ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា មេដឹកនាំរុស្ស៊ីលោកVladimir Putin បានធ្វើការវាយតម្លៃខុសយ៉ាងធ្ងន់ធ្ងរនៅក្នុងការចូលឈ្លានពានប្រទេសអ៊ុយក្រែន ហើយលោក Putinបានគិតថា លោកអាចធ្វើឲ្យពិភពលោកសេរី «ឱនលំទោនចំពោះការគំរាមកំហែងរបស់លោកបាន» ។
លោកBiden បានប្រើសុន្ទរកថាប្រចាំឆ្នាំស្តីពីស្ថានភាពសហព័ន្ធរបស់លោកទៅកាន់ប្រទេសជាតិដើម្បីសម្តែងការគាំទ្រដល់ប្រទេសអ៊ុយក្រែននិងសង្កត់ធ្ងន់ពីការឆ្លើយតបជាធ្លុងមួយពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនដែលរួមមានការបញ្ជូនអាវុធនិងជំនួយទៅកាន់អ៊ុយក្រែននិងការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរប្រឆាំងនឹងរុស្ស៊ី។
លោកBiden បញ្ជាក់ថា៖ «លោក Putin អាចឡោមព័ទ្ធរដ្ឋធានីកៀវដោយប្រើរថក្រោះ ក៏ប៉ុន្តែលោកនឹងមិនអាចឈ្នះទឹកចិត្តនិងព្រលឹងរបស់ពលរដ្ឋអ៊ុយក្រែនបានទេ។ លោក Putinមិនអាចបំបាត់ការស្រឡាញ់សេរីភាពរបស់ពលរដ្ឋអ៊ុយក្រែនបានឡើយ ហើយក៏មិនអាចធ្វើឲ្យចុះខ្សោយនូវការបេ្តជ្ញាចិត្តរបស់ពិភពលោកសេរីបានដែរ»។
លោកBiden ក៏បានប្រកាសពីការបិទដែនអាកាសរបស់អាមេរិកចំពោះជើងយន្តហោះទាំងអស់របស់រុស្ស៊ី។ លោកក៏បានបញ្ជាក់ឡើងវិញផងដែរថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកង ទ័ពទៅប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែនទេ ហើយលោកបានថ្លែងទៀតថា សម្ព័ន្ធមិត្តរបស់អង្គការអូតង់នឹងការពារទឹកដីរបស់រដ្ឋជាសមាជិកអង្គការនោះមិនឲ្យបាត់មួយចង្អាមទេ។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy បាននិយាយទូរសព្ទជាមួយប្រធានាធិបតីអាមេរិកលោកJoe Biden កាលពីថ្ងៃអង្គារម្សិលមិញអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងជំនួយយោធាដល់អ៊ុយក្រែន។ លោក Zelenskyy បានបង្ហោះសារតាមTwitter ថា៖ «យើងត្រូវតែបញ្ឈប់ជនឈ្លានពានឲ្យបានឆាប់រហ័សតាមលទ្ធភាពដែលអាចធ្វើទៅបាន»។
ទីក្រុងធំបំផុតទី២របស់អ៊ុយក្រែន គឺទីក្រុង Kharkiv បានទទួលរងនូវការបាញ់ផ្តក់យ៉ាងខ្លាំងពីសំណាក់កងទ័ពរុស្ស៊ីកាលពីថ្ងៃអង្គារម្សិលមិញ រួមទាំងការវាយប្រហារលើអគាររដ្ឋបាលក្នុងតំបន់ដែលស្ថិតនៅចំកណ្តាលទីក្រុងនេះផងដែរ។ លោក Zelenskyy បានហៅការវាយប្រហាររបស់រុស្ស៊ីនោះថា «ជាអំពើភេរវកម្មដ៏ជាក់ច្បាស់» និងជាឧក្រិដ្ឋកម្មសង្គ្រាម៕
មួយថ្ងៃបន្ទាប់ពីការចរចាជាមួយពួកមន្ត្រីរុស្ស៊ីដែលមិនទទួលបានដំណោះស្រាយស្តីពីការ ទាមទាររបស់អ៊ុយក្រែនឲ្យមានការឈប់បាញ់និងការដកកងទ័ពរបស់រុស្ស៊ីចេញពីប្រទេសអ៊ុយក្រែននោះ លោកZelenskyyក៏បានអំពាវនាវជាថ្មីម្តងទៀតឲ្យបញ្ឈប់ការប្រយុទ្ធគ្នាដើម្បីផ្តល់ឱកាសឲ្យមានការចរចាគ្នា៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។