ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកគាំទ្រ​លោក ​Trump និង​លោក ​Biden ធ្វើ​បាតុកម្ម​ដូច​គ្នា​នៅ​ក្រៅ​កន្លែង​រាប់​សន្លឹកឆ្នោត


ក្រុមអ្នកគាំទ្រលោក Donald Trump តតាំងពាក្យសម្តីជាមួយនឹងអ្នកគាំទ្រលោក Joe Biden នៅមុខការិយាល័យរាប់សន្លឹកឆ្នោតនៅស្រុក Maricopa ក្នុងទីក្រុង Phoenix រដ្ឋ Arizona ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters ​បាន​ផ្សាយ​ថា​ អ្នកគាំទ្រ​លោក​ប្រធានាធិបតី Donald Trump ដែល​អ្នក​ខ្លះ​កាន់​កាំភ្លើង​ផង​ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ ប្រឆាំង​នឹង​អ្វី​ដែល​លោក Trump ​ចោទ​ដោយ​គ្មាន​មូលដ្ឋាន​ថា ជា​ការ​បោះឆ្នោត​មាន​ការ​លួច​បន្លំ​ នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង និងដែលសន្លឹក​ឆ្នោត​នៅ​រាប់​នៅ​ឡើយ។​

ការតវ៉ា​នេះ​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ បើ​ទោះ​បីអ្នកគាំទ្រ​លោក​ Trump ​ម្តងម្កាល​ស្រែកដាក់​គ្នា​ជាមួយ​ក្រុមបាតុករ​ប្រឆាំង។​

នៅ​រដ្ឋ Arizona​ ដែល​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ដែល​មាន​ការប្រកួត​ប្រជែង​យ៉ាងប្រកិតរវាង​លោក​ Trump និង​គូប្រជែង​ខាង​ប្រជាធិបតេយ្យ​គឺ​លោក​ Joe Biden នោះ​ អ្នកគាំទ្រ​លោក ​Trump​ និង​អ្នកគាំទ្រ​លោក ​Biden​ បាន​ប្រវាយ​ប្រតប់​គ្នា​មួយ​រយៈ​ខ្លី​ នៅ​ខាង​ក្រៅ​ការិយាល័យ​បោះឆ្នោត​ស្រុក Maricopa ​ក្នុងទីក្រុង Phoenix។​

ក្រុម​ស្តាំនិយម​ប្រដាប់​អាវុធ​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅកន្លែង​នោះ​ ខណៈ​បុគ្គលិក​បោះឆ្នោតបាន​រាប់​សន្លឹក​ឆ្នោត​នៅ​ខាង​ក្នុង ប៉ុន្តែ​ការ​តវ៉ា​នៅ​តែ​មាន​សន្តិវិធី​ ទោះបី​ភាពតាន​តឹងកើន​ឡើង​ក៏​ដោយ។​

មន្រ្តីបោះឆ្នោតក្នុងតំបន់បានបន្តរាប់ និងរៀបចំសន្លឹកឆ្នោតនៅទូទាំងប្រទេសក្នុងករណីខ្លះទទួលសន្លឹកឆ្នោតបោះផ្ញើតាមប្រៃសណីយ៍ក្នុងចំនួនច្រើនមិនធ្លាប់មាន ដែលជាជម្រើសពេញនិយមក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។

នៅទីក្រុង Philadelphia រដ្ឋ Pennsylvania ប៉ូលិសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ និងដកហូតអាវុធដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើផែនការ ដែលត្រូវគេរាយការណ៍ថា ដើម្បីវាយប្រហារនៅមជ្ឈមណ្ឌលសន្និបាត Pennsylvania ដែលជាកន្លែងរាប់សន្លឹកឆ្នោត។

ប៉ុន្តែ​ក្រៅ​ពី​នេះ​ស្ថានភាពនៅ​ Philadelphia​ ដែល​មិន​សូវ​ប្រឈម​មុខ​គ្នាទេ គឺ​មាន​ការ​ប្រមូល​ផ្តុំ​ដោយ​អធិកអធម សូម្បី​នៅ​កន្លែង​ដែល​បាតុករគាំទ្រ​លោក​ Trump​ និង​បាតុករ​អ្នកគាំទ្រ​លោក​ Biden​ ត្រូវបាន​បំបែក​ដោយ​រនាំង​ចល័ត ​និង​មានវត្តមាន​ប៉ូលិស​ដ៏​រឹងមាំ។

ដោយ​អនាគត​តំណែង​ប្រធានាធិបតីអាមេរិក​មិន​ទាន់​ច្បាស់​លាស់​នោះ ការ​ប្រឈម​គ្នាថ្មីក៏​មាន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ និង​វ៉ាស៊ីនតោន ​ព្រម​ទាំង​នៅ​តាម​បណ្តាទីក្រុង​របស់បណ្តា​រដ្ឋ ​ដែល​មាន​ម្តង​គាំទ្រ​គណបក្ស​សាធារណរដ្ឋ និងម្តង​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ ដូច​ជា​ក្រុង ​Milwaukee រដ្ឋ​ Wisconsin ក្រុង ​Las Vegas ​រដ្ឋ​ Nevada ក្រុង​ Detroit រដ្ឋ Michigan​ និង​ក្រុង​ Atlanta រដ្ឋ​Georgia ជា​ដើម៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG