទៅបរទេស៕