ក្នុងពេលកំពុងមានការបារម្ភកាន់តែខ្លាំងឡើងអំពីចិននិងកូរ៉េខាងជើងនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃសុក្រនេះ ជាមួយមេដឹកនាំនៃប្រទេសជប៉ុននិងកូរ៉េខាងត្បូង នៅកន្លែងសម្រាកវិស្សមកាល Camp David ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលត្រីភាគីនេះត្រូវគេរំពឹងថា នឹងទទួលបានលទ្ធផលស្តីពីគំនិតផ្តួចផ្តើមរួមនៃការការពារជាតិ បច្ចេកវិទ្យា និងសន្តិសុខសេដ្ឋកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាស៊ីទាំងពីររបស់ខ្លួន។
កម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ការបង្ហាញសាច់ដុំកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការកើនឡើងកាន់តែខ្លាំងនៃទំនាក់ទំនងរវាងកូរ៉េខាងជើង រុស្ស៊ីនិងចិន បានក្លាយជាប្រធានបទដ៏សំខាន់នៃជំនួបប្រជុំកំពូលត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសកូរ៉េខាងត្បូង។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងដូចនេះថា៖ «អស់លោកលោកស្រីនឹងបានឃើញវិធានការជាក់ស្តែងមួយចំនួនដែលយើងកំពុងធ្វើ ដើម្បីលើកកម្ពស់សមត្ថភាពរបស់យើង នៅក្នុងការផ្តល់សន្តិសុខរបស់យើងក្នុងនាមជាប្រទេសទាំង ៣ និងទូលំទូលាយជាងនេះទៅទៀតនៅក្នុងការផ្ដល់សន្តិសុខដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
វិធានការទាំងនេះត្រូវគេរំពឹងថា នឹងរួមមានផងដែរនូវការលើកកម្ពស់ប្រព័ន្ធព្រមានជាមុន ប្រឆាំងនឹងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ការពង្រីកការទប់ទល់នុយក្លេអ៊ែរ ក៏ដូចជាការបង្កើនការធ្វើសមយុទ្ធយោធា និងកិច្ចសហប្រតិបត្តិការសន្តិសុខអ៊ីនធឺណិតជាដើម។
កិច្ចសហប្រតិបត្តិការលើការរាំងខ្ទប់ការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន និងបញ្ហាសន្តិសុខសេដ្ឋកិច្ចផ្សេងៗដទៃទៀត ក៏នឹងក្លាយជាប្រធានបទដែលត្រូវផ្តោតនៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ៕