ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នាំ​មុខ​ការ​រាប់​សន្លឹក​ឆ្នោត ខណៈ​លោក Trump មិន​ទទួល​យក​លទ្ធផល


អតីតប្រធានាធិបតីលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Joe Biden បេក្ខជន​គណបក្សប្រជាធិបតេយ្យ ​កាល​ពី​ថ្ងៃ​សុក្រ​ បាន​បន្ត​ពង្រីក​សំឡេង​សន្លឹក​ឆ្នោត​នាំ​មុខបន្តិចបន្តួច​លើស​លោក​ប្រធានាធិបតី Donald Trump នៅ​រដ្ឋ​ Georgia និង Pennsylvania ដែល​នៅ​ទី​នោះ ​សនឹ្លក​ឆ្នោត​កំពុង​ត្រូវ​គេបន្ត​រាប់​។

ទោះ​បី​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​មានសំឡេង​ឆ្នោត​ប្រកិត​ប្រកៀក​គ្នា​ពេក​នៅ​ទី​នោះ ហើយ​គេ​មិន​អាចព្យាការណ៍ អ្នក​ណា​ជា​អ្នក​ឈ្នះ​បាន ​ក៏​នៅ​ពេល​នេះ​សំឡេង​ឆ្នោត​បោះឲ្យលោក Joe Biden បាន​កើន​ឡើងកាន់​តែ​ជិត​ដល់អាច​ប្រកាស​ជ័យជម្នះ​ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​បាន​។

ក្រុម​យុទ្ធនាការ​លោក​ Trump កំពុង​ប្រឆាំង​នឹង​លទ្ធផលការ​រាប់​សន្លឹក​ឆ្នោត​ចុង​ក្រោយ​នេះ ដោយ​និយាយ​ កាល​ពី​ថ្ងៃ​សុក្រ​ថា «ការ​បោះឆ្នោត​នេះ​មិន​ទាន់​ចប់​ទេ»។ ក្រុម​នេះ​បន្ត​ថា លោកប្រធានាធិបតី Trump នៅ​ទី​បំផុត​នឹង​ឈ្នះឆ្នោត​ ដោយ​សារ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ នៅ​តាម​បណ្តា​រដ្ឋ​ដែល​ប្រគៀក​គ្នា និង​ដោយ​សារ​ការ​ប្តឹង​តុលាការ​អំពីការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ និង​ភាព​មិន​ប្រក្រតី ដែល​មក​ទល់​ពេល​នេះ​ មិន​មាន​ភស្តុតាង​នោះ។​

សំឡេង​ឆ្នោតលោក Biden កើន​លើស​សំឡេង​របស់​លោក​ប្រធានាធិបតី ​Donald Trump វិញ​នៅ​រដ្ឋ​ Pennsylvania និង Georgia ដោយ​សារចំនួន​សន្លឹក​ឆ្នោត​ដែល​បោះ​តាម​ប្រៃសណីយ៍​ពី​តំបន់​ទី​ក្រុង​ ដែល​គណប​ក្ស​ប្រជាធិបតេយ្យ​មាន​ប្រជាប្រិយភាព​ខ្លាំង​ ដូច​ជា​ក្រុង Atlanta និង​ក្រុង Philadelphia។

ជា​រួម ពេល​នេះលោក Biden នាំ​មុខ​ទាំង​សំឡេង​ឆ្នោតទូទាំង​ប្រទេស​សរុប និង​សំឡេង​ប្រតិភូ​អង្គ​បោះឆ្នោតសរុប​ ដោយលោក Biden នាំមុខ​លោក ​Trump​ គឺ​ ២៥៣ ​អង្គ​បោះឆ្នោត ទល់នឹង ​២១៤​ ដែល​ធ្វើ​ឲ្យ​លោក​កាន់​តែ​ខិត​ជិត​ដល់ចំនួន​ ២៧០ ​អង្គ​បោះឆ្នោត​ ដើម្បីអាច​ដណ្តើម​តំណែង​អាណត្តិ​ប្រធានាធិបតី​សម្រាប់​ ៤ ​ឆ្នាំ​ខាង​មុខ។

ប្រសិន​បើ​លើ ​Biden អាច​ឈ្នះ​នៅ​រដ្ឋ Georgia ដែល​មាន​អង្គ​បោះឆ្នោត ១៦ ​សំឡេង​និង​រដ្ឋ Pennsylvania ដែល​មាន​អង្គ​បោះឆ្នោត ២០ សំឡេង​ នោះលោក​ Biden នឹង​ងាយ​បង្គ្រប់​សំឡេង​អង្គ​បោះឆ្នោត​យ៉ាង​តិច​ ២៧០ ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់។ នៅ​ពេល​នេះ ​លោក Biden ក៏​កំពុង​នាំ​មុខ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុងរដ្ឋ Arizona និង Nevada ផង​ដែរ ហើយ​ប្រសិនបើ​ឈ្នះ​នៅ​រដ្ឋ​ទាំង​ពីរ​នេះ​ទៀត អង្គបោះឆ្នោត​ដែល​លោក ​Biden អាច​ទទួលបាន​សរុប​អាច​កើន​ដល់​ ៣១៦ ​សំឡេង។

កាល​ពី​ថ្ង​ព្រហស្បតិ៍ លោក​ប្រធានាធិបតី Trump បាន​ធ្វើ​ការចោទ​ប្រកាន់​ដោយគ្មាន​ភស្តុតាងលើ​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ ពី​ការ​រៀបចំឲ្យ​មាន​ការលួច​បន្លំ​ និង​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ខ្លាំង​ ដើម្បី​រារាំង​លោក​មិន​ឲ្យ​ជាប់​ឆ្នោត​ធ្វើ​ជាប្រធានាធិបតី​អាណត្តិ​ទី ២។

លោក​ប្រធានាធិបតី Trump បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ពេល​នោះ​ថា៖ «នេះ​ជា​ករណី​ដែល​ពួកគេ​កំពុង​ព្យាយាម​លួច​បន្លំ​ក្នុង​ការ​បោះឆ្នោត ហើយ​យើង​មិន​អាច​អនុញ្ញាតឲ្យ​បញ្ហា​នេះ​កើត​ឡើង​បាន​ទេ»។

ផ្ទុយ​ទៅវិញ លោក Biden កាលពី​ពេល​រសៀល​ថ្ងៃ​ព្រហស្បតិ៍ បាន​អំពាវនាវ​ឲ្យ​មាន​ការអត់​ធ្មត់ ខណៈដែល​រដ្ឋ​នានា​កំពុង​រាប់​សន្លឹក​ឆ្នោត​ដែល​មាន​ជាង ​១៥០​ លាន​សន្លឹក​នៅ​ក្នុង​ការបោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ។

លោក Biden បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ថា៖ «សន្លឹក​ឆ្នោត​នីមួយៗ​ត្រូវតែ​រាប់។ ហើយ​នេះ​ជាអ្វីដែល​យើង​កំពុង​ឃើញ​ នៅ​ពេល​ឥឡូវ​នេះ។ ហើយ​នេះ​ជា​អ្វី​ដែល​គួរ​កើត​មាន​ឡើង។ ជួល​កាល​ លទ្ធិប្រជាធិបតេយ្យមាន​ការច្របូក​ច្របល់»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG