អ្នកតំណាង​ពាណិជ្ជកម្ម​របស់​លោក Biden ត្រូវគេ​រំពឹង​ថា នឹង​តតាំង​ជាមួយ​ចិន

រូបឯកសារ៖ អ្នកស្រី Katherine Tai ដែល​លោក​ប្រធានាធិបតី Joe Biden បាន​តែងតាំង​ឲ្យ​កាន់​តំណែង​ជា​អ្នកតំណាង​ពាណិជ្ជកម្ម​ស.រ.អ ថ្លែង​នៅក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង Wilmington រដ្ឋ Delawarek កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

អ្នកស្រី Katherine Tai ដែល​លោក​ប្រធានាធិបតី Joe Biden បាន​តែងតាំង​ឲ្យ​កាន់​តំណែង​ជាអ្នក​តំណាង​ពាណិជ្ជកម្មសហរដ្ឋ​អាមេរិក​នោះ មាន​បទពិសោធន៍​យ៉ាង​ច្រើន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន។ អ្នកវិភាគ​រំពឹង​ថា អ្នកស្រី នឹង​តតាំង​យ៉ាង​ខ្លាំងក្លា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​រឿង​ពាណិជ្ជកម្ម។ អ្នកស្រី Tai ដែល​ចេះ​និយាយ​ភាសា​ចិន​កុកងឺ​នោះ កំពុង​រង់ចាំ​ការ​អនុមត្តិ​ពី​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

ប្រសិន​បើ​ពួក​មេដឹកនាំចិនមានសំណួរ​អំពី​ថា ​តើ​រដ្ឋបាល​លោក​ Biden នឹង​ដោះស្រាយជម្លោះពាណិជ្ជកម្ម​កំពុង​មានរវាង​ប្រទេស​ទាំង​ពីរបែបណា​នោះ​ ការតែងតាំង​អ្នកស្រី Katherine Tai ជាអ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ អាច​ឆ្លើយសំណួរ​ពួក​គេ​បាន​យ៉ាង​ច្បាស់លាស់។

អ្នក​ស្រី Tai ជា​មេធាវី​ដែល​ធ្លាប់​បាន​កាន់តំណែង​ជា​ប្រធាន​ទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​គណៈកម្មាធិការសភា​តំណាង​រាស្ត្រ​ទទួល​បន្ទុក​ការ​ប្រមូល​ពន្ធដារ​និង​ប្រាក់​ចំណូល​ចាប់​តាំង​ពី​ឆ្នាំ​២០១៧មក។

មុន​ពេលចូល​បំរើការ​ក្នុងគណៈកម្មាធិការនេះ​កាល​ពី​ឆ្នាំ២០១៤​ អ្នកស្រី Tai បាន​ធ្វើការ​ចំនួន​បី​បួន​ឆ្នាំនៅ​ការិយាល័យ​នៃអ្នក​តំណាងពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ដោយមានរួម​បញ្ចូលរយៈពេលបី​ឆ្នាំជា​ប្រធានមេធាវីសម្រាប់​ផ្នែក​ពង្រឹង​ការធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន​ដែល​នៅ​ទី​នោះ​ ការងារ​អ្នកស្រី គឺ​គ្រប់គ្រង​ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ចិន​នៅចំពោះ​មុខ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

អ្នក​ស្រី Tai ចេះនិយាយ​ភាសា​ចិនកុកងឺយ៉ាងប៉ិន​ប្រសប់ ហើយ​ស្គាល់ប្រទេស​ចិន​យ៉ាង​ច្បាស់លាស់។ ក្រោ​យ​ពី​បាន​ទទួល​បរិញ្ញាប័ត្រពី​សាកលវិទ្យាល័យ Yale អ្នក​ស្រីបានចំណាយពេល​ជា​ច្រើន​ឆ្នាំ នៅ​ក្នុង​ប្រទេស​ចិននិង​បាន​បង្រៀន​ភាសា​អង់គ្លេសនៅ​សាកលវិទ្យាល័យ​ Zhongshan នា​ក្រុង Guangzhou។

អ្នកស្រីមិន​សូវ​ធ្វើ​អត្ថាធិប្បាយ​ទេ ចាប់តាំង​ពី​អ្នកស្រី​បានទទួល​ការ​ស្នើ​ឈ្មោះ​ឱ្យ​កាន់​តំណែងនេះ​មក ពីព្រោះអ្នកស្រី​រង់ចាំ​ការយល់​ព្រម​ពី​ព្រឹទ្ធសភា។

ក៏​ប៉ុន្តែ​នៅ​ក្នុង​សុន្ទរកថា​មួយដែល​អ្នក​ស្រី​បានថ្លែង​នៅចំពោះមុខក្រុមប្រឹក្សាជាតិ​ខាង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស អ្នកស្រី Tai បាន​និយាយ​ច្បាស់លាស់​ថា​ អ្នកស្រី​យល់​ឃើញ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និងប្រទេសចិនជា​កត្តាមួយក្នុងបណ្តាកត្តាសំខាន់ៗនៅក្នុង​ពិភពលោក​មួយ​ដែលអ្នក​ស្រីថ្លែងថា ​«ហាក់​ដូច​ជា​កាន់​តែ​ស្មុគ្រស្មាញនិង​កាន់តែ​ងាយ​ប្រេះឆា​ជាងនៅ​ពេល​ណាៗទាំង​អស់​ក្នុង​ជីវិត​អ្នកស្រី»។

អ្នកស្រី​បាននិយាយ​ថា «ប្រទេស​ជាតិនិង​ប្រជាពលរដ្ឋ​យើង​ប្រឈមនឹង​ឧបសគ្គ​យ៉ាង​ច្រើន​ក្នុង​ការ​ស្វែង​រក​វិធី​រក្សាសេចក្តី​ថ្លៃថ្នូររបស់យើង​និងកន្លែង​របស់យើង​នៅក្នុងពិភពលោក។ នៅលើ​ឆាក​អន្តរជាតិ​ យើង​ប្រឈម​នឹង​ការប្រកួត​ប្រជែង​ពី​ប្រទេស​ចិនដែល​កាន់តែ​លូតលាស់និងមាន​មហិច្ឆតា​កាន់តែ​ធំឡើង ដែល​នៅ​ទីនោះ​ពួក​អ្នក​រៀបចំ​ផែនការ​មជ្ឈឹម​គ្មានរងការដាក់​សម្ពាធពី​គណបក្ស​នយោបាយ​ ពី​ការបោះឆ្នោតដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ឬពី​មតិ​ប្រជាពលរដ្ឋទេ»។

​លោក Jason E. Kearns ជាប្រធានគណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ដែល​ជា​អង្គការឯករាជ្យមួយ។ លោកព៌ណនា​អ្នកស្រី​ Tai ថា ​ជា​«អ្នក​គិត​គូរ​យុទ្ធសាស្ត្រ»ម្នាក់​ដែល​ព្យាយាម​ធ្វើ​សេចក្តី​សម្រេច​ពិបាកៗតាម​ស្ថានការណ៍​ជាក់ស្តែង។

លោក Kearns បានកាន់​តំណែងមុនអ្នកស្រី Tai ក្នុងគណៈកម្មាធិការសភា​តំណាង​រាស្ត្រ​ទទួល​បន្ទុក​ការ​ប្រមូល​ពន្ធដារ​និង​ប្រាក់​ចំណូល​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ ដែល​ទទួល​បន្ទុក​លើពន្ឋដារនិង​ពាណិជ្ជកម្ម​ផង​ដែរ។ ​លោក​បានយក​អ្នកស្រី​ធ្វើ​ជា​បុគ្គលិក​ហើយ​បានធ្វើការ​ជា​ច្រើន​ឆ្នាំ​ជាមួយ​អ្នកស្រី។ លោក​បាន​យល់ព្រម​និយាយអំពី​អ្នកស្រី​ក្នុង​លក្ខណៈ​ផ្ទាល់​ខ្លួន​ ហើយ​មិន​មែន​ក្នុង​តួនាទី​លោក​ជា​ប្រធានគណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិកទេ។

លោក Kearns បាននិយាយ​ថា «អ្នកស្រី​ Tai ជា​អ្នកស្តាប់ហ្មត់ចត់​ ហើយនេះ​ជា​វិធី​របស់​អ្នកស្រី​ក្នុង​ការដោះស្រាយបញ្ហា​ទាំង​អស់​ដែល​អ្នកស្រី​ត្រូវ​ដោះស្រាយ។ អ្នកស្រី​បានខិតខំ​ធ្វើ​ឱ្យ​មានការ​មូល​មតិ​គ្នា​ ហើយ​ខ្ញុំ​យល់​ថា ​អ្នកស្រីមានជោគជ័យ​ណាស់​ក្នុង​កិច្ចការ​នេះ»។

លោក Kearns បាន​ថ្លែង​ថាអ្នកស្រី​ Tai រួមផ្សំ​ការ​និយាយ​លេងសើច​ តែ​មាន​ទំនុក​ចិត្ត​ដែលអាច​ឱ្យ​អ្នកស្រីធ្វើការ​ចរចា​ខាង​ពាណិជ្ជកម្មអន្តរជាតិបានល្អ​ប្រសើរ​ ជា​ពិសេស​ជា​មួយប្រទេស​ចិន។​ លោក​បាន​ពោល​ថា​ អ្នកស្រី​ទទួល​ស្គាល់​ថា ​«ប្រទេស​ចិននាំឱ្យ​មានឧបសគ្គធ្ងន់ធ្ងរ​ខ្លះសម្រាប់​យើង» ​ហើយ​របៀប​ដោះស្រាយ​បញ្ហា​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងរបស់​អ្នកស្រី​មាន​ភាព«គិតគូរ​ល្អិតល្អន់» ​និងមាន​«ភាព​រឹងមាំ»។

នេះជា​អ្វីដែលក្រុម​ហ៊ុនអាមេរិកាំងជា​ច្រើន​ដែល​ខិតខំ​ប្រកួត​ប្រជែង​ក្នុង​ប្រទេស​ចិន​ ក៏​សង្ឃឹមថា ​នឹង​ទទួល​បាន​ពី​អ្នកស្រី Tai ដែរ។

លោក Doug Barry ជាអ្នកនាំ​ពាក្យនៃក្រុម​ប្រឹក្សា​ធុរកិច្ចរវាង​សហរដ្ឋ​អាមេរិក និង​ប្រទេសចិន ​ដែល​មាន​ទីស្នាក់ការ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ក្រុង​ប៉េកាំង ​និង​ក្រុង​សៀងហៃ។ លោក​បាន​ថ្លែង​ថា «ជន​ណា​ដែល​និយាយ​ថា អ្នកស្រី Katherine Tai ជាមនុស្ស​ខ្សោយ​ ឬ​ងាយ​ស្រួល​ជា​មួយ​ប្រទេស​ចិននោះ​ នឹង​មានការ​ភ្ញាក់​ផ្អើល។ អ្នកស្រី​ជាមនុស្ស​មានគុណវុឌ្ឍិច្រើនបំផុតអំពី​បញ្ហា​ប្រទេស​ចិនក្នុង​ការិយាល័យ​នេះ។ អ្នកស្រីដឹង​អំពី​បញ្ហា​ទាំងអស់។ អ្នកស្រី​ស្គាល់​ប្រទេសចិន​ច្បាស់លាស់​ណាស់។ ហេតុដូច្នេះ​គ្មាននរណា​អាច​បំភ័ន្ត​អ្នក​ស្រី​បានទេ»។

លោក Barry បាន​ថ្លែង​ថា ​អ្នកស្រី ​Tai ដឹង​ច្បាស់​អំពី​ការលំបាក​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​មុន​ក្នុងការធ្វើឱ្យ​ប្រទេសចិន​គោរព​តាម​ការ​សន្យា​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ក្នុង​កិច្ចព្រមព្រៀងពាណិជ្ជកម្មកាល​ពី​ពេល​មុនៗ។

លោក Barry បាន​ពោលថា «របៀប​ដោះស្រាយរបស់ប្រទេសចិន​ភាគច្រើន​ គឺ​អូស​បន្លាយ​ដល់សម្បទានខ្លះ​ដែល​ខ្លួនបាន​សន្យា​ថានឹងធ្វើ ហើយ​អ្នកស្រី​នឹង​ធ្វើ​ឲ្យ​ចិន​គោរព​តាម​ស្តង់ដារតឹងរ៉ឹង​ជាង​មុននិងតាម​ពេលវេលាច្បាស់លាស់​ជាង​មុន​យ៉ាងខ្លាំង​ក្នុង​ការ​ផ្តល់​សម្បទាន​ទាំងនោះ​ នៅ​ពេលដែល​រដ្ឋបាលលោក Biden រំពឹង​ថា​ ចិន​ នឹងបំពេញ​តាមសន្យាដែល​ខ្លួន​បានធ្វើ​ច្រើន​ឆ្នាំ​មក​ហើយនោះ»។

ការ​ជាប់​ទាក់ទង​របស់អ្នកស្រី Tai ជា​មួយ​ប្រទេស​ចិន មាន​យូរយាមក​ហើយ។ ឪពុក​ម្តាយអ្នកស្រីកើត​ក្នុង​ប្រទេសចិន​ដី​គោក ធំដឹងក្តីនៅ​កោះ​តែវ៉ាន់ ហើយ​ទៅ​រស់នៅ​ក្នុងសហរដ្ឋ​អាមេរិក។ អ្នកស្រី Tai បានកើតក្នុង​រដ្ឋ Connecticut កាល​ពី​ឆ្នាំ១៩៧៤ តែ​អ្នក​ស្រី បាន​ធំដឹងក្តី​ក្នុង​រដ្ឋធានី Washington ដែល​នៅ​ទី​នោះ​ឪពុក​អ្នកស្រី​ធ្វើការ​ជាអ្នក​ស្រាវជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌលវេជ្ជសាស្ត្រ​ Walter Reed ហើយម្តាយ​អ្នកស្រី​ធ្វើការ​នៅវិទ្យាស្ថាន​សុខភាព​ជាតិ។

ក្រោយការ​បំពេញ​ការ​សិក្សា​នៅឯ​មហាវិទ្យាល័យ​ច្បាប់​នៃសាកលវិទ្យាល័យ Harvard អ្នកស្រី Tai បាន​ធ្វើការ​ជា​មេធាវីពាណិជ្ជកម្ម​នៅ​ក្នុង​ក្រុមហ៊ុន​មេធាវីល្បី​ឈ្មោះ​ផ្សេងៗ​ក្នុងរដ្ឋធានី Washington មុនពេលអ្នកស្រី​ចូល​ធ្វើការក្នុង​រដ្ឋាភិបាល។

អ្នកស្រី Tai បាននិយាយ​ប្រាប់​ក្រុមប្រឹក្សាជាតិ​ខាង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ថាគោលដៅ​របស់រដ្ឋបាលលោក Biden គឺ«អនុវត្តគោលនយោបាយពាណិជ្ជកម្ម​មួយ​ដែល​ផ្តោតលើ​ពលករ»។

អ្នក​ស្រី​បានថ្លែង​ថា ​ក្នុង​ការអនុវត្តន៍ជាក់ស្តែង​ ការណ៍​នេះ​មាន​ន័យ​ថា ​«គោលនយោបាយពាណិជ្ជកម្មរបស់​សហរដ្ឋ​អាមេរិក ត្រូវផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​ សហគមន៍​ និង​ពលករ​សាមញ្ញ។​ ហើយការណ៍​នេះ ចាប់​ផ្តើម​ជា​មួយការ​ទទួលស្គាល់​ថា​ ​ប្រជាពលរដ្ឋ​មិនមែនគ្រាន់​តែ​ជា​អ្នក​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​ប៉ុណ្ណោះ​ទេ ​តែ​ពួក​គេ​ថែមទាំង​ជា​អ្នកធ្វើការងារ​ ​និង​ជា​អ្នក​មាន​ប្រាក់​បៀវត្សរ៍​ផង​ដែរ។

អ្នកស្រី Tai បាននិយាយ​បន្ត​ថា «ពលរដ្ឋ​មេរិកាំងមិន​មែន​គ្រាន់​តែបានផល​ប្រយោជន៍​ពី​តម្លៃ​ថោកនិងជម្រើសទំនិញច្រើន​នៅ​ក្នុង​ហាង​លក់ទំនិញ​និង​ផ្សារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បានផល​ប្រយោជន៍​ពី​ការ​មាន​ការងារ​ល្អ​ដែល​មានប្រាក់បៀវត្សរ៍​ច្រើន​ផង​ដែរ៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ