ការស្ទង់​មតិ​បង្ហាញ​ថា លោក Biden នាំមុខ​លោក Trump ទូទាំង​ប្រទេស តែ​មាន​លក្ខណៈ​ប្រកៀកប្រកិត​នៅ​រដ្ឋ​សំខាន់ៗ

រូបឯកសារ៖ នៅក្នុង​រូបផ្គុំ​នេះ គឺ​លោក Joe Biden (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក​ប្រធានាធិបតី Donald Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។

ការ​ស្ទង់​មតិ​បង្ហាញ​ថា ការ​ប្រកួត​ប្រជែង​នេះ​ មាន​លក្ខណៈ​ប្រកៀកប្រកិត​គ្នា​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ដែល​មាន​អ្នក​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ទាំង​ពីរ​ប្រហាក់ប្រហែល​គ្នា ដែល​ធ្វើ​ឲ្យ​រដ្ឋ​ទាំង​នេះ​ទំនង​ជា​អាច​កំណត់​លទ្ធផល​បោះឆ្នោត​បាន។

នៅសល់តែ ៩ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ការ​បោះឆ្នោត​ប្រធានាធិបតី ​នឹង​ចូល​មក​ដល់​នៅ​សហរដ្ឋ​អាមេរិក។ ឥឡូវ​នេះ លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​បន្ត​នាំ​មុខ​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​ ជា​ច្រើន​ខែ​មក​ហើយនៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ។

ប៉ុន្តែ​ការ​ស្ទង់​មតិ​បង្ហាញ​ថា ការ​ប្រកួត​ប្រជែង​នេះ​ មាន​លក្ខណៈ​ប្រកៀកប្រកិត​គ្នា​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ដែល​មាន​អ្នក​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ទាំង​ពីរ​ប្រហាក់ប្រហែល​គ្នា ដែល​ធ្វើ​ឲ្យ​រដ្ឋ​ទាំង​នេះ​ទំនង​ជា​អាច​កំណត់​លទ្ធផល​បោះឆ្នោត​បាន។

លោក Biden ដែល​ធ្លាប់​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​អស់​រយៈពេល ៣៦ ឆ្នាំ និង​ធ្លាប់​ធ្វើជា​អនុ​ប្រធាធិបតី​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី Barack Obama អស់​រយៈពេល ៨ ឆ្នាំ ភាគច្រើន​ បាន​នាំមុខ​លោក Trump ពី ៨ ទៅ ១០ ភាគរយ ក្នុង​ការ​ស្ទង់មតិ​នានា​ក្នុង​ឆ្នាំ ២០២០ នេះ។

ប៉ុន្តែ​ការ​នាំ​មុខ​របស់​លោក Biden បាន​ថយចុះ​មក​នៅ​ជា​មធ្យម​ត្រឹម ៦,២ ភាគរយ នៅ​ក្នុង​ការ​បូក​សរុប​នៃ​ការ​ស្ទង់មតិ​ក្នុង​ពេល​ថ្មីៗ​នេះ ​ដោយ​គេហទំព័រ RealClearPolitics។ ការ​នាំមុខ​របស់​លោក Biden គឺ​ទាប​ជាង​នេះ​ទៅ​ទៀត​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ចំនួន ៣ ដែលជា​ទូទៅ​គណបក្ស​ប្រជាធិបតេយ្យ​តែងតែ​ឈ្នះ ដែល​នោះ​គឺ​រដ្ឋ Pennsylvania រដ្ឋ Michigan និង​រដ្ឋ Wisconsin។ នៅ​ក្នុង​រដ្ឋ​ទាំង ៣ នេះ លោក Trump បាន​ឈ្នះ​ដោយ​ប្រផិតប្រផើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៦៕