បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden បាននាំមុខលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅក្នុងរដ្ឋ Pennsylvania ពី៥.០០០សំឡេងកាលពីព្រឹកថ្ងៃសុក្រដល់ ២៩.០០០សំឡេងនៅយប់ថ្ងៃសុក្រហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងស្របពេលដែលសន្លឹកឆ្នោតនៅសល់កំពុងត្រូវបានគេបន្ដរាប់។
ជ័យជម្នះនៅក្នុងរដ្ឋសំខាន់នេះនឹងធ្វើឲ្យលោក Biden ទទួលបានចំនួនអង្គបោះឆ្នោតលើសពីចំនួនកំណត់ ២៧០ ដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនេះ។
លោកBiden ក៏កំពុងនាំមុខក្នុងរដ្ឋGeorgia ជាង ៤.០០០សំឡេងផងដែរ និងបន្តនំាមុខច្រើននៅក្នុងរដ្ឋArizona និងរដ្ឋNevada ទោះបីជាលទ្ធផលចុងក្រោយនៅក្នុងរដ្ឋទាំងនេះមិនទាន់ត្រូវបានប្រកាសថាបេក្ខជនណានឹងអាចឈ្នះនៅឡើយក៏ដោយ។
ថ្លែងទៅកាន់អ្នកគាំទ្រកាលពីថ្ងៃសុក្រម្សិលមិញ ស្របពេលដែលលោក Biden ត្រូវបានគេព្យាករណ៍ថានឹងឈ្នះនៅក្នុងរដ្ឋ Pennsylvania លោកបាននិយាយថា៖ «យើងមិនទាន់ទទួលបានការប្រកាសជ័យជម្នះចុងក្រោយនៅឡើយទេ ប៉ុន្តែតួលេខចុងក្រោយប្រាប់យើងពីរឿងមួយយ៉ាងច្បាស់និងទុកចិត្តបានថា យើងនឹងឈ្នះការបោះឆ្នោតនេះ»។
ប្រសិនបើលោក Biden ឈ្នះក្នុងរដ្ឋ Pennsylvania មែន នោះចំនួនអង្គបោះឆ្នោតរបស់លោកនឹងកើនដល់២៧៣ លើសលោក Trump ដែលឈ្នះបានសរុបចំនួន ២១៤ អង្គបោះឆ្នោតក្នុងពេលនេះ។
នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យដោយប្រយោលរបស់សហរដ្ឋអាមេរិកនេះ ចំនួនសន្លឹកឆ្នោតសរុបត្រូវបានប្រើដើម្បីកំណត់ចំនួនអង្គបោះឆ្នោតក្នុងរដ្ឋនីមួយៗ ដោយផ្អែកលើចំនួនប្រជាជននៅក្នុងរដ្ឋនោះ។
ជ័យជម្នះរបស់លោក Biden នៅក្នុងរដ្ឋPennsylvania នឹងរារាំងលោកTrump មិនឲ្យទទួលបានជ័យជម្នះទេ។
លោក Trump កំពុងនាំមុខនៅក្នុងរដ្ឋ North Carolina និងរដ្ឋ Alaska ដែលមិនទាន់រាប់សន្លឹកឆ្នោតចប់នៅឡើយ។ បើមិនបានជ័យជម្នះក្នុងរដ្ឋ Pennsylvania ទេ លោក Trump មិនអាចយកឈ្នះលោក Biden បានទេបើជាទោះលោកឈ្នះក្នុងរដ្ឋផ្សេងៗទៀតដែលមិនទាន់ប្រកាសលទ្ធផលក៏ដោយ៕