ផែនការ​សន្តិសុខ​ជាតិ​របស់​លោក Biden ផ្តោត​ខ្លាំង​លើ​ប្រទេស​ចិន

  • Reuters

រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ធ្វើ​ដំណើរ​មក​ដល់​សេតវិមាន​តាម​ឧត្ថម្ភាគចក្រ​ប្រធានាធិបតី Marine One កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២២។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បង្ហាញ​ឯកសារ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​កាលពី​ថ្ងៃ​ពុធ ដែល​ឯកសារ​នេះ​មាន​បំណង​ទប់ទល់​នឹង​ឥទ្ធិពល​កើនឡើង​របស់​ប្រទេស​ចិន​និង​សង្កត់​ធ្ងន់​ឡើង​វិញ​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើការ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​កំពុង​ប្រឈម។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ឯកសារ​យុទ្ធសាស្ត្រ​ដែល​មាន​កម្រាស់ ៤៨ ទំព័រ​នេះ ដែល​ត្រូវ​បាន​ពន្យារពេល​ដោយសារតែ​វិបត្តិ​អ៊ុយក្រែន​នោះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មិន​មាន​ការ​ប្រែប្រួល​ខ្លាំងក្លា​ណា​មួយ​នៅ​ក្នុង​គោល​គំនិត​និង​មិន​បាន​ស្នើ​នូវ​គោលការណ៍​សំខាន់​ថ្មី​ណា​មួយ​សម្រាប់​គោល​នយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នោះ​ឡើយ។

ឯកសារ​យុទ្ធសាស្ត្រ​នេះ​បាន​បញ្ជាក់​ថា បើ​ទោះបីជា​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ក៏ដោយ ក៏​ប្រទេស​ចិន​នៅតែ​តំណាង​ឱ្យ​បញ្ហា​ប្រឈម​ដ៏​ខ្លាំងក្លា​បំផុត​ចំពោះ​របៀប​រៀបរយ​ពិភពលោក។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan បាន​បញ្ជាក់​នៅ​ក្នុង​ការ​បង្ហាញ​អំពី​ឯកសារ​យុទ្ធសាស្ត្រ​នេះ​កាលពី​ថ្ងៃ​ពុធ​ថា៖ «សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅតែ​រក្សា​គោល​បំណង​និង​សមត្ថភាព​ដើម្បី​កែប្រែ​របៀប​រៀបរយ​អន្តរជាតិ​ឱ្យ​ក្លាយទៅជា​របៀប​រៀបរយ​មួយ​ដែល​ធ្វើ​ឱ្យ​ផ្អៀង​ដល់ [តុល្យភាព] ប្រកួតប្រជែង​នៅ​លើ​សាកលលោក​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន បើ​ទោះបីជា​សហរដ្ឋ​អាមេរិក​នៅតែ​តាំងចិត្ត​ចំពោះ​ការ​គ្រប់គ្រង​ការ​ប្រកួត​ប្រជែង​រវាង​ប្រទេស​យើង​ទាំង​ពីរ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ក៏ដោយ»។

លោក Sullivan បាន​លើកឡើង​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន នៅ​ពេល​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​ប្រឈម​នានា​ដែល​ប៉ះពាល់​ដល់​មនុស្ស​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់ ដែល​បញ្ហា​ប្រឈម​ទាំង​នោះ​មាន​ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ អសន្តិសុខ​ស្បៀង​អាហារ ជំងឺ​ឆ្លង ភេរវកម្ម ការ​ផ្លាស់ប្ដូរ​ថាមពល​ប្រើប្រាស់ និង​អតិផរណា​ជាដើម៕