ក្នុងថ្ងៃគម្រប់១០០ថ្ងៃនៃការកាន់តំណែងរបស់លោក ប្រធានាធិបតីសហរដ្ឋអាមេរិករំពឹងថានឹងប្រើប្រាស់នូវសុន្ទរកថាដំបូងរបស់លោកនៅក្នុងកិច្ចប្រជុំរួមរបស់សភាអាមេរិកទាំងពីរថ្នាក់នៅយប់ថ្ងៃពុធ ដើម្បីផ្សព្វផ្សាយពីទឹកប្រាក់វិនិយោគចំនួន ១,៨លានលានដុល្លារ ដែលជួយក្នុងការលើកកម្ពស់កុមារ ក្រុមគ្រួសារ និងវិស័យអប់រំ ដែលនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវតួនាទីរបស់រដ្ឋាភិបាល នៅក្នុងជីវភាពសង្គមអាមេរិកនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP ។
ក្នុងកិច្ចការអន្តរជាតិវិញ លោក Biden រំពឹងថានឹងថ្លែងអំពីគោលបំណងអាមេរិកនៅក្នុងទាក់ទងជាមួយប្រទេសផ្សេងៗ និងការប្រកាន់យកតួនាទីជាមេដឹកនាំនៅលើឆាកអន្តរជាតិ។
លោក Biden នឹងថ្លែងសុន្ទរកថា នៅចំពោះមុខសមាជិកសភាអាមេរិក ដែលពាក់ម៉ាស់ ដោយសារការរឹតបន្តឹងវិធានការជំងឺកូវីដ១៩។ វិមានសភាអាមេរិកទាំងមូលនៅតែមានការដាក់របងរនាំងការពារសន្តិសុខ បន្ទាប់ពីមានកុប្បកម្មប្រឆាំងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី៦ ខែមករានៅក្នុងវិមានសភាអាមេរិក ដែលជាកន្លែងលោកត្រូវឈរថ្លែងសុន្ទកថានៅពេលឆាប់ៗខាងមុខនេះ។
ក្នុងសុន្ទករថាដែលនឹងត្រូវផ្សាយផ្ទាល់តាមទូរទស្សន៍ នៅវេលម៉ោង៩យប់ថ្ងៃពុធ ម៉ោងក្នុងសហរដ្ឋអាមេរិក ឬត្រូវនឹងម៉ោង៨ព្រឹក ថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងប្រទេសកម្ពុជានោះ លោកប្រធានាធិបតី Biden ក៏នឹងបញ្ជាក់ផងដែរពីស្ថានភាពនៃសកម្មភាពប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ១៩របស់រដ្ឋាភិបាលអាមេរិក ការចាក់វ៉ាក់សាំងបង្ការជំងឺនេះ និងជំនួយសង្គ្រោះដល់អ្នកដែលប៉ះពាល់ដោយសារជំងឺនេះ ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សជាង៥៧៣.០០០នាក់នៅអាមេរិក។
លោកJoe Biden បានជាប់ឆ្នោត ដោយបានសន្យាមួយផ្នែកថានឹងដោះស្រាយវិបត្តិជំងឺកូវីដ១៩។ លោក Biden ក៏នឹងផ្សព្វផ្សាយពីទឹកប្រាក់ប្រមាណ២,៣លានលាន (ទ្រីលាន)ដុល្លារ ក្នុងផែនការស្តារហេដ្ឋារចនាសម្ព័ន្ធ ដែលថវិកាទាំងនោះនឹងបានពីការតម្លើងពន្ធដារកាន់តែខ្ពស់លើក្រុមហ៊ុនសហគ្រាសឯកជននានានោះ។
ចំណែកគោលនយោបាយអន្តរជាតិវិញ អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki បានលើកឡើងមុនសុន្ទរកថានោះថា លោកប្រធានាធិបតី Biden នឹងលើកឡើងពីគោលនយោបាយការបរទេសរបស់អាមេរិក ដែលរួមមាន «ការទទួលយកតួនាទីដឹកនាំក្នុងពិភពលោកឡើងវិញ និងលើកពីគុណតម្លៃរបស់អាមេរិក ក្នុងនាមជាប្រជាជាតិមួយ»។ អ្នកស្រីបន្តទៀតថា លោកប្រធានាធិបតី នឹងគូសបញ្ជាក់ពីចំណុចអាទិភាពមួយចំនួននៃគោលនយោបាយការបរទេសរបស់អាមេរិក ដែលក្នុងនោះក៏រួមមានផងដែរ ពីការចូលរួមពាក់ព័ន្ធជាមួយប្រទេសចិននោះ។
គួរបញ្ជាក់ថានេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលនៅយប់ថ្ងៃពុធ នឹងមានអនុប្រធានាធិបតីអាមេរិកជាស្រ្តី គឺអ្នកស្រី Kamala Harris ត្រូវអង្គុយនៅពីក្រោយប្រធានាធិបតីអាមេរិកក្នុងសុន្ទរកថាទៅកាន់សភានោះ៕