លោក​ Biden​ អំពាវនាវ​ឲ្យ​អ្នក​ដឹកនាំ​​ហៃទី​រួមគ្នា​ដើម្បី​ប្រទេស​បាន​សុខសាន្ត​ 

អង្គរក្ស​ឈរ​យាម​នៅ​ខាង​ក្រៅ​តុលាការ​ក្នុង​អំឡុង​សវនាការ​មួយ​ក្រោយ​​ការ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​ Jovenel Moïse​ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១។

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​កំពុង​អំពាវនាវ​ឱ្យ​មេ​ដឹកនាំ​នយោបាយ​របស់​ប្រទេស​ហៃទី​ជួប​គ្នា​ដើម្បី​ប្រទេស​របស់​ពួកគេ​សុខសាន្ត។​ ក្នុងកិច្ច​ប្រជុំ​នៅ​សេតវិមាន​លោក​ Biden​ បាន​និយាយ​ថា៖​«ប្រជាជន​ហៃទី​គួរ​ទទួល​បាន​សន្តិភាព​និង​សន្តិសុខ»។​

លោក​ប្រធានាធិបតី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​លោក​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​នេះ​បន្ទាប់​ពី​មាន​ការ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​ Jovenel Moïse​ កាល​ពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២១។​

នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៧ ​ខែ​កក្កដា​លោក​ Moïse​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ឯ​ផ្ទះ​របស់​លោក​ក្នុង​រដ្ឋធានី​ព័រអូប្រាំង ​(Port-au-Prince) ​នៃ​ប្រទេស​ហៃទី។​ ប្រពន្ធ​របស់​លោក​ឈ្មោះ​ Martine Moïse​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ង​រនៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ហើយ​ត្រូវ​បាន​គេនាំ​ទៅ​ក្រុង ​Miami​ រដ្ឋ ​Florida​ ដើម្បី​ព្យាបាល។​

ប្រធានាធិបតី​ Biden ​បាន​និយាយ​ថា៖​ «ខ្ញុំ​បាន​បញ្ជូន​គណៈ​ប្រតិភូ​ជំនាញ​ជាន់ខ្ពស់​ទៅ​វាយ​តម្លៃ​ស្ថានភាព​និង​កំណត់​ថា​តើ​សហរដ្ឋ​អាមេរិក​អាច​ជួយ​អ្វី​បាន»។​

សេតវិមាន​បាន​ប្រកាស​ថា​ក្រុម​មន្ត្រី​ក្រសួង​យុត្តិធម៌​ក្រសួង​សន្តិសុខ​មាតុភូមិ​និង​ក្រសួង​ការ​បរទេស​និង​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​បាន​ទៅ​ដល់​ប្រទេស​ហៃទី​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ជួយ​ដល់​ការ​ស៊ើបអង្កេត។​ជំនួយ​នេះ​ឆ្លើយ​តបទៅ​នឹង​សំណូម​ពរ​របស់​ប្រទេស​ហៃទី។​

ការិយាល័យ​ស៊ើប​ការណ៍​សម្ងាត់​ (FBI)​ របស់​ស.រ.អា.​បាន​ប្រាប់​វីអូអេ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​តាម​អ៊ីម៉ែល​ថា៖ «បច្ចុប្បន្ននេះ​ FBI​ កំពុង​ចូលរួម​ជាមួយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​ហៃទី​និង​ដៃគូ​អនុវត្ត​ច្បាប់​របស់​យើង​ដើម្បី​កំណត់​វិធី​ល្អ​បំផុត​ដែល​យើង​អាច​គាំទ្រ​ដល់​ការ​ខិតខំ​នេះ»៕