អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានយកឈ្នះលោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont ដែលជាឈ្នះគូប្រកួតរបស់លោកសម្រាប់តំណែងបេក្ខភាពប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋចំនួន៤ រួមទាំងរដ្ឋ Michigan ដែលជារង្វាន់ធំនៅភាគកណ្តាលសហរដ្ឋអាមេរិក។
លោក Biden ដែលបានឈរឈ្មោះប្រកួតយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកទី៣នៅក្នុងរយៈពេល៣ទសវត្សចុងក្រោយ បានបង្កើនកម្រិតនាំមុខរបស់លោកលើលោក Sanders ដើម្បីទៅតតាំងជាមួយលោកប្រធានាធិបតី Donald Trump នៅក្នុងខែវិច្ឆិកាខាងមុខ ដោយលោក Biden បានឈ្នះនៅភូមិភាគចម្រុះ រួមទាំង នៅរដ្ឋ Michigan ដែលជាមជ្ឈមណ្ឌលផលិតរថយន្តរបស់អាមេរិក និងរដ្ឋ Missouri នៅភាគកណ្តាលប្រទេសឈ្នះរដ្ឋ Mississipi នៅភាគខាងត្បូងប្រទេស និងរដ្ឋ Idaho នៅភាគខាងលិចប្រទេស។
ជ័យជម្នះកាលពីថ្ងៃអង្គារនេះ ធ្វើឲ្យគូប្រកួតលោក Bernie Sanders ដែលហៅខ្លួនលោកថាជាអ្នកសង្គមនិយមប្រជាធិបតេយ្យ កាន់តែមានការលំបាកក្នុងការប្រមូលចំនួនប្រតិភូឲ្យបានច្រើនជាងលោក Biden ដើម្បីឲ្យគ្រប់ចំនួនប្រតិភូ ១.៩៩១ អាចទទួលការតែងតាំងពីគណបក្សបាន។
លោក Biden កាលពីថ្ងៃអង្គារ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងទីក្រុង Philadelphia ថា យុទ្ធនាការរបស់លោកកាន់តែ«លឿនទៅមុខ» ក្រោយពីមានភាពយឺតយ៉ាវកាលពីខែកុម្ភៈ។ លោកក៏បានអរគុណដល់លោក Sanders និងអ្នកគាំទ្រលោក ដោយលោក Biden ថាសមាជិកគណបក្សប្រជាធិបតេយ្យនឹងរួមរួមគ្នាដើម្បីដណ្តើមសេតវិមានវិញនិងបង្រួបបង្រួមប្រទេស។
លោក Sanders មិនបានធ្វើការថ្លែងជាសាធារណៈអ្វីទេកាលពីថ្ងៃអង្គារ ហើយទាំងលោក Biden និងលោក Sanders បានលុបចោលការជួបប្រជុំជាមួយអ្នកគាំទ្រនៅរដ្ឋ Ohio កាលពីថ្ងៃអង្គារ ដោយសារការរាលដាលនៃមេរោគកូរ៉ូណា។
បេក្ខជនទាំងពីរមានគម្រោងនឹងជជែកដេញដោលគ្នានៅក្នុងថ្ងៃអាទិត្យខាងមុខ នៅមុនការបោះឆ្នោតបឋមនៅថ្ងៃទី ១៧ ខែមីនា នៅក្នុងរដ្ឋ Ohio, Florida, Illinois និង Arizona៕