ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​ងាយ​នឹង​បញ្ចប់ បើ​លោក Trump ប្រើ​វិធីសាស្ត្រ​ផ្អែក​លើ​ដំណោះស្រាយ


ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan មកដល់កិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប (EPC) នៅក្នុងទីក្រុង Budapest ប្រទេសហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan មកដល់កិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប (EPC) នៅក្នុងទីក្រុង Budapest ប្រទេសហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​ចប់​យ៉ាង​ងាយ​បើ​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក Donald Trump ប្រើ​វិធីសាស្ត្រ​ផ្អែក​លើ​ដំណោះស្រាយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​សុក្រ ដែល​បាន​ស្រង់​សម្តី​របស់​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan។

លោក Erdogan ថា៖ «យើង​អាច​បញ្ចប់​សង្គ្រាម​នេះ​បាន​យ៉ាង​ងាយ ប្រសិនបើ​រដ្ឋបាល​លោក Trump ប្រើ​វិធី​ផ្អែក​លើ​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ការ​សន្ទនា ការទូត និង​ការ​ព្រមព្រៀង​គ្នា​បន្ថែម​ទៀត​នឹង​បើកទ្វារ​ទៅ​រក​សន្តិភាព មិនមែន​អាវុធ គ្រាប់បែក និង​ជម្លោះ​ទេ»។

លោក Erdogan ថ្លែង​ដូច្នេះ​ពេល​លោក​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​យកព័ត៌មាន​ក្នុង​អំឡុង​ពេល​លោក​ស្ថិត​នៅ​លើ​យន្តហោះ​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ទីក្រុង​ប៊ុយដាប៉ែស​នៃ​ប្រទេស​ហុងគ្រី​វិញ។ លោក​បាន​បន្ថែម​ថា កិច្ចប្រឹងប្រែង​របស់​ក្រុម​បស្ចិម​ប្រទេស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​នឹង​ពន្លឿន​ដំណោះស្រាយ​ចំពោះ​សង្គ្រាម​នេះ។

លោក Trump បាន​ថ្លែង​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា លោក​នឹង​នាំ​មកនូវ​សន្តិភាព​នៅ​អ៊ុយក្រែន​ក្នុង​ពេល ២៤ ម៉ោង បើ​លោក​ឈ្នះ​ការ​បោះឆ្នោត តែ​លោក​មិន​បាន​ផ្តល់​សេចក្តី​ពិស្តារ​អំពី​របៀប​ដែល​លោក​អាច​ស្វះស្វែង​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ​ទេ។

តាំងពី​ខែ​មីនា​មក ប្រទេស​តួកគី​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​បាន​ស្ម័គ្រចិត្ត​ធ្វើ​ជា​អ្នកសម្រុះសម្រួល ដោយ​និយាយ​ថា​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​សង្គ្រាម​នេះ​លើ​ពិភពលោក​ចាំបាច់​ត្រូវតែ​កាត់​បន្ថយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG