លោក Biden ថា អត្ថាធិប្បាយ​របស់​លោក​​ស្តីពី​លោក Putin ជា​​កំហឹង​ខាង​សីលធម៌​តែ​ប៉ុណ្ណោះ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden ថ្លែង​អំពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២។ (AP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ លោក​នឹង​មិន​«សុំទោស»​ចំពោះ​ការថ្លែងជា​សាធារណៈ​នា​ពេល​ថ្មីៗ​នេះ​ដែល​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin «មិន​អាច​កាន់​អំណាច»​បាន​ទៀត​នោះ​ទេ​ដោយ​លោក​បញ្ជាក់​ថា នេះ​ជា​ការ​«បង្ហាញ​នូវ​កំហឹងរបស់​លោក» និង​មិន​មែន​ជា​ការ​អំពាវនាវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​របប​ដឹកនាំ​នៅ​ក្នុង​ទីក្រុង​មូស្គូ​នោះ​ឡើយ។

លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា៖ «មនុស្ស​ដូច​នេះ​ មិន​គួរ​ដឹកនាំ​ប្រទេស​នោះ​ឡើយ ប៉ុន្តែ​គេនៅ​តែ​ដឹកនាំ។ ក៏ប៉ុន្តែ​ ពាក្យ​ទាំង​នេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​មិន​អាច​បញ្ចេញ​កំហឹងលើ​រឿង​នឹង​នោះបាន​ទេ»។

លោក បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​មិន​បាន​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ​គោលនយោបាយ​នោះ​ឡើយ»។

លោក Biden បាន​ថ្លែង​អំពី​លោក Putin នៅពេលជួប​ជាមួយក្រុម​ជន​ភៀសខ្លួនអ៊ុយក្រែន​និងអ្នក​ស្ម័គ្រចិត្ត​អន្តរជាតិនៅក្នុង​ប្រទេសប៉ូឡូញ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ដែល​ការលើក​ឡើង​របស់​លោកនេះ​ធ្វើ​ឲ្យ​មាន​ភាព​ចម្រួងចម្រាស​នៅក្នុង​សហរដ្ឋ​អាមេរិក​និង​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​របស់អាមេរិក​នៅ​អឺរ៉ុប​ខាង​លិច​មួយ​ចំនួន​មាន​ការ​ភ្ញាក់ផ្អើល​ពី​រឿង​នេះ។

លោក Biden បាន​ថ្លែង​ខណៈ​ដែល​បដិសេធអំពី​ទស្សនៈ​ដែល​ថា ការថ្លែង​របស់​លោក​អាចបង្កើន​ភាព​តានតឹងជុំវិញសង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ថា «ខ្ញុំ​មិន​មាន​បំណង​ទាល់​តែ​សោះ​ ក្នុងការ​ចូលរួម​ធ្វើ​សង្គ្រាម​លើ​ដី​ឬ​សង្គ្រាម​នុយក្លេអ៊ែរ​មួយ​នឹង​រុស្ស៊ី»។

សុន្ទរកថា​កាល​ពី​ថ្ងៃ​សៅរ៍៖


ទន្ទឹម​នឹង​នេះ​ដែរ កង​ទ័ពរុស្ស៊ីនៅក្នុង​ប្រទេស​អ៊ុយក្រែន បាន​បញ្ឈប់​ការរុល​ទៅមុខទៅ​កាន់​រដ្ឋធានី​កៀវរបស់​អ៊ុយក្រែន​ដោយ​ទំនង​ដូចជា​ផ្តោត​ទៅ​លើតំបន់​នៅ​ភាគខាង​កើត​អ៊ុយក្រែន​វិញ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់​ខ្ពស់​ក្រសួង​ការពារជាតិ​អាមេរិក​មួយ​រូប។

មន្រ្តី​អាមេរិករូប​នេះ​ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទម្សិលមិញក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា៖ «ច្បាស់​ណាស់ កងទ័ព​រុស៊្សី មិន​ព្យាយាម​រុល​ទៅមុខឆ្ពោះ​ទៅ​កាន់​ទីក្រុង​កៀវ​នោះ​ទៀត​ឡើយ។ អ្វី​ដែល​យើង​កំពុង​ឃើញ​នោះ​គឺ​ថា ពួក​គេ​បន្ត​ផ្តល់​អាទិភាព​ឡើង​វិញនៅ​ក្នុង​តំបន់ Donbas»។

ដោយ​ឡែក​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​វិញនិយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​ឯកជន​របស់​រុស្ស៊ី​មួយ​ឈ្មោះ Wagner Group បាន​ដាក់​ពង្រាយ​កម្លាំងនៅតំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters