លោក​ Biden និង​លោក​ Sunak ​ប្រកាស​ពី​ភាព​ជា​ដៃគូ​លើ​ថាមពល​ស្អាត​និង​បច្ចេវិទ្យា​ថ្មី

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅក្នុងសន្និសីទរួមគ្នាមួយ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ Joe Biden ​និង​នាយក​រដ្ឋមន្ត្រីចក្រភព​អង់គ្លេស​លោក​ Rishi Sunak បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មិ្សលមិញ​ ពីភាព​ជា​ដៃគូ​ផ្នែក​សេដ្ឋកិច្ច ឬ Atlantic Declaration ដែល​ផ្តោត​ទៅ​លើ​អន្តរកាលថាមពលនិងបច្ចេកវិទ្យា​ដែល​ទើប​បង្កើតថ្មីៗ​ ដែលត្រូវ​បាន​ចាត់​ទុក​ថា​ មាន​សារៈសំខាន់ខ្លាំង​ដល់​សន្តិសុខ​ជាតិ។

លោក Biden និយាយ​ថា​ កិច្ចព្រមព្រៀង​នេះ​ នឹង​ជួយ​ដល់សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ ឱ្យ​នៅ​តែ​ស្ថិត​ក្នុង​ទីតាំង​មួយ​ដ៏​ល្អ នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​មាន​ការ​ប្រែ​ប្រួល​ដ៏​ឆាប់​រហ័ស​នេះ។​

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​មេដឹកនាំ​ទាំង​ពីរ​ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ ជុំវិញការ​រីកចម្រើន​ទៅ​មុខ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីដ៏​ទូលំទូលាយ​មួយ​រវាង​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ ដែល​គណបក្ស​អភិរក្ស​និយមអង់គ្លេស​បាន​សន្យា​ក្នុង​ឆ្នាំ​ ២០១៩ ថា​ នឹង​ធ្វើ​ការ​ចរចា​រឿង​នេះ​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​នៃការ​គ្រប់គ្រង​អំណាច​របស់​ខ្លួន។

ការប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដែល​គ្របដណ្តប់​លើវិស័យ​បច្ចេកវិទ្យា​ ដូច​ជា​បន្ទះសៀគ្វី​អេឡិចត្រូនិក​ semiconductor ​និង​បញ្ញាសិប្បនិម្មិត​ជា​ដើម​នោះ​កើត​មាន​ឡើង​ ក្រោយ​ពីមាន​ការ​ជួប​ពិភាក្សា​គ្នា​មួយ​ចំនួន​នៅ​សេតវិមាន​ដែល​សំដៅ​ដោះស្រាយ​ទៅ​លើ​ចំណងទាក់ទង​ខាង​ផ្នែក​សេដ្ឋកិច្ច ​និង​ការ​គាំទ្រទៅ​លើការ​ការ​ពាររបស់​ប្រទេស​អ៊ុយក្រែន​ ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ជាដើម។

សរសរស្តម្ភ​នៃ​សេចក្តី​ប្រកាស​អាត្លង់ទិក​ ឬ Atlantic Declaration មាន​រួម​បញ្ចូល​នូវ​ការ​ធានា​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស នៅ​ក្នុង​សម័យ​បច្ចេវិទ្យា​កំពុង​លេចធ្លោ​និង​មាន​សារៈសំខាន់​ ​សន្តិសុខ​សេដ្ឋកិច្ច ​ការ​ផ្លាស់​ប្តូរ​ឌីជីថល​ និង​អន្តរកាលឆ្ពោះ​ទៅ​រកថាមពល​ស្អាត​ជា​ដើម។​

បើយោង​តាម​សេតវិមាន កិច្ចព្រមព្រៀងនេះ​នឹង​ធ្វើ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​ទំនាក់​ទំនង​វិនិយោគទុន​និង​ពាណិជ្ជកម្ម​ សង្វាក់​ផ្គត់ផ្គង់​ប្រកប​ដោយ​ភាព​ចម្រុះ​ និង​ការ​កាត់បន្ថយ​ការ​ពឹង​ផ្អែក​ជា​យុទ្ធសាស្ត្រ​ទៅ​លើ​គូសត្រូវ​ដែល​មានអំណាច​ខ្លាំង៕

អ្នកស្រី Anita Powell និងអ្នកស្រី Katherine Gypson រាយការណ៍បន្ថែម