ការស្ទង់​មតិថ្មី​ដោយ​ទីភ្នាក់ងារព័ត៌មាន​ថា លោក Joe Biden ឈ្នះ​ប្រធានាធិបតី​ត្រាំ​ច្រើន​លើសលុប

រូបភាពឯកសារ៖ អតីត​អនុប្រធានាធិបតី Joe Biden ពេល​កំពុង​ថ្លែង​នៅ​ Wilmington រដ្ឋ Delaware កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២០ និង​ប្រធានាធិបតី​ ត្រាំ នៅសេតវិមាន​ កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០២០។

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ នឹង​ឈ្នះប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូណាល់ ត្រាំ ដ៏​ច្រើនលើស​លុប ប្រសិនបើការបោះ​ឆ្នោត​ត្រូវបាន​ធ្វើនៅពេល​នេ។ នេះបើ​តាមការស្ទង់​មតិ​ថ្មីមួយ។

ការស្ទង់មតិ​ដោយទី​ភ្នាក់ងារ​ព័ត៌មាន Reuters មានអ្នកឆ្លើយ​តបចំនួន ៤៨​ភាគរយ ​និយាយ​ថា ពួកគេ​នឹង​បោះឆ្នោត​ឲ្យ​លោក Biden ហើយ ​៣៥ភាគ​រយ ​និយាយ​ថា គេនឹង​បោះឆ្នោត​ឲ្យ​ប្រធានា​ធិបតី​ត្រាំ។

ការស្ទង់មតិ​បង្ហាញថា មានការគាំ​ទ្រលោក​ប្រធានាធិបតី​ ត្រាំ ៤០​ភាគរយ ​ចំពោះ​ចំណាត់ការ​នៃ​ការ​ផ្ទុះ​ឡើង​មេរោគ​កូរ៉ូណា ដោយចំនួន ​៥៥ភាគរយ ​មិនគាំទ្រ​លោកប្រធានាធិបតី។

​និយាយរួម​ការស្ទង់មតិ​នោះ ផ្តល់ឲ្យ​លោកប្រធានា​ធិបតីនូវ​អត្រាគាំទ្រ​ចំនួន ៣៨​ភាគរយ។ ក៏ប៉ុន្តែ​មានព័ត៌មាន​ល្អខ្លះ​សម្រាប់​លោក​ប្រធានាធិបតី។ ការស្ទង់មតិ​របស់​ទីភ្នាក់​ងារព័ត៌មាន​បង្ហាញថា ​អ្នក​ឆ្លើយតប ជឿថា​លោក នឹង​ធ្វើឲ្យសេដ្ឋកិច្ច​ប្រសើរ​ជាង​លោក Biden ដោយ​មានសំឡេង​គាំទ្រ​ ៤៣​ភាគរយ ​ទល់​នឹង ៣៨​ភាគរយ។

ក្នុងការស្ទង់​មតិដាច់​ដោយឡែក​ដោយ​កម្មវិធី Change Research នៃ​បណ្តាញទូរទស្សន៍​ CNBC បាន​ប្រាប់ឲ្យ​ដឹងថា លោក Biden នាំមុខ​លោក​ប្រធានាធិបតី​ នៅក្នុងរដ្ឋ​ចំនួន៦​ ដែលមិនទាន់​សម្រេច​បោះឆ្នោត​ឲ្យបេក្ខជនណា ទំនង​ជាកំណត់​លទ្ធផល​នៃ​ការបោះឆ្នោតខែ​វិច្ឆិកា ​ដូចជារដ្ឋ​អារីហ្សូណា ​រដ្ឋ Florida រដ្ឋ Michigan រដ្ឋ North Carolina រដ្ឋ Pennsylvania និងរដ្ឋ Wisconsin។

ក៏ប៉ុន្តែ ការនាំមុខ​របស់​លោក Biden លើ​លោកប្រធានាធិបតី ​ត្រាំ នៅ​ក្នុងរដ្ឋ​ទាំងនោះ មានចំនួន​តិច​គឺ ៤៨ភាគរយ​ ទល់នឹង​ ៤៥ភាគ​រយ៕