លោក Biden ជួប​ជាមួយ​មេដឹកនាំ​ក្រុម​ចតុភាគី Quad នៅ​ក្នុង​ទីក្រុង​តូក្យូ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​រដ្ឋ Akasaka ក្នុង​រាជធានី​​តូក្យូ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២។

មេដឹកនាំ​ប្រទេស​អូស្ត្រាលី ឥណ្ឌា ជប៉ុន​និង​សហរដ្ឋ​អាមេរិក​បាន​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះនៅ​ក្នុង​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ដោយ​មាន​ការសន្យា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​បើក​ចំហ​និង​សេរី​មួយ ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ស្តី​ពី​ការ​ឆ្លើយតប​ដល់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ថ្លែង​នៅ​ឯ​ការ​ចាប់ផ្តើម​សន្និសីទ​កំពូល​របស់​សម្ពន្ធមិត្ត​ក្រៅ​ផ្លូវការ​មួយ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុម​ប្រទេស​ចតុភាគី ឬ Quad នោះ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​មាន​ប្រសាសន៍​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ីទៅ​លើ​ប្រទេស​អ៊ុយក្រែន៖ «ជា​បញ្ហា​លើស​ពី​បញ្ហា​អឺរ៉ុប​ទៅ​ទៀត ហើយ​វា​ជា​បញ្ហារបស់​សាកលលោក​ទាំង​មូល»។

លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ទៀត​ថា គោលការណ៍​នៃ​«បូរណភាព​ទឹក​ដី​និង​អធិបតេយ្យភាព ច្បាប់​អន្តរជាតិ សិទ្ធិ​មនុស្ស​ ជានិច្ចកាល​ត្រូវតែ​ការពារ ដោយ​មិន​គិត​ថា​នៅ​ទី​កន្លែង​ណាដែល​ត្រូវ​គេ​រំលោភ​នៅ​ក្នុង​ពិភពលោក» នោះឡើយ។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ក៏​បាន​លើកឡើង​ពី​ជម្លោះនៅ​អ៊ុយក្រែន​នៅ​ក្នុង​ការ​ថ្លែង​បើក​ជំនួប​របស់​លោក​ដោយ​និយាយ​ថា «យើង​មិន​អាច​អនុញ្ញាត​ឱ្យ​បញ្ហា​ដដែល​នេះ​កើត​ឡើង​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នោះ​ទេ»។

ខណៈ​ដែល​សមាជិក​ផ្សេង​ទៀត​នៃ​ក្រុម​ចតុភាគី Quad បាន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​និងបាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ​ ប្រទេស​ឥណ្ឌា​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ហើយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi មិន​បាន​និយាយ​ដល់​ជម្លោះ​នៅ​ក្នុង​សុន្ទរ​កថា​បើក​សន្និសីទ​កំពូល​របស់​លោក​នោះឡើយ។

នាយក​រដ្ឋមន្ត្រី​ជាប់​ឆ្នោត​ថ្មី​របស់​អូស្ត្រាលី​លោក Anthony Albanese បាន​សង្កត់​ពី​ភាព​ចាំបាច់​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ដោយ​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ចាត់វិធានការ​ដ៏​ខ្លាំង​ទៅ​លើ​បញ្ហា​នេះ។

លោក Albanese បាន​និយាយ​ថា៖ «យើង​នឹង​ចាត់វិធានការ​ដោយ​ទទួល​ស្គាល់​ថា ការ​ប្រែ​ប្រួល​អាកាសធាតុ ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​ខាង​សេដ្ឋកិច្ច​និង​សន្តិសុខ​ របស់​បណ្តា​ប្រទេស​ដែនកោះ​នៅ​ក្នុង​តំបន់មហា​សមុទ្រ​ប៉ាស៊ីហ្វិក»។

សន្និសីទ​កំពូល​នេះ​ជា​ជំនួប​ដោយ​ផ្ទាល់​លើក​ទី២​របស់​មេដឹកនាំ​ ​នៅ​ក្នុង​រយៈពេល​មិន​ដល់មួយ​ឆ្នាំ​ផង។

លោក​ប្រធានាធិបតី Biden បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅកាន់​តំបន់​អាស៊ី​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​អាមេរិក​ បន្ទាប់ពី​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​រួច​មក។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក Biden បាន​ចាប់​ផ្តើម​កិច្ចផ្តួចផ្តើម​ពាណិជ្ជកម្ម​ថ្មី​មួយ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​មាន​ប្រទេស​ចំនួន១៣​បាន​ចុះហត្ថលេខា​ចូលរួម​ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​ឥណ្ឌា ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ផង​ដែរ៕