លោក Biden ជួប​ពិភាក្សា​ជា​លើក​ដំបូង​ជាមួយ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​អ្នកស្រី Truss

នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជួប​ពិភាក្សា​ទ្វេភាគី​​នៅ​ក្នុង​អំឡុង​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីក្រុង New York កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។​​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss ជា​លើក​ដំបូង​បង្អស់​កាលពី​ថ្ងៃ​ពុធ​នៅ​ក្រៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​លោក​បាន​ហៅ​ចក្រភព​អង់គ្លេស​ថា​ជា «សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​សហរដ្ឋ​អាមេរិក​នៅ​លើ​ពិភពលោក» និង​បាន​តាំងចិត្ត​ធ្វើ​ការ​រួម​គ្នា​លើ​បញ្ហា​នានា​តាំងពី​បញ្ហា​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន រហូត​ដល់​បញ្ហា​រក្សា​សន្តិភាព​នៅ​អៀរឡង់​ខាង​ជើង​នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប។

លោក Biden បាន​ថ្លែង​នៅ​មុន​ជំនួប​រវាង​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​ជាន់​ខ្ពស់​ចក្រភព​អង់គ្លេស​នេះ​ថា៖ «ខ្ញុំ​គិត​ថា គ្មាន​បញ្ហា​ផល​វិបាក​ណា​មួយ​នៅ​លើ​ពិភពលោក​ដែល​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​មិន​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​រំពឹង​ថា យើង​នឹង​អាច​បន្ត​ធ្វើ​ដូច្នេះ​ជា​បន្ត​ទៀត។ ហើយ​យើង​មាន​របៀបវារៈ​ជាច្រើន​នៅ​ថ្ងៃ​នេះ​ដូចជា ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​ដែល​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ការ​ប្រឈម​របស់ [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir] Putin បញ្ហា​ទាក់ទិន​នឹង​ប្រទេស​ចិន និង​បញ្ហា​រារាំង​ប្រទេស​អ៊ីរ៉ង់​មិន​ឱ្យ​សម្រេច​បាន​នូវ​អាវុធ​នុយក្លេអ៊ែរ​ជាដើម»។

នៅ​ក្នុង​ជំនួប​នោះ អ្នកស្រី Truss បាន​បញ្ជាក់​ថា ចក្រភព​អង់គ្លេស​នឹង​បង្កើន​ការ​ចំណាយ​ផ្នែក​យោធា​ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «យើង​ប្រឈម​នឹង​បញ្ហា​ធំៗ​នានា នៅ​ពេល​ដែល​របប​អត្តាធិបតេយ្យ​ស្វះស្វែង​ពង្រឹង​និង​បង្កើន​ភាព​ក្អេងក្អាង​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក។ នេះ​គឺ​ជា​មូលហេតុ​ដែល​យើង​បង្កើន​ការ​ចំណាយ​ផ្នែក​យោធា ដោយ​ត្រូវ​ចំណាយ​ចំនួន ៣% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​យើង»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «បញ្ហា​ប្រឈម​ទាំង​នេះ​ក៏​ជា​មូលហេតុ​ផង​ដែរ​ដែល​យើង​ចង់​ធ្វើ​ការ​ឱ្យ​បាន​ជិតស្និទ្ធ​បន្ថែម​ទៀត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ជា​ពិសេស​លើ​បញ្ហា​សន្តិសុខ​ថាមពល​និង​បញ្ហា​សន្តិសុខ​សេដ្ឋកិច្ច ប៉ុន្តែ​យើង​ក៏​នឹង​ធ្វើការ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នានា​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា លទ្ធិ​ប្រជាធិបតេយ្យ​ជា​អ្នក​ឈ្នះ ហើយ​យើង​ការពារ​សេរីភាព​និង​អនាគត​របស់​ពលរដ្ឋ​របស់​យើង»៕