លោក Biden អនុម័ត​តម្រូវការ​ទូទៅ​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូរ៉ូណា

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​មួយ​នៅឯ​សេតវិមាន កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្រកាស​ផែនការ​៦​ចំណុច​ថ្មីប្រឆាំង​កំណើន​ករណីឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (Delta)​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ​រួម​មាន​តម្រូវ​ការ​ចាក់​វ៉ាក់សាំង​ទូទៅ និង​វិធាន​ការ​ផ្សេង​ទៀត។​

លោក​ Biden ​បាន​បញ្ជា​ឱ្យ​បុគ្គលិក​សហព័ន្ធ​ និង​អ្នក​មាន​កិច្ច​សន្យា​ការងារ​សហព័ន្ធ​ចំនួន​ ២​លាន​ ៥​សែន​នាក់ និយោជិត​នៅ​ក្នុង​មន្ទីរពេទ្យ​ និង​កន្លែង​ថែទាំ​សុខភាព​ភាគច្រើន ​និង​និយោជិត​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​លើសពី​១០០​នាក់ ​ត្រូវ​ចាក់​វ៉ាក់សាំង​កូរ៉ូណា​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ថ្មី​ដើម្បី​ទប់ទល់​ជំងឺ​ឆ្លង​នេះ។​

និយោជិក​នៃ​ក្រុមហ៊ុន​ឯកជន​ធំៗ ​អាច​មាន​ជម្រើស​ធ្វើ​តេស្ត​រក​វីរុស​ប្រចាំ​សប្តាហ៍​ ឬ​ចាក់​ថ្នាំ​បង្ការ។ ​ ប៉ុន្តែ​បទ​បញ្ជា​ថ្មី​នេះ​ បាន​លុបចោល​ជម្រើស​ធ្វើតេស្ត​សម្រាប់​បុគ្គលិក​សហព័ន្ធ។​ ក្រុមហ៊ុន​ខ្លះ​ កំពុង​តម្រូវ​ឱ្យ​បុគ្គលិក​ចាក់​វ៉ាក់សាំង​ ឬ​បើ​មិន​ដូច្នេះ​ទេ នឹង​បាត់បង់​ការងារ។​

លោក ​Biden ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​ «បើអ្នក​ចង់​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​សហព័ន្ធ​ ឬ​ធ្វើ​អាជីវកម្ម​ជាមួយ​យើង​ សូម​ចាក់​វ៉ាក់សាំង»។ ​

លោក​សង្កត់​ធ្ងន់ថា​ លោក​ចង់​ការពារ​កុំឱ្យ​ពលករ​អាមេរិក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ឆ្លង​ជំងឺ​ពី​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង។​

លោក​ Biden ​ក៏បាន​ប្រកាស​ផង​ដែរ​ថា​ ក្រសួង​ការងារ​នឹង​តម្រូវ​ឱ្យ​អាជីវកម្ម​ពាក់ព័ន្ធ​ផ្តល់​ពេល​ឱ្យ​បុគ្គលិក​ទៅ​ចាក់​ថ្នាំ​បង្ការ​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល។​

យើងមិន​ទាន់ដឹង​ច្បាស់​ភ្លាមៗ​ទេ​ថា​ តើ​បទ​បញ្ជា​របស់​លោក ​Biden​ ចំពោះ​បុគ្គលិក​សហព័ន្ធ​ និង​អ្នកមាន​កិច្ចសន្យា​ការងារ​នោះ​ លើកលែង​ចំពោះ​អ្នក​ដែល​សុំ​លើកលែង​ដោយ​លើក​ហេតុផល​ខាង​សាសនា​ ឬ​វេជ្ជសាស្ត្រ​ ឬ​យ៉ាងណាទេ។​

លោក​ប្រធានាធិបតី​ ក៏​បាន​បង្ហាញ​ពី​កិច្ច​ប្រឹងប្រែង​ថ្មី​ ដោយ​បញ្ចុះ​បញ្ចូល​ជនជាតិ​អាមេរិក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ឱ្យ​ចាក់​វ៉ាក់សាំង ​ការពារ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ហើយ​ដោយ​ចាក់​ដូស​ជំរុញ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ​ បន្តបើក​សាលារៀន​ បង្កើន​ការ​ធ្វើ​តេស្ត​ និង​តម្រូវ​ឱ្យ​ពាក់​ម៉ាសក្នុង​ស្ថានភាព​ខ្លះ​ ជំរុញ​ការ​ស្តារ​សេដ្ឋកិច្ច​ និង​បង្កើន​ការ​ថែទាំ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩៕​

អ្នកស្រី Patsy Widakuswara​ នៃវីអូអេ រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ហើយ​ព័ត៌មាន​ខ្លះ ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន​ The Associated Press។