ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើជាម្ចាស់ផ្ទះរៀបចំទទួលប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto និងនាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson ដើម្បីជួបប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ នៅសេតវិមាន ស្តីពីការដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការអូតង់របស់ប្រទេសទាំង២ ការគាំទ្រប្រទេសអ៊ុយក្រែន និងបញ្ហាសន្តិសុខនៅអឺរ៉ុប។
លោក Biden កាលពីថ្ងៃពុធម្សិលមិញបានសរសើរអ្វីដែលលោកបានហៅថា ជា«ការសម្រេចចិត្តដ៏សំខាន់» មួយរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ បន្ទាប់ពីប្រទេសទាំង២នេះ បានដាក់ពាក្យជាផ្លូវការសុំចូលជាសមាជិក នៅក្នុងសម្ពន្ធភាពយោធារបស់អង្គការអូតង់ ដើម្បីឆ្លើយតបដល់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
លោក Biden បានមានប្រសាសន៍ថា៖ «ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅនិងគាំទ្រយ៉ាងខ្លាំងក្លាដល់ការដាក់ពាក្យសុំចូលជាប្រវត្តិសាស្ត្រមកពីប្រទេសហ្វាំងឡង់និងស៊ុយអែតសម្រាប់សមាជិកភាពនៅក្នុងអង្គការអូតង់នេះ ហើយយើងរំពឹងថា នឹងធ្វើការជាមួយសភាសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តអង្គការអូតង់របស់យើង ដើម្បីនាំហ្វាំងឡង់និងស៊ុយអែតចូលទៅក្នុងសម្ពន្ធមិត្តការពារប្រទេសដ៏ខ្លាំងជាប្រវត្តិសាស្ត្រនេះឱ្យបានឆាប់រហ័ស»។
នៅឯជំនួបកាលពីថ្ងៃពុធម្សិលមិញនៅក្រសួងការពារជាតិសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រាប់រដ្ឋមន្ត្រីការពារជាតិស៊ុយអែតលោក Peter Hultqvist ថា៖ «យើងរំពឹងដល់ការរួមវិភាគទានរបស់លោកដល់សម្ពន្ធមិត្តអង្គការអូតង់នេះ»។
លោក Hultqvist បានមានប្រសាសន៍ថា ស៊ុយអែតបានអនុវត្តសិទ្ធិរបស់ខ្លួននៅក្នុងការជ្រើសរើសដោយខ្លួនឯងនៅក្នុងការផ្តល់សន្តិសុខសម្រាប់ខ្លួន។
លោក Hultqvist បានថ្លែងបន្តទៀតថា៖ «នេះជាពេលវេលានៅពេលដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុបនិងអាមេរិកខាងជើងត្រូវរួបរួមគ្នា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធម្សិលមិញនៅឯទីស្នាក់ការធំរបស់អង្គការអូតង់ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកដែលត្រូវបានឈរអមដោយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់និងឯកអគ្គរាជទូតនៃប្រទេសស៊ុយអែត បន្ទាប់ពីបានទទួលលិខិតដាក់ពាក្យសុំចូលជាផ្លូវការរបស់ប្រទេសទាំង២នេះរួចមក។
លោក Stoltenberg មានប្រសាសន៍ថា៖ «នេះជាថ្ងៃដ៏ល្អមួយក្នុងពេលវេលាដ៏សំខាន់សម្រាប់សន្តិសុខរបស់យើង។ សម្ពន្ធមិត្តទាំងអស់បានព្រមព្រៀងពីការពង្រីកអង្គការអូតង់ដ៏សំខាន់នេះ។ យើងទាំងអស់គ្នាបានព្រមព្រៀងថា យើងត្រូវតែរួបរួមគ្នា។ ហើយយើងទាំងអស់គ្នាយល់ស្របថា នេះជាពេលវេលាប្រវត្តិសាស្ត្រដែលយើងត្រូវតែចាប់យក»៕