លោក Biden ថា សហរដ្ឋ​អាមេរិក​នឹង​ការពារ​តៃវ៉ាន់​ក្នុង​ករណី​មាន​ការ​ឈ្លានពាន​ពី​ចិន

  • Reuters

រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​ខាង​ក្រៅ​សាល​ប្រវត្តិសាស្ត្រ Independence Hall ក្នុង​ទី​ក្រុង Philadelphia សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុង​កម្មវិធី «60 Minutes» របស់​ទូរទស្សន៍ CBS ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា កងទ័ព​សហរដ្ឋ​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់ ក្នុង​ករណី​ដែល​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានReuters។

នៅ​ពេល​សួរ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​នោះ​ថា​តើ​កងទ័ព​សហរដ្ឋ​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​ដែរ​ឬ​ទេ លោក Biden បាន​ឆ្លើយ​ថា៖ «ប្រាកដ​ណាស់ ប្រសិនបើ​មាន​ការ​វាយ​ប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។

នៅ​ពេល​សួរ​បញ្ជាក់​ថា ​តើ​លោក​ចង់​មាន​ន័យ​ថា ផ្ទុយ​ពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន កងទ័ព​សហរដ្ឋ​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​ក្នុង​ករណី​ដែល​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​ចិន​មែន​ទេ លោក Biden បាន​ឆ្លើយ​ថា៖ «បាទ! មែន​ហើយ»។

ការ​លើកឡើង​របស់​លោក Biden លើក​នេះ​មាន​លក្ខណៈ​ច្បាស់​ជាង​ការ​លើកឡើង​កាលពី​លើក​មុនៗ​អំពី​ការ​តាំងចិត្ត​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​ដើម្បី​ការពារ​កោះ​តៃវ៉ាន់។

អស់​រយៈពេល​ជា​យូរ​មក​ហើយ សហរដ្ឋ​អាមេរិក​បាន​នៅ​ប្រកាន់​ខ្ជាប់​តាម​គោល​នយោបាយ​នៃ «ភាព​មិន​ច្បាស់លាស់​ផ្នែក​យុទ្ធសាស្ត្រ» ចំពោះ​កោះ​តៃវ៉ាន់ និង​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​ខ្លួន​នឹង​ឆ្លើយតប​បែប​យោធា​ឬ​ក៏​យ៉ាង​ណា​នោះ​ចំពោះ​ការ​វាយ​ប្រហារ​ណា​មួយ​លើ​កោះ​តៃវ៉ាន់។

នៅ​ពេល​សួរ​អំពី​រឿង​នេះ អ្នក​នាំពាក្យ​សេតវិមាន​បាន​និយាយ​ថា គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់​មិន​មាន​ការ​ប្រែប្រួល​ទេ។

អ្នក​នាំពាក្យ​រូប​នោះ​បាន​និយាយ​ថា៖ «លោក​ប្រធានាធិបតី​បាន​និយាយ​អំពី​បញ្ហា​នេះ​កាលពី​ពេល​មុន​រួច​មក​ហើយ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​លើកឡើង​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​កាលពី​ដើម​ឆ្នាំ​នេះ​ផង​ដែរ។ នៅ​ពេល​នោះ លោក​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ផង​ដែរ​ថា គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់​មិន​មាន​ការ​ផ្លាស់ប្តូរ​ទេ។ ករណី​នេះ​គឺ​នៅតែ​ជា​ការពិត»។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​របស់​ទូរទស្សន៍ CBS នេះ លោក Biden បាន​បញ្ជាក់​ឡើង​វិញ​ថា សហរដ្ឋ​អាមេរិក​នៅតែ​តាំងចិត្ត​ចំពោះ​គោល​នយោបាយ «ចិន​តែ​មួយ» ដែល​នៅ​ក្នុង​គោល​នយោបាយ​នោះ សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​ផ្លូវការ មិន​មែន​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ទេ និង​បាន​និយាយ​ថា៖ «យើង​មិន​មែន​លើក​ទឹកចិត្ត​ឱ្យ​តៃវ៉ាន់​មាន​ឯករាជ្យភាព​នោះ​ឡើយ ...នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​តៃវ៉ាន់​ផ្ទាល់»។

ក្រសួង​ការបរទេស​តៃវ៉ាន់​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក Biden សម្រាប់​ការ​បញ្ជាក់​អះអាង​ជា​ថ្មី​របស់​លោក​អំពី «ការ​តាំងចិត្ត​ផ្នែក​សន្តិសុខ​ដ៏​រឹងមាំ​ដូច​ថ្ម​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចំពោះ​តៃវ៉ាន់»។

ក្រសួង​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា តៃវ៉ាន់​នឹង​នៅតែ​បន្ត​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​និង​ធ្វើ​ឱ្យ​ភាព​ជា​ដៃគូ​ផ្នែក​សន្តិសុខ​រវាង​តៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត៕