សភា​សហរដ្ឋ​អាមេរិក​ពិនិត្យ​ឡើង​វិញ​លើ​អំណាច​ធ្វើ​សង្គ្រាម​របស់​ប្រធានាធិបតី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

ជា​លើក​ដំបូង​ក្នុង​ពេល​ជិត​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ការ​អនុញ្ញាត​របស់​សភា​សហរដ្ឋ​អាមេរិក​ដែល​បញ្ជាក់​ថា​ត្រឹមត្រូវ​សម្រាប់​ការ​ធ្វើ​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ប្រទេស​អ៊ីរ៉ាក់ និង​ការ​ប្រឡូក​នៅ​ក្នុង​ប្រទេស​ស៊ីរី​រហូត​ដល់​ប្រទេស​យេម៉ែន ក៏​ដូចជា​ការ​វាយ​ប្រហារ​សម្លាប់​ឧត្តមសេនីយ៍​អ៊ីរ៉ង់​លោក Qassem Soleimani ផងដែរ កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា។

លោក Gregory Meeks ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «ក្នុង​ពេល ២០ ឆ្នាំ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បន្ត​បន្ទាប់​បាន​បកស្រាយ​និង​បកស្រាយ​ឡើង​វិញ​នូវ​អត្ថបទ​នៃ​សេចក្តី​សម្រេច​នោះ​ដើម្បី​ប្រើ​វា​ប្រឆាំង​នឹង​ក្រុម​នានា​នៅ​ក្នុង​ប្រទេស​ផ្សេងៗ។ ដំណើរការ​នេះ​ស្ទើរតែ​បាន​កាត់ផ្តាច់​សភា​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ជា​មូលដ្ឋាន​របស់​ខ្លួន​នៅ​ក្នុង​ការ​សម្រេច​អំពី​បញ្ហា​សង្គ្រាម​និង​សន្តិភាព»។

នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក សភា​មាន​អំណាច​ប្រកាស​សង្គ្រាម ក៏​ប៉ុន្តែ​ច្បាប់​ឆ្នាំ ២០០១ និង​ឆ្នាំ ២០០២ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​កម្លាំង​យោធា បាន​ផ្តល់​អំណាច​ដ៏​ទូលំទូលាយ​ដល់​ប្រធានាធិបតី​នៅ​ក្នុង​ការ​ប្រឡូក​នឹង​សង្គ្រាម​នៅ​ក្រៅ​ប្រទេស។

លោក Jim McGovern សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Massachusetts បាន​និយាយ​ថា៖ «ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នីមួយៗ​កាន់តែ​ចាត់​វិធានការ​តែ​ម្នាក់​ឯង និង​បាន​ប្រាប់​សភា​តិចតួច​បំផុត​អំពី​សកម្មភាព​យោធា។ ប្រធានាធិបតី​នីមួយៗ​និង​មេធាវី​របស់​ខ្លួន បាន​យក​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​យោធា​ដែល​មាន​អាយុ​កាល ២០ ឆ្នាំ​មក​ហើយ​នេះ មក​ធ្វើ​ជា​សំអាង​បញ្ជាក់​ហេតុផល​ត្រឹមត្រូវ​នៅ​ក្នុង​ចាត់​វិធានការ​របស់​ពួកគេ។ ប្រសិនបើ​យើង​មិន​ធ្វើ​អ្វី​នោះ​ទេ នោះ​យើង​មិន​គួរ​ភ្ញាក់ផ្អើល​នឹង​លទ្ធផល​នៃ​វិធានការ​ទាំង​នោះ​ឡើយ»។

ការ​ជជែក​ដេញដោល​នេះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ថ្មី​កាលពី​ដើម​ខែ​មីនា គឺ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​ជា​ថ្មី​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ីរ៉ង់។ សេតវិមាន​បាន​ផ្តល់​សញ្ញា​ថា ខ្លួន​ចង់​ធ្វើការ​ជាមួយ​សភា​ដើម្បី​លុបចោល​ច្បាប់​អនុញ្ញាត​ទាំង​នេះ ហើយ​ដាក់​ជំនួស​វិញ​ដោយ​គោលការណ៍​មួយ​ដែល​មាន​លក្ខណៈ​ចង្អៀត​ជាង​នេះ។

អ្នកស្រី Rebecca Ingber សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ច្បាប់ Cardozo នៃ​សាកល​វិទ្យាល័យ Yeshiva បាន​និយាយ​ថា៖ «គោលការណ៍​ថ្មី​នេះ​គួរ​ដាក់​បញ្ចូល​នូវ​ផលវិបាក​ជាក់លាក់​ដូចជា​ការ​កាត់​បន្ថយ​ការ​ផ្ដល់​ថវិកា​ដោយ​ទុក​ពេល​ខ្លី​ជាង​មុន​ជាដើម ដោយ​មាន​ការ​ជូន​ដំណឹង​តាំង​ពី​ដំបូង​ដល់​ប្រធានាធិបតី​និង​មន្ត្រី​អង្គ​នីតិ​ប្រតិបត្តិ​ថា ប្រសិនបើ​ពួកគេ​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​សភា​ចំពោះ​វិធានការ​របស់​ពួកគេ​ទេ នោះ​ថវិកា​ដែល​ត្រូវ​ផ្ដល់​ឲ្យ​អាច​ផុត​កំណត់»។

កិច្ច​ខិតខំ​ប្រឹងប្រែង​កាល​ពី​លើក​មុនៗ​ដើម្បី​លុបចោល​ច្បាប់​អនុញ្ញាត​ទាំង​នេះ មាន​ការ​ជំទាស់​ពី​ប្រធានាធិបតី​ទាំង​មកពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ក៏​ដូចជា​មាន​ការ​រិះគន់​ពី​គណបក្ស​សាធារណរដ្ឋ​ថា ការ​ធ្វើ​ដូច​នេះ​អាច​រារាំង​ដល់​ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​គំរាម​កំហែង​របស់​ពួក​ភេរវជន។

លោក Michael McCaul សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Texas បាន​ថ្លែង​ថា៖ «យើង​មាន​គោលដៅ​ដូច​គ្នា។ យើង​ប្រហែល​ជា​មាន​វិធី​ខុស​គ្នា​បន្តិច​បន្តួច​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ យើង​ក៏​គួរ​ជៀសវាង​ផងដែរ​នូវ​ការ​និយាយ​បែប​ជំទាស់​ថា «មាន​សង្គ្រាម​រហូត» ពីព្រោះ​វា​អាច​នាំ​ឲ្យ​យើង​យល់​ថា ការ​ប្រឆាំង​នឹង​ភេរវកម្ម​ជា​បន្ត​របស់​យើង​គឺ​ខុស​ច្បាប់​និង​មិន​ចាំបាច់»។

ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា​កាលពី​អតីតកាល លោក Biden បាន​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​របស់​សភា​ច្រើន​ជាង​មុន​លើ​អំណាច​ធ្វើ​សង្គ្រាម​របស់​ប្រធានាធិបតី។ ហើយ​ឥឡូវ​នេះ នៅ​ពេល​ដែល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី គេ​យល់​ឃើញ​ថា សភា​អាច​មាន​ការ​គ្រប់គ្រង​ជា​ថ្មី​លើ​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​បំផុត​មួយ​របស់​ខ្លួន​នេះ។

លោក Bob Bauer ដែល​ជា​អតីត​មេធាវី​សេតវិមាន បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ថា នេះ​ជា​បញ្ហា​ចម្បង​មួយ​នៅ​ក្នុង​ការ​និយាយ​ដោយ​ស្មោះត្រង់​ជាមួយ​សាធារណជន​អាមេរិកាំង និង​ការ​ធ្វើ​ឲ្យ​ប្រធានាធិបតី​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុផល​ដែល​ខ្លួន​ចង់​បង្ហាញ»។

សេចក្តី​ព្រាង​ច្បាប់​ដើម្បី​លុបចោល​ច្បាប់​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​កម្លាំង​យោធា​ទាំង​នេះ ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​ព្រឹទ្ធសភា​រួច​ហើយ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ