ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ទទួល​ជួប​ពិភាក្សា​ជាមួយ​លោក Sunak នៅ​សេតវិមាន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជួប​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Rishi Sunak ក្នុង​ទីក្រុង​ Belfast កាលពីថ្ងៃទី​១២ ឧសភា ឆ្នាំ២០២៣។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជួប​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Rishi Sunak ក្នុង​ទីក្រុង​ Belfast កាលពីថ្ងៃទី​១២ ឧសភា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ទទួល​ស្វាគមន៍​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Rishi Sunak ដើម្បី​ធ្វើការ​ពិភាក្សា​នៅ​ឯ​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្ដោត​លើ​បញ្ហាទំនាក់ទំនង​សេដ្ឋកិច្ច​និង​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ទស្សនកិច្ច​របស់​លោក Sunak នេះ​គឺ​ជា​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​លោក​មក​កាន់​សហរដ្ឋ​អាមេរិក​តាំងពី​ពេល​លោក​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស​កាលពី​ខែ​តុលា​ឆ្នាំ​មុន​មក ប៉ុន្តែ​លោក​និង​លោក Biden បាន​ជួប​គ្នា ៣ ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ។

អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី Karine Jean-Pierre បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា៖ «មេដឹកនាំ​ទាំង​ពីរ​នឹង​ពិនិត្យ​លើ​បញ្ហា​ជា​ច្រើន​នៅ​លើ​សាកលលោក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​របស់​យើង ការ​គាំទ្រ​រួម​គ្នា​របស់​យើង​ចំពោះ​អ៊ុយក្រែន​នៅ​ពេល​ដែល​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី និង​វិធានការ​បន្ថែម​ដើម្បី​ពន្លឿន​ការ​ផ្លាស់ប្ដូរ​ទៅ​រក​ថាមពល​ស្អាត​ផង​ដែរ»។

នៅ​មុន​ការ​ពិភាក្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក Sunak ​បាន​និយាយ​ថា ​លោក​នឹង​ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​នៅ​ក្នុង​ស្មារតី​ដូច​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការពារ​និង​សន្តិសុខ​របស់​ប្រទេស​ទាំង​ពីរ៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​សេតវិមាន​អ្នកស្រី Anita Powell បាន​រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ Reuters

XS
SM
MD
LG