ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ទីប្រជុំជនមួយដែលស្ថិតនៅក្បែរព្រំដែនប្រទេសប៉ូឡូញ និងអ៊ុយក្រែននៅថ្ងៃសុក្រនេះដើម្បីព្យាយាមបង្ហាញសញ្ញានៃការតាំងចិត្តរបស់លោកខាងលិចប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
យន្តហោះ Air Force One នឹងដឹកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ទៅកាន់ទីក្រុង Rzeszow ដែលស្ថិតនៅផ្នែកខាងកើតប្រទេសប៉ូឡូញដែលមានចម្ងាយប្រមាណមិនដល់៨០គីឡូម៉ែត្រផងពីប្រទេសអ៊ុយក្រែនដែលហែកហួរដោយសារសង្គ្រាម និងកំពុងតស៊ូ ដើម្បីបណ្តេញការឈ្លានពានដ៏ព្រៃផ្សៃរបស់រុស្ស៊ី។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីន តោនក្នុងការការពារសម្ព័ន្ធមិត្តអង្គការអូតង់ ស្របពេលដែលការភ័យខ្លាចកំពុងកើនឡើង ដែលថា សង្គ្រាមដែលកំពុងឆាបឆេះក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេល១ខែមកហើយនេះ អាចនឹងឆ្លងរាលដាលឆ្ពោះទៅទិសខាងលិចដូចអ្វីដែលប្រធានាធិបតីអាមេរិកហៅថា អាច
«ជាសង្រ្គាមលោកលើកទី៣»នោះ។
ការមិនបដិសេធពីការប្រើប្រាស់អាវុធនុយក្លែអ៊ែររបស់រដ្ឋាភិបាលវិមានក្រឹមឡាំង ក៏ដូចជាការ ផ្សព្វផ្សាយព័ត៌មានមិនពិតនានាជុំវិញអាវុធជីវសាស្ត្រនិងគីមីនៅក្នុងប្រទេសអ៊ុយក្រែនផងនោះ បានធ្វើឲ្យរដ្ឋាភិបាលក្រុងកៀវរបស់អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន មានក្តីបារម្ភដល់ស្ថានការណ៍វិវត្តកាន់តែគ្រោះថ្នាក់ខ្លាំងឡើង។
ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីអាមេរិកក៏នឹងជួបជាមួយកងទ័ពអាកាសអាមេរិកនៃកងពលទ័ពអាកាសលេខ៨២ ដែលកំពុងឈរជើងក្នុងប្រទេសប៉ូឡូញដែលជាផ្នែកមួយនៃការបង្កើនការពង្រាយកម្លាំងកងទ័ពរបស់អង្គការអូតង់នៅតំបន់អឺរ៉ុបខាងកើត។
នៅឯកិច្ចប្រជុំកំពូលបន្ទាន់មួយរបស់អង្គការអូតង់នៅក្នុងទីក្រុងព្រុចសែលនៃប្រទេសបែល ហ្ស៊ិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អង្គការអូតង់ បានប្រកាសពីការដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅក្នុងប្រទេសរូម៉ានី ហុងគ្រី ស្លូវ៉ាគី និងប្រទេសប៊ុលហ្គារី ក៏ដូចជាជំរុញឲ្យមានការការពារអាវុធនុយក្លេអ៊ែរ និងអាវុធគីមីផងដែរក្នុងករណីដែលរុស៊្សីពង្រីកការវាយប្រហាររបស់ខ្លួនហួសផុតពីប្រទេសអ៊ុយក្រែន។
នៅក្នុងប្រទេសប៉ូឡូញ លោកប្រធានាធិបតី Biden ក៏នឹងទទួលបានពីព័ត៌មានស្តីពីស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនផងដែរដែលរហូតមកដល់ពេលនេះ គេឃើញមានមនុស្សប្រមាណជាង៣លាន ៥សែននាក់ កំពុងសម្រុកចាកចេញពីប្រទេសនេះដែលភាគច្រើនទៅកាន់ប្រទេសប៉ូឡូញ៕
ទីក្រុងព្រុចសែល —