លោក Biden ធ្វើ​ដំណើរ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​ឱ្យ​ដឹង​ជាមុន​ទៅកាន់​ប្រទេស​អ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ចាប់​រលាក់ដៃគ្នា​មុន​ពេល​កិច្ចប្រជុំ​មួយ ចំពេល​មាន​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដោយ​មិន​ប្រាប់​ឱ្យ​ដឹង​ជា​មុន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ុន្មាន​ថ្ងៃ​មុន​ខួប​មួយ​ឆ្នាំ​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី។

គម្រោង​នេះ​រួមមាន​ការធ្វើ​សុន្ទរកថា​នៅ​ថ្ងៃ​អង្គារ​ស្អែក​នៅ​ក្នុង​រដ្ឋធានី​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ​ ដែល​ពណ៌នា​ពី​ការខំប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រមូល​ការគាំទ្រ​សម្រាប់​អ៊ុយក្រែន​ និង​មាន​ការសន្យា​បន្ត​រួបរួម​ជាមួយ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ផង​ដែរ។

លោក​ប្រធានាធិបតី Biden ក៏​មាន​គម្រោង​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់​លោក ​Jens Stoltenberg និង​ពួក​មេដឹកនាំ​របស់​ក្រុម​ប្រទេស Bucharest ចំនួន៩ ​មុន​ពេល​ត្រ​ឡប់មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញនៅ​ថ្ងៃ​ពុធ។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ដើរ​ក្បែរ​វិហារ Saint Michael ចំ​ពេល​មាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ពី​ផលវិបាក​ដែល​ចិន​ផ្តល់​ជំនួយ​អាវុធ​ទៅ​ឱ្យ​កងទ័ព​រុស្ស៊ី ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា ​នឹង​មាន«ផលវិបាក​ពិតប្រាកដ»នៅ​ក្នុង​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី ​ហើយ​ថា​ លោក​បាន​ចែករំលែក​ការព្រួយបារម្ភ​នេះ​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​គោល​នយោ​បាយ​ការបរទេស​កំពូល​ចិន​លោក Wang Yi។

លោក Blinken បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​គិត​ថា ​ចិន​យល់​ពីអ្វី​ដែល​ជា​ហានិភ័យ​ដែល​ខ្លួន​បាន​ធ្វើ​ដើម្បី​ផ្តល់​ការជួយ​ឧបត្ថម្ភ​នេះ​ដល់​ប្រទេស​រុស្ស៊ី»។

លោក​បាន​បន្ថែម​ទៀត​ថា​ ប្រទេស​ជា​ច្រើន​នឹង​គិតគូរ​ដ៏​ហ្មត់ចត់​អំពី​ជំនួយ​យោធា​បែប​នេះ​ពី​ប្រទេស​ចិន​ទៅឱ្យ​រុស្ស៊ី។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​ថ្លែង​នៅឯ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​សហរដ្ឋ​អាមេរិក​មិនមាន​តួនាទី​ដើម្បី​ធ្វើការ​ដាក់​សម្ពាធ​លើចិន​នោះ​ទេ ​ហើយ​ថា​ ទំនាក់​ទំនង​របស់​ចិន​ជាមួយ​រុស្ស៊ីផ្អែកលើ​ការមិន​ចូល​បក្ស​សម្ព័ន្ធ ការមិន​ប្រឈម​មុខ​ និង​ការ​មិនវាយ​ប្រហារ​លើ​ភាគី​ទី៣។

លោក Wang Wenbin បាន​និយាយ​ទៀត​ថា «​គឺ​សហរដ្ឋ​អាមេរិក​ទេ​ ដែល​កំពុង​ដឹក​ជញ្ជូន​អាវុធ​មិន​ឈប់ឈរ​ទៅកាន់​សមរភូមិក្នុង​ប្រទេស​អ៊ុយក្រែន​ មិន​មែន​ចិន​ឡើយ»។

ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Joseph Borrell បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ព្រុចសែល​ថា ​លោក​ក៏​បាន​ពិភាក្សា​ស្ថានភាព​នេះ​ជាមួយ​លោក Wang Yi ហើយ​ក៏​បាន​សុំ​ឱ្យ​ចិនកុំផ្តល់​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី។

លោក Borrell បាន​និយាយ​ទៀត​ថា ​«ជំនួយ​នឹង​ក្លាយ​ជា​បន្ទាត់​ក្រហម​នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង»។

លោក​បាន​ថ្លែង​មុន​ជំនួប​របស់​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​ ហើយ​បាន​និយាយ​ទៀត​ថា ​តម្រូវការ​ជា​បន្ទាន់​របស់​អ៊ុយក្រែន​គឺ​គ្រាប់​រំសេវ។ លោក Borrell បាន​និយាយ​ទៀត​ថា ​អស់​លោក​រដ្ឋមន្ត្រី​ការបរទេស​នឹង​ពិភាក្សា​ ថា​តើ​ការផ្តល់​អាវុធ​ឱ្យ​បាន​រហ័ស​ថែម​ទៀត​យ៉ាង​ដូចម្តេច ​ជាពិសេស​គ្រាប់​រំសេវ​ទៅឱ្យ​កងទ័ព​អ៊ុយក្រែន​នោះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AFP និង Reuters។