លោក Blinken និយាយ​ថា​លោក Biden កំពុង​បញ្ជូន​ជំនួយ​ដើម្បី​ជួយ​អ៊ុយក្រែន​បន្ត​ការ​ប្រយុទ្ធ​នៅ​ឆ្នាំ​ក្រោយ

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

រដ្ឋបាល​លោក Biden ​បានតាំងចិត្តនៅ​ក្នុង​ខែ​ចុង​ក្រោយ​របស់​ខ្លួន ដើម្បី​ជួយ​ធានា​ថា អ៊ុយក្រែន​អាច​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​ឆ្នាំ​ក្រោយ ដោយ​បញ្ជូន​ជំនួយ​ឱ្យ​បានច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​បន្ត​ទប់ទល់​កង​កម្លាំង​រុស្ស៊ី​ និង​មាន​កម្លាំង​រឹងមាំ​ក្នុង​ការចរចា​សន្តិភាព​ដែល​អាច​កើត​មាន​នានា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken កាល​ពី​ថ្ងៃ​ពុធ។

លោក Blinken បាន​និយាយ​ថា៖ «លោក​ប្រធានាធិបតី Biden បាន​ប្ដេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា រាល់​ប្រាក់​ដុល្លារ​ដែល​យើង​នៅ​មាន​ នឹង​ត្រូវ​បាន​ចំណាយ​ទាំង​អស់​នៅ​ចន្លោះ​ពេល​នេះ​ដល់​ថ្ងៃ​ទី​២០ ខែ​មករា» ជា​ពេល​ដែល​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង។

លោក Blinken បាន​និយាយ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុងព្រុចសែល ប្រទេស​បែលហ្ស៊ិកថា ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ត្រូវ​តែ​ផ្តោត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​លើ «ការធានា​ថា​អ៊ុយក្រែនមាន​ប្រាក់ គ្រាប់បែក និង​កង​កម្លាំង​រួម ដើម្បី​ប្រយុទ្ធ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ឆ្នាំ​ ២០២៥ ឬ​ដើម្បី​អាចចរចា​សន្តិភាព​ដោយ​មាន​ជំហរ​រឹងមាំ»។

លោក Blinken បាន​និយាយ​ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ថា សហរដ្ឋ​អាមេរិក​នឹង «សម្រប​និង​កែ​សម្រួល» សម្ភារៈ​ចុងក្រោយ​បំផុត​ដែល​ខ្លួន​កំពុង​ផ្ញើ​ទៅអ៊ុយក្រែន​។

សង្គ្រាម​ដែលមាន​រយៈពេល​ជិត​បី​ឆ្នាំ​នេះ​ មិនបង្ហាញ​សញ្ញា​នៃ​ការ​រំសាយ​នោះ​ទេ។

រុស្ស៊ី​បាន​វាយ​ប្រហារ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​ ដោយ​ការ​រួម​បញ្ចូល​គ្នា​យ៉ាង​ទំនើប​នៃ​កាំជ្រួច​និង​ដ្រូនជា​លើក​ដំបូង​ក្នុង​រយៈពេល ៧៣ ថ្ងៃ​កាល​ពី​ថ្ងៃ​ពុធ។ ព្រឹត្តិការណ៍​នោះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​មន្ទីរ​បញ្ចកោណ​បាន​និយាយ​ថា ភាគច្រើន​នៃ​កងទ័ព​កូរ៉េខាងជើង ដែល​បាន​បញ្ជូន​ទៅ​ជួយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សង្រ្គាម​របស់​រុស្ស៊ី កំពុង​ប្រយុទ្ធ​ដើម្បី​បណ្តេញ​កងទ័ព​អ៊ុយក្រែន​ចេញ​ពី​ទឹកដី​រុស្ស៊ីនៅ​ក្នុង​តំបន់​ព្រំដែន Kursk ។

អ៊ុយក្រែន​ក៏​កំពុង​ប្រឹងប្រែង​ទប់​ស្កាត់​ការ​វាយ​លុក​របស់​រុស្ស៊ី​រយៈពេល​មួយ​ខែ​នៅ​ក្នុង​តំបន់ Donetsk ភាគ​ខាង​កើត។

ភាព​មិន​ប្រាកដ​ប្រជា​ផ្នែក​នយោបាយ​អំពី​របៀប​ដែល​រដ្ឋបាល​សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក Trump នឹង​ផ្លាស់ប្តូរ​គោល​នយោបាយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​សង្រ្គាម​នេះ គឺ​ជា​កត្តា​ថ្មី​ដ៏សំខាន់​នៅ​ក្នុង​ជម្លោះ​នេះ។

ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​មាន​សារៈសំខាន់​សម្រាប់​អ៊ុយក្រែន ប៉ុន្តែ​លោក Trump បាន​ផ្តល់​សញ្ញាថា លោក​មិន​ចង់​បន្ត​ផ្តល់​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ដល់​ទីក្រុង​កៀវ​នោះ​ទេ៕